ជាតិ
មេប៉េអឹមក្រុងក្រចេះ ត្រូវបានឃាត់ខ្លួនពីបទប្រើហិង្សាលើកូនឈ្នួល
30, Oct 2021 , 9:43 pm        
រូបភាព
រូបភាពលោក  ទេព  ហ៊ុយ មេបញ្ជាការ មូលដ្ឋាន កង រាជ អាវុធ ហត្ថ ក្រុង ក្រចេះ
រូបភាពលោក ទេព ហ៊ុយ មេបញ្ជាការ មូលដ្ឋាន កង រាជ អាវុធ ហត្ថ ក្រុង ក្រចេះ
ភ្នំពេញ៖ លោក ទេព ហ៊ុយ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ត្រូវបានឃាត់ខ្លួន ដោយសារប្រើអំពើហិង្សាលើក្មេងស្រីដែលជាកូនឈ្នួល។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសចេញផ្សាយថ្ងៃទី៣០ តុលានេះ។



នៅថ្ងៃទី៣០ តុលានេះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ទេព ហ៊ុយ ដែលជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ ក្រោយប្រើអំពើហិង្សាលើកូនឈ្នួល។ ក្រៅពីឃាត់បុរសខាងលើ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏បានឃាត់ខ្លួនបុគ្គលដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេះផងដែរ។
 
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ទេព ហ៊ុយ បានប្រព្រឹត្តអំពើហិង្សាលើក្មេងស្រី ជាកូនឈ្នួលបម្រើនៅផ្ទះ បណ្ដាលឱ្យរងរបួស ខណៈបច្ចុប្បន្នកំពុងព្យាបាលនៅមន្ទីរពេទ្យ។ តាមរយៈវីដេអូឃ្លីបដែលផ្សាយលើ Fresh News ម្ដាយក្មេងស្រីរងគ្រោះរៀបរាប់ដូច្នេះ៖ «កូនខ្ញុំប្រាប់ខ្ញុំថា គេទះកំផ្លៀង២ដៃ គេយកជើងមាវ៉ៃក្បាល និងគេឱ្យស៊ីលាមកឆ្កែ»។ បើតាមម្ដាយក្មេងរងគ្រោះ បុរសឈ្មោះ ទេព ហ៊ុយ ព្យាយាមសម្របសម្រួលក្រោយអ្នកស្រីបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ។ 
 
សូមបញ្ជាក់ថា ក្រោយមានភាពមិនប្រក្រតី មន្រ្តីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តក្រចេះ បានស៊ើបអង្កេតបឋម តាមនិតីវិធី ដោយសហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ ឈានទៅដល់ការឃាត់ខ្លួនបែបនេះ៕
 
 
 

Tag:
 អាវុធហត្ថ
  អំពើហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com