ជាតិ
សង្គមជាតិ
លោក ម៉ៅ ធនិន ចេញបញ្ជា៖ ទូទាំងខេត្តកំពត មិនអនុញ្ញាតឲ្យសម្លាប់សត្វលក់ឡើយ នៅរៀងរាល់ថ្ងៃឧបោសថសីល
28, Oct 2021 , 1:45 pm        
រូបភាព
រូបលោក ម៉ៅ ធនិន ពីហ្វេសប៊ុករបស់លោក
រូបលោក ម៉ៅ ធនិន ពីហ្វេសប៊ុករបស់លោក
លោក ម៉ៅ ធនិន ដែលទើបទៅកាន់តំណែងជាអភិបាលខេត្តកំពត បានចេញបញ្ជាដ៏គួរចាប់អារម្មណ៍មួយដល់មហាជន នោះគឺហាមសត្តឃាតដ្ឋាន ឬកន្លែងសម្លាប់សត្វយកសាច់លក់ទាំងអស់ ក្នុងខេត្តកំពត មិនឲ្យសម្លាប់សត្វ នៅរៀងរាល់ថ្ងៃឧបោសថសីល។ លោក បានប្រាប់ទៅមន្ទីរកសិកម្មខេត្តកំពតរួចហើយ ដើម្បីឲ្យអនុវត្តបញ្ជានេះ។



ក្នុងឱកាសចុះសួរសុខទុក្ខអាជីវករ និងប្រជាជនទូទៅក្នុងផ្សារឈូក ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ លោក ម៉ៅ ធនិន ដែលហ៊ុមព័ទ្ធ និងទទួលស្វាគមន៍ដោយប្រជាជនចាស់ក្មេងជាច្រើន បានមានប្រសាសន៍ទៅកាន់លោកយាយ៤-៥នាក់នៅចំពោះមុខលោកថា៖«ជម្រាបជូនលោកយាយថា កន្លងមកនេះ ខ្ញុំ បានជូនដំណឹងទៅមន្ទីរកសិកម្មរួចហើយ រាល់ថ្ងៃឧបោសថសីល គ្រប់ថ្ងៃឧបោសថសីលទាំងអស់ ទូទាំងខេត្ត [កំពត] ខ្ញុំ បញ្ជាឲ្យគ្រប់កន្លែងសត្វឃាតទាំងអស់ ដែលពិឃាតសត្វយកសាច់ គឺហាមពិឃាតនៅថ្ងៃឧបោសថសីល។ បើចង់លក់ចង់ដូរអី អាហ្នឹងក្លាសេទុកទៅ ថ្ងៃឧបោសថសីល អត់ឲ្យ [សម្លាប់សត្វ] ទេ»។



ឧបោសថសីល គឺសំដៅលើសីល៨។ អ្នកកាន់ឧបោសថសីល គឺអ្នកកាន់សីល៨។ ថ្ងៃឧបោសថសីល គឺជាថ្ងៃដែលអ្នកកាន់សីល៨ ត្រូវអញ្ជើញទៅវត្តអារាម ដើម្បីសុំសីល៨ពីព្រះសង្ឃ ឬអាចនិមត្តព្រះសង្ឃទៅគេហដ្ឋាន ដើម្បីឲ្យព្រះអង្គ ប្រទានសីល៨។ មិនមែនតែអ្នកកាន់សីល៨ទេ អ្នកកាន់សីល៥ ក៏អញ្ជើញទៅវត្តអារាម សុំសីល៥ពីព្រះសង្ឃ ក្នុងថ្ងៃឧបោសថសីលដែរ។ ជារៀងរាល់៨ថ្ងៃ ឬជួនកាលត្រឹម៧ថ្ងៃ ទើបដល់ថ្ងៃឧបោសថសីលម្តង (ក្នុង១ខែ មានថ្ងៃឧបោសថសីល៤ដង)។

សីល៨ គឺ ១ ហាមសម្លាប់សត្វ ២ ហាមលួចទ្រព្យសម្បត្តិរបស់អ្នកដទៃ ៣ ហាមសេពកាមកាម ៤ ហាមពោលពាក្យកុហក ៥ ហាមសេពគ្រឿងស្រវឹង ៦ ហាមពិសាអាហារពេលផុតថ្ងៃត្រង់ នៅរៀងរាល់ថ្ងៃឧបោសថសីល ៧ ហាមរាំច្រៀង ហាមលេងល្បែងស៊ីសង ហាមតុបតែងកាយដោយកម្រងផ្កា ដោយគ្រឿងក្រអូប និង ៨ ហាមដេក ហាមអង្គុយលើទីសេនាសនៈ ដែលខ្ពស់ហួសប្រមាណ ឬល្អប្រសើរហួសប្រមាណ។

សីល៥ និងសីល៨ ជាទូទៅគឺប្រជាពុទ្ធបរិស័ទជាគ្រហស្ថ ជាអ្នកកាន់។ ចំណែកព្រះសង្ឃវិញ គឺកាន់សីលច្រើនជាងគ្រហស្ថ ដោយសាមណេរ កាន់សីល១០ ហើយព្រះភិក្ខុ កាន់សីល២១។ 

សូមបញ្ជាក់ថា ពីមុន លោក ម៉ៅ ធនិន គឺជាអភិបាលខេត្តពោធិ៍សាត់។ លោក ទើបនឹងត្រូវបានប្តូរឲ្យទៅកាន់តំណែងអភិបាលខេត្តកំពត នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២១នេះ។ លោក ទទួលបានការសរសើរថា ពូកែដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ។ វិធីដោះស្រាយរបស់លោក គឺយកតាមសម័យបុព្វកាល ដោយលោក បង្កើតវេទិកាសាធារណៈ ឲ្យប្រជាជនដែលមានបញ្ហាដីធ្លី ចូលដោះស្រាយជាមួយលោកផ្ទាល់តែម្តង។

សូម្បីសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏សរសើរ​វិធីដោះស្រាយបញ្ហាដីធ្លីរបស់លោក ម៉ៅ ធនិន ដែរ។ សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ថែមទាំងជំរុញឲ្យអភិបាលខេត្តដទៃ ពិចារណាយកពិធីរបស់លោក ម៉ៅ ធនិន ទៅដោះស្រាយបញ្ហាដីធ្លីជូនប្រជាជន៕

Tag:
 ម៉ៅ ធនិន
  ហាមសម្លាប់សត្វ
  ថ្ងៃឧបោសថសីល
© រក្សាសិទ្ធិដោយ thmeythmey.com