ជាតិ
ពីនេះ ពីនោះ
វីដេអូ
លោក ឃឹម ហ្វីណង់៖ រង្វង់មូលបន្ទាយស្រីប្រែពីទីទើសភ្នែកអ្នកដំណើរ ទៅជាទីមានជីវិតរស់រវើក
30, Oct 2021 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ « បរិមណ្ឌលបន្ទាយស្រី​​ » ឬប្រជាជនតែងហៅថារង្វង់មូលបន្ទាយស្រីបានប្រែក្លាយពីទើសភ្នែកអ្នកដំណើរ ព្រោះទំហំដ៏ធំនៃរង្វង់មូលមួយនេះទៅជារង្វង់មូលមានជីវិត។ បើតាម លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីរង្វង់មូលទំហំប្រមាណ ២ហិកតា បានក្លាយជាកន្លែងដាំស្រូវ យកទិន្នផលដើម្បីផ្គត់ផ្គង់ដល់អ្នកខ្វះខាត ក្នុងស្រុកបន្ទាយស្រី។


សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាស រវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដូចតទៅ៖
 
 
លោក ឃឹម ហ្វីណង់ ដែលកាន់តំណែងជាអភិបាលស្រុកបន្ទាយស្រីរយៈពេល២ឆ្នាំមកនេះ បានប្រែក្លាយរង្វង់មូលបន្ទាយស្រី ដែលជាកន្លែងទើសភ្នែកអ្នកដំណើរឱ្យក្លាយជាទីទាក់ទាញទៅវិញ។ ដំបូងឡើយ អភិបាលស្រុករូបនេះ បានដាំផ្កានិងរៀបចំជាសួនសម្រាប់ ឱ្យអ្នកដំណើរគយគន់។ បន្ទាប់មកទៀតដោយមើលឃើញពីអត្តប្រយោជន៍នៃបរិមណ្ឌលទំហំប្រមាណ ២ហិកតានោះ លោក ឃឹម ហ្វីណង់បានសម្រេចចិត្តកែប្រែ ទីតាំងនេះជាកន្លែងដាំស្រូវ។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey25នៅភូមិព្រះដាក់ លោក ឃឹម ហ្វីណង់ បានរៀបរាប់ថា លោកបានមើលឃើញនៅរង្វង់មូលនៅកណ្ដាលស្រុកបន្ទាយស្រី គ្មានសណ្ដាប់ធ្នាប់ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ស្រុកជាខ្លាំង ខណៈបន្ទាយស្រី ជាស្រុកទេសចរណ៍។ ជាពិសេសលោកបារម្ភថា នឹងអាចមានការទន្ទ្រានយកដីធ្វើកម្មសិទ្ធផងដែរ។ 

លោក ឃឹមហ្វីណង់ បន្តដូច្នេះថា៖ «ដោយមើលឃើញពីបញ្ហាទាំងអស់នេះយើងក៏ចាប់ផ្ដើមបម្លែង វាឱ្យមានប្រយោជន៍។ ដំបូង យើងមានជម្រើសច្រើនដោយយើងគិតថាបង្រួមរង្វង់មូលនេះ ប៉ុន្តែយើងត្រូវការថវិកាច្រើនហើយយើងក៏ត្រូវធ្វើផ្លូវសារថ្មី ។ អ៊ីចឹងយើងក៏ប្រែកន្លែងនោះជាសួនច្បារជាបន្តបន្ទាប់ ដំបូងយើងដាំស្មៅ ក្រោយមកយើងដាំផ្កា។ ការសម្រេចចុងក្រោយយើងចង់ឱ្យសួនច្បារមានជីវិត បានន័យថាវារស់ ហើយប្ដូរតាមរដូវកាល។​ បច្ចុប្បន្នយើងបានដាំស្រូវព្រោះជារដូវវស្សាងាយស្រួលដាំ»។

ក្រៅពីផ្ដល់សោភ័ណ្ឌភាពដល់បរិមណ្ឌលបន្ទាយស្រីទិន្នផលស្រូវទាំងអស់នោះនឹងផ្ដល់ដង្ហើមដល់ប្រជាជនដែលមានជីវភាពខ្វះខាតក្នុងស្រុកបន្ទាយស្រី ។ បន្ទាប់ពីប្រមូលផលស្រូវរួច លោក ឃឹម ហ្វីណង់នឹងដាំផ្កាវិញនៅរង្វង់មូលបន្ទាយស្រីនេះវិញ ដើម្បីឱ្យមានភាពទាក់ទាញគ្រប់រដូវនិងខុសប្លែកពីគ្នា៕
 
 

Tag:
 ThmeyThmey25
  រង្វង់មូលបន្ទាយស្រី
  សម្ភាស
  វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com