អន្តរជាតិ
អាម៉េរិក​នឹង​ផ្តល់​ថវិកា​១៤៤​លាន​ដុល្លារ​ដល់​អាហ្វហ្គានីស្ថាន​ជា​ជំនួយ​មនុស្ស​ធម៌
31, Oct 2021 , 1:59 pm        
រូបភាព
បុគ្គលិកអង្គការ UNHCR រុញរទេះដឹកជំនួយសម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានផ្លាស់ទីលំនៅនៅជាយក្រុងកាប៊ុល អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ (Reuters)
បុគ្គលិកអង្គការ UNHCR រុញរទេះដឹកជំនួយសម្រាប់ពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានផ្លាស់ទីលំនៅនៅជាយក្រុងកាប៊ុល អាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ (Reuters)
ដោយ: VOA
ទីក្រុង​អ៊ីស្លាម៉ាបាដ — សហ​រដ្ឋ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​នឹង​ផ្តល់​ជំនួយ​មនុស្សធម៌​ថ្មី​ជិត ​១៤៤លាន​ដុល្លារ​ដល់​ប្រទេស​អាហ្វហ្គានីស្ថាន ​ដែល​មនុស្ស​រាប់លាន​នាក់​អាច​ប្រឈមនឹង​ភាព​អត់ឃ្លាន​ធ្ងន់ធ្ងរ​នៅ​រដូវ​រងារ​នេះ បើ​មិន​មាន​ជំនួយ​ឆាប់ៗ​ទេនោះ។

 
អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​លោក​ស្រី Emily Horne បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​នឹង​ត្រូវ​បញ្ជូន​តាម​រយៈ​អង្គការ​ឯករាជ្យ​ដែលផ្តល់​ការ​គាំទ្រ​ដោយ​ផ្ទាល់​ដល់​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ដែល​ងាយ​រងគ្រោះ​ជាង១៨,៤លាន​នាក់​ រួម ទាំង​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​នៅក្នុង​ប្រទេស​ជិតខាង​ផង​ដែរ។
 
លោក​ស្រី Emily និយាយ​ថា «ដៃគូ​របស់​យើង​ផ្តល់​ការ​ការពារ​សង្គ្រោះ​ជីវិត ទីជម្រក​ ការគាំទ្រ​ការ​ចិញ្ចឹមជីវិត​ ការ​ថែទាំ​សុខភាព​សំខាន់ៗ ជំនួយ​ក្នុង​រដូវ​រងារ ជំនួយ​ស្បៀង​សង្គ្រោះ​បន្ទាន់ ទឹក​អនាម័យ ​និង​សេវា​អនាម័យ​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​មនុស្សធម៌​ដែល​កំពុង​កាន់ តែ​ធ្ងន់ធ្ងរ​ឡើង​ ដោយ​កង្វះ​ការ​ថែទាំ​សុខភាព ​គ្រោះ​រាំងស្ងួត កង្វះ​អាហារូបត្ថម្ភ ​និងរដូវ​រងារ​ដែល​នឹង​មក​ដល់»។
 
លោក​ស្រី​បាន​កត់​សម្គាល់​ថា ការផ្តល់​មូលនិធិ​បន្ថែម​នេះ​ធ្វើ​ឱ្យ​បរិមាណ​ជំនួយ​មនុស្ស​ធម៌​សរុប​របស់​សហ​រដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​និង​សម្រាប់​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​នៅ​ក្នុង​តំបន់​ឡើង​ដល់​ជិត ៤៧៤​លាន​ដុល្លារ​ក្នុង​ឆ្នាំ ​២០២១​ ដែល​ជា​បរិមាណ​ជំនួយ​ច្រើនបំផុត​ ប្រៀបធៀបនឹង​ប្រទេស​ផ្សេង។
 
អង្គការ​សហ​ប្រជាជាតិ​បាន​និយាយ​ថា​ ជម្លោះ​ដ៏​គ្រោះថ្នាក់​ជាង​បួន​ទសវត្សរ៍​ និង​គ្រោះ​មហន្តរាយ​ធម្មជាតិ​កើត​ឡើង​ដដែល​ បាន​បណ្តាល​ឱ្យ​មាន​វិបត្តិ​ស្បៀង​អាហារ​អូសបន្លាយ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។
 
ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បាន​ព្រមាន​កាលពី​ដើម​សប្តាហ៍​នេះ​ថា ​តម្រូវការ​មនុស្ស​បាន​កើនឡើង​លើសកម្រិត​កាល​ពីមុន ហើយ​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​ប៉ាន់​ប្រមាណ ៤០​លាននាក់​របស់​ប្រទេស​ដែល​ហែកហួរ​ដោយ​សង្គ្រាម​នេះ​គឺ​ប្រមាណ២២.៨លាន​នាក់​ នឹង​ប្រឈម​បញ្ហា​អ​សន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរចាប់​ពី​នៅ​ខែ​វិច្ឆិកា។
 
ពួកគេ​បាន​និយាយ​ថា ​ក្នុង​ចំណោម​អ្នក​ដែល​ប្រឈម​ហានិភ័យ​នោះ​មាន​កុមារ​អាយុ​ក្រោម ៥​ ឆ្នាំ​ចំនួន​ ៣,២​ លាន​នាក់​ ដែលគេ​រំពឹង​ថា​ នឹង​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​នៅ​ចុង​ឆ្នាំ​នេះ៕

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​
 
 

© រក្សាសិទ្ធិដោយ thmeythmey.com