ជាតិ
លោក ឃឹម ហ្វីណង់៖ ការអភិវឌ្ឍស្រុកបន្ទាយស្រី គឺមិនអាចយកគំរូតាមប្រទេសណាឡើយ
31, Oct 2021 , 8:59 am        
រូបភាព
ដោយ:
សៀមរាប៖ លោក ឃឹម ហ្វីណង់ បានឡើងកាន់តំណែងជាអភិបាលស្រុកបន្ទាយស្រី ក្នុងឆ្នាំ២០១៩ ។ កេរ្តិ៍ឈ្មោះអភិបាលស្រុកវ័យក្មេងរូបនេះមានភាពល្បីល្បាញគួរឱ្យកត់សម្គាល់ លើការ គ្រប់គ្រងបរិស្ថាន អភិវឌ្ឍទេសចរណ៍ និងកសិកម្ម។ ទោះមានប្រវត្តិសិក្សាពីបរទេស តែលោកអះអាង ការគ្រប់គ្រងស្រុកបន្ទាយស្រី គឺមិនបានយកគំរូពីប្រទេសណាឡើយ។

 
សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាស រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដូចតទៅ៖

 
 
បន្ទាប់ពីកាន់តំណែង ជាអភិបាលស្រុករយៈពេល ២ឆ្នាំ លោក ឃឹម ហ្វីណង់ បានផ្ដល់មុខមាត់ថ្មីមួយដល់ស្រុកបន្ទាយស្រី ជាពិសេសរបៀបរៀបរយនៃបរិស្ថាន។ ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកមួយនេះ បានទាក់ទាញការចាប់អារម្មណ៍ជាខ្លះពីសំណាក់មហាជន។ អភិបាលស្រុកវ័យក្មេងរូបនេះ មានគោលការណ៍អភិវឌ្ឍស្រុកបន្ទាយស្រី ប្រកបដោយចីរភាព មានន័យថា អភិវឌ្ឍដោយមិនបង្ករវិនាសកម្មនាពេលអនាគត។ 
 
លោក ឃឹម ហ្វីណង់ ដែលមានប្រវត្តិសិក្សាអនុបណ្ឌិត ពីសាកលវិទ្យាល័យមួយ នៅសហរដ្ឋអាមេរិក ប៉ុន្តែអភិបាលស្រុករូបនេះ មិនបានយកគំរូការគ្រប់គ្រងពីបរទេស មកអនុវត្តនៅស្រុកបន្ទាយស្រីឡើយ។ លោក ឃឹម ហ្វីណង់ បញ្ជាក់ដូច្នេះថា៖ « ខ្ញុំជឿថាយើងមិនអាចយកគំរូប្រទេសណា យកមកដាក់ក្នុងស្រុកបន្ទាយស្រីបានទេ។ យើងមានគំរូ មេរៀនល្អៗ ដែលរៀនពីប្រទេសដទៃ ប៉ុន្តែកន្លែងណាក៏ដោយ វាមានស្ថានភាពរបស់វាខុសគ្នា។ ដូច្នេះយើងត្រូវសម្របសម្រួល ហើយរើសយកអ្វី ដែលអាចអនុវត្តបានក្នុងតំបន់ »។
 
ការអភិវឌ្ឍ ការថែរក្សាបរិស្ថាន បង្កើតមុខរបរថ្មី ក៏ត្រូវមានការចូលរួមពីប្រជាជនក្នុងមូលដ្ឋានផងដែរ។ ត្រង់ចំណុចនេះ លោក ឃឹម ហ្វីណង់ អះអាងថា លោកក៏មិនអាចយកការអភិវឌ្ឍភូមិមួយបានជោគជ័យ ទៅអភិវឌ្ឍភូមិមួយទៀតបានដែរ ព្រោះវាអាស្រ័យលើ ស្ថានភាព និងរបៀបរស់នៅរបស់ប្រជាជន។ លោកបន្តថា លោកកំពុងសិក្សាពីការគ្រប់គ្រងបរិស្ថាន តាមរយៈការស្វែងយល់ពីបរិបទរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីអប់រំ ផ្សព្វផ្សាយ ឱ្យពួកគេមានទំនួលខុសត្រូវលើបរិស្ថាន ជុំវិញផ្ទះរបស់ខ្លួន និងមូលដ្ឋានរស់នៅ។ 
 
ទោះបច្ចុប្បន្ន ស្រុកបន្ទាយស្រី មានភាពល្បីល្បាញ ប៉ុន្តែលោក ឃឹម ហ្វីណង់ យល់ថា ស្រុកបន្ទាយស្រីនៅមានបញ្ហាប្រឈមជាច្រើនទៀតដែលត្រូវការដោះស្រាយ។ « យើងនៅមានបញ្ហាប្រឈមច្រើននៅតាមមូលដ្ឋាន ដែលយើងត្រូវដោះស្រាយ ទាំងការងារសង្គម ការប្រឈមនៃជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងបញ្ហាប្រឈមនេះ យើងក៏ត្រូវការធនធានមនុស្ស។ បច្ចុប្បន្នធនធានមនុស្សនៅមានកម្រិត ដែលទាមទារឱ្យយើងមានការច្នៃប្រឌិត ធ្វើយ៉ាងណាឱ្យពួកគាត់មានលទ្ធភាព អភិវឌ្ឍទៅមុខជាមួយគ្នា »។ នេះជាការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ ៕ 
 

Tag:
 ឃឹម ហ្វីណង់
  សម្ភាស
  វីដេអូ
  បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com