អត្ថបទពាណិជ្ជកម្ម
ពិធីចុះហត្ថលេខា រវាងដៃគូអាជីវកម្ម និង​ការបើកបង្ហាញនូវខ្សែច្រវាក់ផលិតកម្មស្រាបៀរហនុមាន-Premium Lager
28, Oct 2021 , 5:06 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី២៨ ខែតុលា​ ឆ្នាំ២០២១ -​ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស ​ឯ.ក បានរៀបចំប្រារព្ធពិធីជួបជុំដៃគូ អាជីវកម្មរបស់ខ្លួនជាលើកដំបូង នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ ៤ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីចុះហត្ថលេខា លើកិច្ចសហការជាផ្លូវការ ព្រមទាំងបើកបង្ហាញនូវខ្សែច្រវាក់ផលិតកម្ម របស់ខ្លួនជាលើកដំបូង ដល់ដៃគូចែកចាយស្រាបៀរហនុមានទូទាំងប្រទេស។ កម្មវិធីនេះ ក៏មានការសំណេះសំណាលជំនួបពិសេសក្នុងន័យផ្សារភ្ជាប់ និង​បង្កើនទំនាក់ទំនង ភាពជាដៃគូដ៏រឹងមាំ​ ក្នុងដំណើរការចែកចាយបន្តទៅដល់អតិថិជនទូទាំងប្រទេស ដើម្បីជំរុញបន្ថែមលើទំនុកចិត្តក៏ដូចជាប្រសិទ្ធភាព នៃកិច្ចសហការឆ្ពោះទៅភាពជោគជ័យប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពរួមគ្នា។
 
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មស្រាបៀរហនុមានរួចមក​​​ បណ្តាដៃគូអាជីវកម្មទាំងអស់ បានកោតសរសើរចំពោះទំនើបកម្ម និងភាពសម្រិតសម្រាំងយ៉ាងហ្មត់ចត់ ដ៏ល្អឥតខ្ចោះ នៃការផលិត​ស្រាបៀរ​ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ​ រហូតដល់ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ត្រឹមត្រូវ តាមបទដ្ឋានស្តង់ដារ មុននឹងចែកចាយនៅលើទីផ្សារ។​
 
ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស​ ឯ.ក​ ត្រូវបានបង្កើតឡើងដោយកូនខ្មែរ ជាមួយទុនវិនិយោគប្រមាណ ១៦០ លានដុល្លារ  ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ពីអឺរ៉ុប ស្របទៅតាមបទដ្ឋានស្តង់ដារលំដាប់ពិភពលោក ដោយមានសមត្ថភាពផលិតរហូតដល់ប្រមាណ ៣០លានកេស ក្នុងមួយឆ្នាំ ពោលគឺនឹងផ្តល់ឱកាសការងារប្រមាណជាង ១ ៦០០កន្លែង ព្រមជាមួយការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា  ស្របជាមួយទិសដៅរបស់រាជរដ្ឋាភិបាល ដែលបាន និងកំពុងជំរុញដល់ការបង្កើនវិស័យឧស្សាហកម្មផលិតក្នុងស្រុក។​
 
លោក Chas GESCHKE  នាយកប្រតិបត្តិក្រុមហ៊ុនហនុមានប៊ែវើរីជីស ​បានមានប្រសាសន៍ថា៖ “បន្ទាប់ពីការសាងសង់អស់រយៈពេលជាងពីរឆ្នាំ យើងបានឆ្លងកាត់នូវឧបសគ្គជាច្រើន ក្នុងស្ថានភាពការរីករាលដាល នៃជំងឺ កូវីដ-១៩ ដែលបានជះឥទ្ធិពល ដល់ល្បឿននៃការសាងសង់របស់យើង។ យ៉ាងណាមិញ ក្រុមហ៊ុនបានខិតខំស្វែងរក ដំណោះស្រាយក្នុងការជំរុញដំណាក់កាលនីមួយៗ បន្តទៅមុខជានិច្ច។ ទីបំផុតយើងសម្រេច បាននូវគោលដៅដំបូងរបស់ក្រុមហ៊ុន។ យើងពិតជាមោទកភាព ក្នុងការទទួលបានជោគជ័យ នៃការផលិតនូវផលិតផលដំបូងរបស់យើង គឺស្រាបៀរហនុមាន-Hanuman Premium Lager ព្រមទាំងបានចែកចាយលើទីផ្សារកាលពីថ្មីៗនេះ ។​ លោកក៏បានបន្តទៀតថា៖ “នេះទើបតែជាការចាប់ផ្តើមប៉ុណ្ណោះ យើងនឹងមានផលិតផលសក្តានុពលជាច្រើនទៀត​ នាពេលដ៏ខ្លីខាងមុខនេះ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ដែលតែងតែទន្ទឹងរង់ចាំ នូវផលិតផលថ្មីប្លែក ហើយមានគុណភាពពិតប្រាកដ”។
 


លោកស្រី ខៀវ សស៊ីលៀប ស្ថាបនិកា និងអគ្គនាយិកាក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏បានមានប្រសាសន៍ដែរថា៖ ផលិតផលដំបូងរបស់យើង ទទួលបានការគាំទ្រពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនប្រជាជនកម្ពុជា​ និង​ភ្ញៀវអន្តរជាតិ អំពីរសជាតិដ៏ឆ្ងាញ់ គុណភាពល្អ និងមានរូបរាងគួរឲ្យទាក់ទាញ ដែលនេះជាសមិទ្ធផលផ្លែផ្កាដ៏វិសេសវិសាលដំបូង សម្រាប់ក្រុមហ៊ុន​។ ​
 


លោកស្រី ក៏បានបន្ថែមថា៖ ក្រុមហ៊ុនមានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយវិសាលភាព។​ យើងផ្តោតសំខាន់លើ ឧត្តមភាព នៃគុណតម្លៃ ក្នុងការផ្តល់បរិយាកាសការងារល្អ ដល់បុគ្គលិក ស្ថិរភាពលើគុណភាពផលិតផល ក៏ដូចជាការគាំទ្រលើយុទ្ធសាស្រ្តល្អៗ ដើម្បីនិរន្តរភាព ដល់ការពង្រីកអាជីវកម្មជាចម្បង ជាពិសេសគឺជំរុញបន្ថែម លើការកសាងគុណភាពម៉ាកសញ្ញាកូនខ្មែរ ទៅកាន់សកលលោក៕
 











(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com