ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ការរក្សាអត្តសញ្ញាណ ជាចំណុចពិសេសធ្វើឱ្យបន្ទាយស្រី ក្លាយជាស្រុកទេសចរណ៍បែបជនបទ
31, Oct 2021 , 10:29 pm        
រូបភាព
ដោយ:
សៀមរាប៖បន្ទាយស្រី ជាស្រុកតូចជាងគេក្នុងខេត្តសៀមរាប ដែលនៅជាប់ក្រុងសៀមរាបតែម្ដង។ ដ្បិតតូចជាងគេ តែស្រុកនេះ ត្រូវបានជាប់ឈ្មោះជាស្រុកទេសចរណ៍​។ ក្រៅសក្តានុពលទេសចរណ៍មានស្រាប់ការរក្សាអត្តសញ្ញាណ និងរស់នៅបែបជនបទ របស់ប្រជាជននៅទីនោះ បានក្លាយជាចំណុចពិសេសដែលទាក់ទាញទេសចរនៅស្រុកបន្ទាយស្រី។

 
សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាស រវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និង លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដូចតទៅ៖ វាលស្រែខៀវស្រងាត់នារដូវវស្សាស្ថិតនៅអមសងខាងផ្លូវចូលភូមិព្រះដាក់នៃស្រុកបន្ទាយស្រីបានធ្វើឱ្យអារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ហាក់សប្បាយរីករាយជាមួយភាពស្ងប់ស្ងាត់ខ្យល់អាកាសបរិសុទ្ធ។ ស្នាមញញឹមនៃប្រជាជនក្នុងតំបន់នោះ ក៏ជាភាពកក់ក្ដៅមួយរបស់ភ្ញៀវទេសចរ។កត្តារួមផ្សំទាំងនេះ បានធ្វើឱ្យស្រុកបន្ទាយស្រី ក្លាយជាស្រុកទេសចរណ៍ជាពិសេសទេសចរណ៍ជនបទ។
 
បើតាម លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ការអភិវឌ្ឍស្រុកនេះ ឱ្យក្លាយជាស្រុកទេសចរណ៍គឺស្ថិតក្រោមគោលការណ៍អភិវឌ្ឍ ប្រកបដោយចីរភាព។ ពោលគឺលោក ផ្សព្វផ្សាយឱ្យប្រជាជនក្នុងភូមិនីមួយៗរក្សាអត្តសញ្ញាណរបស់ខ្លួន រួមបញ្ចូលនឹងការបង្កើតសេវាកម្មទេសចរណ៍ដើម្បីក្លាយជាចំណុចពិសេសនៃការទាក់ទាញ។ 
 
« ការអភិវឌ្ឍដោយចីរភាព គឺជាការអភិវឌ្ឍទាំងឡាយណាដែលអាច ធ្វើឱ្យមានការផ្លាស់ប្ដូរនៅពេលបច្ចុប្បន្ន តែមិនមានវិនាសកម្ម ដល់ភាពយូរអង្វែងនៃធនធាន បរិស្ថាន និងអនាគត។ ការអភិវឌ្ឍបែបនេះ ត្រូវការប្រយ័ត្នច្រើន ដូចជាការអភិវឌ្ឍណា ដែលបំប្លែងនៃអត្តសញ្ញាណដើម យើងមិនសូវស្វាគមន៍នោះទេ។
 
យើងចាប់យកចំណុចពិសេសរបស់យើងដូចជាបរិស្ថានស្អាត អនាម័យល្អ ទំនៀមទម្លាប់រស់នៅបែបបុរាណ របស់ប្រជាពលរដ្ឋ មកផ្សព្វផ្សាយ ដល់ទេសចរ »។ នេះជាការបញ្ជាប់បន្ថែមរបស់លោកអភិបាលស្រុកបន្ទាយស្រី។
 
ជាមួយគ្នានោះ ដើម្បីឱ្យភ្ញៀវទេសចរ កាន់តែចាប់អារម្មណ៍ទៅស្រុកបន្ទាយស្រី លោកបានណែនាំឱ្យប្រជាជននៅទីនោះ មានមោទកភាពចំពោះ អត្តសញ្ញាណរបស់គាត់ ដែលមានភូមិចាស់ ជាភូមិបុរាណ ហើយបានក្លាយជាទេសចរណ៍ជនបទ។ ជាពិសេសពួកគាត់មិនត្រូវខ្មាសអៀន ក្នុងការរស់នៅតាមបែបប្រពៃណី ជនបទនោះទេ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មាន ThmeyThmey25 នៅទឹកដីភូមិព្រះដាក់ អភិបាលស្រុកវ័យក្មេងរូបនេះ បានរៀបរាប់យ៉ាងដូច្នេះ៖ « បើយើងនិយាយពីផ្នែកបដិសណ្ឋារកិច្ច ប្រជាជនក្នុងតំបន់នេះ គាត់មិនទាន់បានរៀនច្រើនឱ្យដូចនឹងអ្នកទីក្រុងទេ។ យើងត្រូវទទួលស្គាល់ថាទីនេះ ជាទីជនបទ ដែលប្រជាពលរដ្ឋជាអ្នកស្រែ អ្នកស្រុក។ តែបើយើងសម្លឹងមើល យើងនឹងឃើញ ភាពខុសប្លែកនេះគឺជា អត្តសញ្ញាណរបស់ពួកគាត់ ។ គាត់បដិសណ្ឋារកិច្ចដោយបេះដូង។ យើងគ្រាន់តែរម្លឹកគាត់ថា ការបដិសណ្ឋារកិច្ច គឺជាការស្វាគមន៍ រួសរាយរាក់ទាក់ និងត្រូវមានភាពស្មោះត្រង់»។
 
បន្ថែមពីនេះ ស្រុកបន្ទាយស្រីមានសក្តានុពល ទេសចរណ៍វប្បធម៌ ដែលមានប្រាសាទបន្ទាយស្រី មានឈ្មោះល្បីរន្ទឺ ដល់ទេសចរជាតិ និងអន្តរជាតិ និងប្រាសាទជាច្រើនទៀត។ ជាមួយគ្នានេះអតីតរាធានីខ្មែរ ភ្នំគូលែន ក៏ជាផ្នែកមួយទាក់ទាញទេសចរណ៍ បែបជំនឿ និងផ្សងព្រេង។ លោក ឃឹម ហ្វីណង់ ក៏បានពង្រឹកផលិតផលទេសចរណ៍ថ្មីៗ ដូចជាតំបន់ទេសចរណ៍ បឹងឈូក និងតំបន់កសិ-ទេសចរណ៍ មួយចំនួនទៀត។
 
សក្តានុពលទេសចរណ៍ជារឿងសំខាន់មួយ តែរឿងទទួលភ្ញៀវទេសចរ ដោយបង្ការជាមួយការការពារពីជំងឺកូវីដ-១៩ ក៏ជារឿងមួយ ដែលរដ្ឋបាលស្រុកបន្ទាយស្រីយកចិត្តទុកដាក់ផងដែរ។ ការទទួលទេសចរនាពេលបច្ចុប្បន្ន គឺស្ថិតក្នុងបរិបទថ្មី ដោយភ្ញៀវទេសចរត្រូវរក្សាគម្លាត ពាក់ម៉ាស់ និងអនុវត្ត៣កុំ ៣ការពារ។ ជុំវិញការទទួលទេសចរក្នុងបរិបទកូវីដ-១៩ លោក ឃឹម ហ្វីណង់ បានពង្រឹង និងផ្សព្វផ្សាយ ដល់ប្រជាជនពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងការការពារ។
 
អភិបាលស្រុកបន្ទាយស្រីបន្ថែមដូច្នេះថា៖ «ខ្ញុំជឿថា ស្រុកបន្ទាយស្រីមានប្រជាពលរដ្ឋយល់ដឹងពីបញ្ហាកូវីដ-១៩ច្រើន។ ជាក់ស្ដែងខ្ញុំបានជួបប្រជាពលរដ្ឋគាត់ថាឥឡូវលក់ដាច់ជាងមុន ខុសប្លែកពីពេលបិទខ្ទប់ខេត្តសៀមរាប។ អ៊ីចឹងខ្ញុំយល់ថាពួកគាត់បានយល់ហើយថា ពីការពារកុំឱ្យមានផ្ទុះកូវីដក្នុងសហគមន៍ ដើម្បីពួកគាត់ទទួលបានចំណូល។ ផ្ទុយទៅវិញបើគាត់មិនការពារនោះ នឹងមានការបិទខ្ទប់ដែលធ្វើឱ្យប៉ះពាល់ជីវភាពពួកគាត់។ កន្លងមកក៏យើងបានចែកសាប៊ូ និងណែនាំពួកគាត់ពីការការពារ»។ 
 
លោក ឃឹម ហ្វីណង់ នឹងបង្កើតការប្រកួតប្រជែង ទីតាំងទេសចរណ៍មួយ និងទីតាំងទេសចរណ៍មួយទៀត។
 
ទីតាំងណាមានការការពារល្អ ហើយធានាបានថាមានសុវត្ថិភាព គ្មានការឆ្លងជំងឺកូវីដ-១៩ តំបន់នោះនឹងក្លាយជាទិសដៅទេសចរណ៍សំខាន់ក្នុងស្រុកបន្ទាយស្រី៕
 

Tag:
 ThmeyThmey25
  ឃឹម ហ្វីណង់
© រក្សាសិទ្ធិដោយ thmeythmey.com