ជាតិ
សេដ្ឋកិច្ច
អតិថិជនក្រុមហ៊ុនGFX បាត់ទំនុកចិត្តលើអាជ្ញាប័ណ្ណនិយ័តករកម្ពុជា ក្រោយគ្មានដំណោះស្រាយសមរម្យ
29, Oct 2021 , 10:56 am        
រូបភាព
រូបពីគណនីហ្វេសបុកឈ្មោះ សំឡេងជនរងគ្រោះ ដោយសារក្រុមហ៊ុន GFX Investment
រូបពីគណនីហ្វេសបុកឈ្មោះ សំឡេងជនរងគ្រោះ ដោយសារក្រុមហ៊ុន GFX Investment
ដោយ៖ វ៉ា សុភានុត 

អតិថិជន ឬអ្នកវិនិយោគិន ដែលមានបញ្ហាជាមួយក្រុមហ៊ុន GFX Investment លែងហ៊ានវិនិយោគលើការជួញដូរឧបករណ៍និស្សន្ទ នៅក្រុមហ៊ុនផ្សេងៗទៀតទេ ក្រោយគ្មានដំណោះស្រាយសមរម្យ សម្រាប់ពួកគេអាចទទួលយកបាន។ ពួកគេ អះអាងថា ខ្លួនក៏បាត់ទំនុកចិត្តលើអាជ្ញាប័ណ្ណនិយ័តករកម្ពុជាដែរ។

 
លោក ឈុន សុធី មានស្រុកកំណើតនៅខេត្តកំពត ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា លោកសម្រេចចិត្តវិនិយោគជាមួយក្រុមហ៊ុនGFX ដោយលោកសម្លឹងឃើញក្រុមហ៊ុនមួយនេះ មានអាជ្ញាប័ណ្ណចេញពីនិយ័តករកម្ពុជា ដែលអាចគួរឱ្យជឿទុកចិត្ត។ ប៉ុន្តែការគិតរបស់លោក បែរជាខុសអស់ក្រោយមានបញ្ហាវិនិយោគ ជាមួយក្រុមហ៊ុនGFX។
 
លោក ឈុន សុធី បានទន្ទឹងរង់ចាំដំណោះស្រាយឱ្យបានសមរម្យ អស់រយៈពេល៧ខែមកហើយ។ លោកហាក់អស់សង្ឃឹម ជាមួយក្រុមហ៊ុនGFX ជាពិសេសនិយ័តករមូលបត្រកម្ពុជា ដែលជាស្ថាប័នមានសមត្ថកិច្ចលើករណីនេះ។ លោក សុធី និយាយថា៖ «យើងមិនដឹងថាសង្ឃឹមលើអីទៀត សង្ឃឹមថាឡាយសិន [license] សង្ឃឹមថាការអនុញ្ញាតច្បាប់ ពីអាណាព្យាបាលពីអង្គភាពដែលគាត់មានសិទ្ធិក្នុងការចេញអាជ្ញាប័ណ្ណឱ្យហ្នឹង។ ដល់ពេលចឹង យើងមិនដឹងថាមានជំនឿចិត្តរបៀបម៉េចឥលូវនេះ»។ 
 
បុរសវ័យ ៤២ ឆ្នាំរូបនេះ និងក្រុមគ្រួសារ កាលពីអំឡុងឆ្នាំ២០១៨ បានបណ្ដាក់ទុនរួមគ្នា សរុបជាទឹកប្រាក់ ៣០ម៉ឺនដុល្លារ ក្នុងក្រុមហ៊ុន GFX ។ ប៉ុន្តែនៅពេលមានបញ្ហាវិនិយោគនេះ ស្រាប់តែភាគីខាងក្រុមហ៊ុន ផ្ដល់សំណងត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ។ លោក សុធី ចាត់ទុកថា ការផ្ដល់សំណងនេះ វាមិនសមរម្យទាល់តែសោះ។  
 
«[វិនិយោគក្រុមហ៊ុនផ្សេង] រាងចាលហើយ លែងដាក់ហើយ។ យើងមើលក្រុមហ៊ុនប៉ុនណា? ក្រុមហ៊ុនសុទ្ធតែមានកូនចៅថ្នាក់ដឹកនាំ ហើយនៅមានបញ្ហាដល់អតិថិជនអ៊ីចឹង ហើយយើងទៅដាក់ក្រុមហ៊ុនដទៃទៀត រឹតតែអស់ជំនឿទៅទៀតអ៊ីចឹង»។ នេះជាការលើកឡើងរបស់អ្នកខេត្តកំពតរូបនេះ។
 
អតិថិជនមួយរូបទៀត លោក សុខ ខេម ជាបុគ្គលិកធនាគារឯកជនមួយ បានបង្ហាញពីគោលជំហរទាមទារប្រាក់ទាំងអស់របស់លោក ត្រឡប់មកវិញ បើទោះជាត្រូវប្រើរយៈពេលយូប៉ុនណាក៏ដោយ។ លោក ខេម និយាយដូច្នេះថា៖ «[និយ័តករកម្ពុជា] គាត់ធ្វើការដដែល គាត់អត់មានចេញជាលិខិតផ្លូវការណាមួយ ដើម្បីផ្ដល់ក្ដីសង្ឃឹមឱ្យជនរងគ្រោះមានសង្ឃឹម មានទំនុកចិត្ត ថាស្ថាប័នរដ្ ឋដែលគាត់ទទួលខុសត្រូវលើរឿងនេះ គឺគាត់នឹងដោះស្រាយជូនយើង គឺគាត់អត់មានសោះហ្មង»។
 
អតិថិជន GFX ម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោក កំពុងរង់ចាំមើល ការបញ្ចេញថ្វីដៃពីខាងនិយ័តករកម្ពុជា ចំពោះការរកដំណោះស្រាយលើវិវាទនេះ។ «ខ្ញុំមិនទាន់បានដំណោះស្រាយ ពីនិយ័តករកម្ពុជា។ អ៊ីចឹងអ្វីដែលខ្ញុំអាចនិយាយបាន គឺខ្ញុំរង់ចាំមើលដំណោះស្រាយពីនិយ័តករកម្ពុជា។ តើគាត់ដោះស្រាយរបៀបម៉េច បន្ទាប់ពីដំណោះស្រាយបានហើយ ទើបអាចនិយាយបានថាយើងគួរ [វិនិយោគ] បន្តឬមិនបន្ត។ បច្ចប្បន្ននេះ គឺខ្ញុំហាមដាច់ខាតមិនឱ្យបងប្អូន មិត្តភក្តិ មិនឱ្យគាត់វិនិយោគលើនេះទៀតទេ ដោយសារស្ថិតនៅក្នុងរឿងដែលចម្រូងចម្រាស់»។ នេះជាការលើកឡើងរបស់អតិថិជនក្រុមហ៊ុន GFX។
 
ក្រុមហ៊ុន GOLDFX Investment ជាក្រុមហ៊ុនភ្នាក់ងារឈ្មួញជើងសារឧបករណ៍និស្សន្ទ ដែលទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ ពីនិយ័តករមូលបត្រកម្ពុជា។ កាលពីដើមឆ្នាំ២០២១ ក្រុមហ៊ុន GFX បានប្រកាសផ្អាកដំណើរការប្រតិបត្តិការជួញដូររបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុននេះបានរកឃើញបុគ្គលិកជនបរទេស ដែលជាគណៈគ្រប់គ្រងនៅក្នុងក្រុមហ៊ុន ​កិបកេងប្រាក់របស់ក្រុមហ៊ុន ប្រមាណ៣០លានដុល្លារ។
 
សារព័ត៌មានថ្មីៗ មិនអាចសុំមការបកស្រាយពីលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក​និយ័តករមូលបត្រកម្ពុជា បាននោះទេ ដោយពុំមានអ្នកលើកទូរស័ព្ទ។
ដោយឡែក លោក ឈាង គ្រីស្តុហ្វ បុគ្គលិកនៃក្រុមហ៊ុនGFX បានថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗថា រាល់ចម្ងល់អ្វីមួយ អ្នកសារព័ត៌មានអាចទៅសួរនាំដល់ ក្រុមហ៊ុនដោយផ្ទាល់បាន។ សារព័ត៌មានថ្មីៗ កំពុងរៀបចំសំណួរ ដើម្បីជួបសាកសួរក្រុមហ៊ុនផ្ទាល់តែម្ដង។
 
ក្រោយមកអតិថិជន ឬអ្នកវិនិយោគិនជាមួយក្រុមហ៊ុននេះ បានធ្វើយុទ្ធនាការទាមទារប្រាក់របស់ខ្លួន ដែលបាត់បង់តាមបណ្ដាញសង្គម តាមរយៈការតវ៉ានៅពីមុខក្រុមហ៊ុន ទៅកាន់ស្ថាប័នរដ្ឋនានា ជាពិសេសការចូលអត្ថាធិប្បាយ (Comment) ក្នុងហ្វេសប៊ុកថ្នាក់ដឹកនាំកម្ពុជាផងដែរ។
 
កាលពីខែកញ្ញា ឆ្នាំ២០២១ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ឱ្យប្រជាពលរដ្ឋ ដែលអះអាងថាជាជនរងគ្រោះទាំងនោះ ប្ដឹងក្រុមហ៊ុន GFX ទៅតុលាការ ប្រសិនបើការសម្របសម្រួលមិនត្រូវរ៉ូវគ្នា។

កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ ក្រុមហ៊ុន GFX បានបញ្ចប់​ដំណោះស្រាយក្នុងការផ្ដល់សាច់ប្រាក់ដល់អតិថិជន ដែលថវិកានេះត្រូវបានពលរដ្ឋដែលជាអ្នកវិនិយោ​ថា ត្រឹមតែ៣០ភាគរយ នៃប្រាក់ដើមប៉ុណ្ណោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com