COVID-19
អន្តរជាតិ
របាយការណ៍ថា កិច្ចសហការវ៉ាក់សាំងសកល Covax «បរាជ័យភាគច្រើន»
26, Oct 2021 , 8:29 pm        
រូបភាព
មន្ត្រី​ទទួល​ប្រអប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ Moderna នៅ​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។
មន្ត្រី​ទទួល​ប្រអប់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ Moderna នៅ​អាកាស​យានដ្ឋាន​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា កាលពី​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។
ដោយ: VOA
កាសែត The Financial Times និយាយថា កម្មវិធី Covax ដែលជាកិច្ចសហការជាសកលដើម្បីឱ្យប្រទេសក្រីក្រអាចទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩នោះ បានទទួល«បរាជ័យភាគច្រើន»។ កាសែតនេះ បានរាយការណ៍ថា «ប្រទេសមានៗ ទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន១៦ដងលើសប្រទេសក្រីក្រដែលពឹងផ្អែកលើកម្មវិធី Covax គាំទ្រដោយអង្គការសុខភាពពិភពលោក»។

 
មនុស្សរាប់លាននាក់នៅក្នុងប្រទេសក្រីក្របំផុតនៅលើពិភពលោក មិនទាន់បានចាក់វ៉ាក់សាំងដំបូងនៅឡើយ ខណៈប្រជាជននៅប្រទេសមានៗ អាចចាក់វ៉ាក់សាំងដូសជំរុញបន្ទាប់ពីបានចាក់ដំបូង។
 
កាសែត The Financial Times បានព្រមានថា ភាពខុសគ្នានេះ អាចនាំឱ្យមានកំណើនការឆ្លងនិងកំណើតមេរោគដែលកាន់តែកាចជាងមុន ហើយវានឹងបង្អាក់ការងើបឡើងវិញនៃសេដ្ឋកិច្ចសកល។
 
អគ្គនាយកអង្គការសុខភាពពិភពលោកបាននិយាយនៅថ្ងៃសុក្រថា ប្រទេសចំនួន៨២ មានហានិភ័យមិនអាចសម្រេចតាមគោលដៅរបស់អង្គការសុខភាពពិភពលោកដែលឱ្យប្រជាជន៤០% ក្នុងប្រទេសទាំងអស់ បានចាក់វ៉ាក់សាំងកូវីដ១៩នៅចុងឆ្នាំនេះ។ លោក Tedros Adhanom Ghebreyesus បាននិយាយថា «ចំពោះប្រទេសភាគច្រើន បញ្ហា គឺដោយសារការផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងមិនអាចទាយទុកជាមុនបាន»។
 
នៅដើមខែនេះ ចក្រភពអង់គ្លេសបានរាយការណ៍ចំនួនអ្នកស្លាប់ប្រចាំថ្ងៃច្រើនបំផុតទាក់ទងនឹងជំងឺកូវីដ១៩ ចាប់តាំងពីថ្ងៃទី៩ ខែមីនាមក។ ទីប្រឹក្សារដ្ឋាភិបាលម្នាក់ បានប្រាប់ទូរទស្សន៍ BBC នៅថ្ងៃសៅរ៍ថា ប្រជាជន ត្រូវចាប់ផ្តើមវិធានការបង្ការការចម្លងមេរោគ មិនគួររង់ចាំរដ្ឋាភិបាលនោះទេ។
 
នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson នៅតែបន្តច្រានចោលការអំពាវនាវឱ្យមានវិធានការរឹតបន្តឹងប្រឆាំងកូវីដ១៩ ដោយលោកនិយាយថា គ្មានការបង្ហាញថា ចាំបាច់ត្រូវមានវិធានការទាំងនោះ នៅក្នុងពេលប៉ុន្មានខែខាងមុខនេះទេ ទោះបីជាអង់គ្លេស កំពុងមានការកើនឡើងយ៉ាងខ្លាំងនៃការឆ្លងជំងឺកូវីដ១៩ក៏ដោយ។
 
ប្រទេសរុស្ស៊ី កំពុងរៀបចំបិទកន្លែងធ្វើការរយៈពេលមួយសប្តាហ៍ និងការបិទឡើងវិញមួយផ្នែក ដោយសារការកើនឡើងនៃការឆ្លង និងស្លាប់ទាក់ទងនឹងកូវីដ១៩។ ការស្លាប់ប្រចាំថ្ងៃដោយសារវីរុសនេះនៅប្រទេសរុស្ស៊ី បានកើនឡើងជាច្រើនសប្តាហ៍ ដោយសារតែអត្រាចាក់វ៉ាក់សាំងយឺតយ៉ាវ ការមិនអើពើចំពោះវិធានការការពារ និងការស្ទាក់ស្ទើររបស់រដ្ឋាភិបាលក្នុងការរឹតបន្តឹង។
 
មជ្ឈមណ្ឌល Johns Hopkins អំពីវីរុសកូរ៉ូណា បានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យថា នៅទូទាំងពិភពលោក ចំនួនឆ្លងសរុបមាន ២៤៣,៣ លានករណី និងមានអ្នកស្លាប់ជិត៥លាននាក់។  មជ្ឈមណ្ឌលនេះបាននិយាយថា វ៉ាក់សាំងចំនួន ៦,៧ ពាន់ លានដូស ត្រូវបានចាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com