អន្តរជាតិ
ការឈានជើងចូលរបស់ចិនក្នុងវិស័យឌីជីថលនៅទ្វីបអាហ្រ្វិកធ្វើឲ្យអ្នកជំនាញព្រួយបារម្ភ
31, Oct 2021 , 8:29 am        
រូបភាព
បុគ្គលោកក្រុមហ៊ុនកំពុងធ្វើការក្នុងរោងចក្រផលិតទូរស័ព្ទដៃរបស់ក្រុមហ៊ុន Hawei នៅក្រុង Dongguan ខេត្ត Guangdong ប្រទេសចិន។
បុគ្គលោកក្រុមហ៊ុនកំពុងធ្វើការក្នុងរោងចក្រផលិតទូរស័ព្ទដៃរបស់ក្រុមហ៊ុន Hawei នៅក្រុង Dongguan ខេត្ត Guangdong ប្រទេសចិន។
ដោយ: VOA
ចិនបាននាំមុខនៅក្នុងវិស័យអភិវឌ្ឍបច្ចេកវិទ្យាបញ្ញានិម្មិត និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅទ្វីបអាហ្វ្រិក។

 
កាលពីខែកក្កដា ឆ្នាំ២០២០ ប្រទេសកាមេរ៉ូនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ចិន ដើម្បីបំពាក់គ្រឿងសម្ភារៈនៅមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យរបស់រដ្ឋាភិបាល។ កាលពីឆ្នាំ ២០១៩ ប្រទេសកេនយ៉ាត្រូវបានគេរាយការណ៍ថា បានចុះហត្ថលេខាជាមួយក្រុមហ៊ុនដដែលនេះ ដើម្បីដាក់ចេញនូវបច្ចេកវិទ្យាទីក្រុងឆ្លាតវៃនិងបច្ចេកវិទ្យាតាមដានដែលមានតម្លៃ ១៧៤ លានដុល្លារអាមេរិក។
 
ការសិក្សាមួយដោយវិទ្យាស្ថានសិក្សាគោលនយោបាយ Atlantic Council បានរកឃើញថា ក្រុមហ៊ុន Huawei បានផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិត 3G ចំនួន ៣០ភាគរយ និង 4G ៧០ភាគរយ នៅទ្វីបអាហ្វ្រិក។
 
លោក Eric Olander គឺជានិពន្ធនាយកផ្នែកគ្រប់គ្រងនៃអង្គការ China Africa Project ដែលជាប្រព័ន្ធផ្សព្វផ្សាយមួយពិនិត្យមើលលើសកម្មភាពរបស់ចិននៅក្នុងទ្វីបអាហ្វ្រិក។ លោកថ្លែងថា ការវិនិយោគរបស់ចិនកំពុងតែជួយឲ្យទ្វីបអាហ្វ្រិករីកចម្រើន។
 
លោកបានថ្លែងថា៖ «ឧបករណ៍ផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិតគឺមានសារៈសំខាន់ខ្លាំង ហើយជាពិសេសតាមរយៈក្រុមហ៊ុន Huawei ចិនបាននាំយកប្រព័ន្ធគ្រប់គ្រងបណ្តាញអ៊ីនធឺណិតរួមគ្នា ជាមួយនឹងកម្ចីគាំទ្រដោយរដ្ឋចិន។ ហើយនេះជាការរួមបញ្ចូលគ្នាដែលបានបង្ហាញថា មានប្រសិទ្ធភាពខ្ពស់។ ដូច្នេះ រដ្ឋាភិបាលប្រទេសជាច្រើនដែលមិនមានលទ្ធភាពដំឡើងបណ្តាញអ៊ីនធឺណិត 4G និង 5G បានពួកគេអាចទទួលបានកម្ចីសម្បទានពីធនាគារ China Exim Bank ដែលត្រូវបានប្រើប្រាស់ ហើយទិញគ្រឿងសម្ភារៈរបស់ក្រុមហ៊ុន Huawei»។
 
ទិន្នន័យប្រមូលបានពីវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយយុទ្ធសាស្រ្តអូស្រ្តាលី ដែលជាអង្គការស្រាវជ្រាវផ្នែកការពារជាតិ និងគោលនយោបាយនៅទីក្រុង Canberra បង្ហាញថា ចិនបានបង្កើតគម្រោងបច្ចេកវិទ្យាចំនួន ២៦៦ នៅទ្វីបអាហ្វ្រិក ដែលរួមមានចាប់ពីបណ្តាញអ៊ីនធឺណិត 4G និង 5G រហូតដល់ការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យ និងគម្រោងទីក្រុងឆ្លាតវៃ ដែលធ្វើទំនើបកម្មលើមណ្ឌលផែនការនិងគោលនយោបាយក្រុង និងកម្មវិធីអប់រំជាដើម។
 
ប៉ុន្តែស្របពេលដែលបច្ចេកវិទ្យាថ្មីបានជួយជំរុញទំនើបកម្មនៅទ្វីបអាហ្វ្រិក អ្នកជំនាញមួយចំនួននិយាយថា ការណ៍នេះអាចបង្កផលវិបាកមកវិញ ដោយមិនត្រូវបានវាស់វែងក្នុងទំហំជាទឹកប្រាក់នោះទេ។
 
ចិនបានផ្តល់កម្ចីឲ្យរដ្ឋាភិបាលអេត្យូពីជាង ៣ពាន់លានដុល្លារ ដើម្បីដំឡើងប្រព័ន្ធឌីជីថលរបស់ខ្លួន។ តែក្រុមអ្នករិះគន់និយាយថា ថវិកានោះបានជួយឲ្យរដ្ឋាភិបាលអេត្យូពីពង្រីកការដឹកនាំប្រទេសបែបផ្តាច់ការ និងគ្រប់គ្រងលើអ្នកប្រើប្រាស់បណ្តាញទូរគមនាគមន៍ទៅវិញ។
 
យោងតាមការស៊ើបអង្កេតមួយដោយសារព័ត៌មាន The Wall Street Journal បច្ចេកវិទ្យាក្រុមហ៊ុន Huawei បានជួយឲ្យរដ្ឋាភិបាលអ៊ូហ្គាន់ដា និងសំប៊ី ធ្វើចារកម្មលើក្រុមអ្នករិះគន់រដ្ឋាភិបាល។ នៅឆ្នាំ ២០១៩ អ៊ូហ្គាន់ដាបានទទួលប្រាក់រាប់លានដុល្លារសម្រាប់ទិញបច្ចេកវិទ្យាឃ្លាំមើលមួយពីក្រុមហ៊ុន Huawei ដែលត្រូវបានប្រើប្រាស់ដើម្បីបង្ក្រាបបទឧក្រិដ្ឋកម្មនៅក្នុងទីក្រុង។
 
ប៉ូលិសនៅអ៊ូហ្គាន់ដាបានសារភាពថា ពួកគេបានប្រើប្រាស់ប្រព័ន្ធកំណត់ផ្ទៃមុខដែលត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Huawei ដើម្បីចាប់ខ្លួនក្រុមអ្នកគាំទ្រគណបក្សប្រឆាំងជាង ៨០០នាក់ កាលពីឆ្នាំមុន។
 
លោក Bulelani Jili គឺជាអ្នកស្រាវជ្រាវផ្នែកសន្តិសុខប្រព័ន្ធអ៊ីនធឺណិតមួយរូប ប្រចាំមជ្ឈមណ្ឌល Belfer Center នៃសាកលវិទ្យាល័យ Harvard។ លោកនិយាយថា ពលរដ្ឋអាហ្វ្រិកត្រូវតែដឹងពីហានិភ័យផ្សេងៗ ពាក់ព័ន្ធនឹងក្រុមហ៊ុនបច្ចេកវិទ្យាចិនទាំងនោះ។
 
លោកបានថ្លែងថា៖ «ចាំបាច់ត្រូវមានការដឹងឮនិងការយកចិត្តទុកដាក់ជាសាធារណៈឲ្យបានទូលំទូលាយជាងនេះលើបញ្ហានេះ ពីព្រោះមួយផ្នែក វាគឺជាចំណុចវាស់វែងដ៏សំខាន់មួយទាំងលើការអភិវឌ្ឍ ក៏ដូចជាទំនាក់ទំនងអាហ្រ្វិក-ចិន ដែលកំពុងបន្តទៅមុខ.... យើងគួរតែគិតអំពីឯករាជ្យភាពនៃទិន្នន័យដែលជាកត្តាដ៏ចម្បងមួយនាពេលខាងមុខ»។
 
លោក Jili បានបន្តថា ការចែករំលែកទិន្នន័យនឹងបង្កបញ្ហាប្រឈមកាន់តែច្រើនជាងមុនសម្រាប់ទំនាក់ទំនងរវាងទ្វីបអាហ្រ្វិកនិងចិន។
 
លោកបានថ្លែងថា៖ «មានការចោទសួរជាសំណួរអំពីសន្តិសុខរបស់ទិន្នន័យ ជាពិសេសទិន្នន័យត្រូវបានគ្រប់គ្រង អ្នកដែលមានកម្មសិទ្ធិគ្រប់គ្រងទិន្នន័យ និងការពឹងផ្អែករបស់រដ្ឋាភិបាលលើក្រុមហ៊ុនឯកជនដើម្បីទាញយកបច្ចេកទេសក្នុងការផ្គត់ផ្គង់សេវារដ្ឋបាលសាធារណៈមួយចំនួន មកប្រើប្រាស់»។
 
អង្គការ Privacy International ដែលមានមូលដ្ឋាននៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស ឲ្យដឹងថា បណ្តាប្រទេសនៅទ្វីបអាហ្រ្វិកយ៉ាងហោចណាស់ ២៤ មានច្បាប់ដែលការពារទិន្នន័យឯកជនរបស់ពលរដ្ឋ។ ប៉ុន្តែក្រុមអ្នកជំនាញថា ភាគច្រើននៃច្បាប់នោះមិនត្រូវបានអនុវត្តនោះទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com