ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
កូវីដ-១៩ ធ្វើឱ្យអ្នកស្រី យឿម សារាយ លក់មាន់អាំងនៅបន្ទាយស្រីមិនសូវដាច់
01, Nov 2021 , 8:39 am        
រូបភាព
ដោយ:
សៀមរាប៖ អ្នកស្រី យឿម សារាយ ជាអាជីវករលក់មាន់អាំងរយៈពេល ៣ឆ្នាំហើយ នៅភូមិព្រះដាក់ ស្រុកបន្ទាយស្រី។ មាន់អាំងរបស់អ្នកស្រី ទទួលបានការគាំទ្រខ្លាំងពេលលក់ដំបូង រហូតដល់​មានការរីករាលដាលនៃជំងឺកូវីដ-១៩ ទីផ្សារមាន់អាំងរបស់អ្នកស្រីធ្លាក់ចុះស្ទើរពាក់កណ្ដាល។ អ្នកស្រីធ្លាប់រកចំណូលបានពី២០ទៅ៣០ម៉ឺន មកសល់ប្រមាណ១០ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។

 
សូមអញ្ជើញលោក អ្នកនាង ទស្សនា បទសម្ភាសរវាងកញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងអ្នកស្រី យឿម សារាយ អ្នកលក់មាន់អាំងនៅភូមិព្រះដាក់ ដូចតទៅ៖ 
 
 
 
​​​​​មាន់​អាំង​ស្រុក​បន្ទាយស្រី ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ ជាមាន់​អាំង​ដែលមាន​រសជាតិ​ឆ្ងាញ់​ជាងគេ នៅក្នុង​ចំណោម​ក្រុង​-​ស្រុក​ទាំង​១២ នៃ​ខេត្តសៀមរាប​ ក្នុងការប្រកួតមាន់អាំងឆ្ងាញ់ ក្នុងព្រឹត្តិការណ៍សម្រាកសៀមរាប កាលពីខែសីហា ឆ្នាំ២០២០។ ភាពល្បីល្បាញនេះ បានរួមចំណែកឱ្យការលក់មាន់អាំង របស់លោកស្រី យឿម សារាយ កាន់តែមានការគាំទ្រពីអ្នកធ្វើដំណើរ។​
អាជីវករលក់មាន់អាំងវ័យ ៣២ឆ្នាំរូបនេះ បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖ « ពេលមាន់អាំងនៅបន្ទាយស្រីល្បី យើងលក់ដាច់ជាងមុន គេស្គាល់ គេចេះតែមកទិញ។ អ្នកភ្នំពេញខ្លះ គេតេកម្ម៉ង់។ គេសរសើរថារសជាតិមាន់ឆ្ងាញ់ ហើយទឹកជ្រលក់ឆ្ងាញ់។ អ្នកទិញខ្លះជាទេសចរ ខ្លះជាអ្នកនៅសៀមរាប និងអ្នកភ្នំពេញ »។
 
ក្រោយមានការរីករាលដាលនៃជំងឺកូវីដ-១៩ មាន់អាំង កង្កែបបោប និងត្រីអាំង របស់អ្នកស្រី​ សារាយ លក់មិនសូវដាច់ដូចមុនទេ ព្រោះមិនសូវមានវត្តមានភ្ញៀវទេសចរ ដើរកម្សាន្តនៅស្រុកបន្ទាយស្រី។ ចំណែកក្រុងសៀមរាប ក៏មានការបិតខ្ទប់ជាបន្តបន្ទាប់ផងដែរ។ ចំណូលពីរបរតូចតាចរបស់អ្នកស្រី ទទួលបានចំណូលប្រហែល ១០ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលអាចផ្ដល់ប្រាក់ចំណេញ ៣ទៅ ៤ ម៉ឺនរៀល។
 
អ្នកស្រីបញ្ជាក់ ដូច្នេះថា៖ « ការលក់ខុសគ្នាខ្លាំងពីមុនកូវីដ មួយថ្ងៃអាចលក់បាន ២០ម៉ឺន ទៅ៣០ម៉ឺនរៀល។ ដល់ឥឡូវលក់បាន ១០ម៉ឺន ពិបាកតឹង។ ណាមួយគេបិទខ្ទប់ផង តែពេលគេបើកវិញឥឡូវលក់ដាច់វិញបានខ្លះៗ ដោយមានអ្នកក្នុងភូមិទិញ និងអ្នកដំណើរខ្លះៗដែរ »។
 
មាន់អាំងរបស់អ្នកស្រី យឿម សារាយ មានតម្លៃពី២ម៉ឺន ទៅ២ម៉ឺន៥ពាន់រៀល ក្នុងមួយក្បាល ដោយមានទឹកជ្រលក់ ដូចជា ទឹកត្រីកោះកុង អំពិលបុក និងម្រេច។ ក្រៅពីមាន់អាំង អ្នក​ស្រីមានលក់ កង្កែបបោប ត្រីអណ្ដែងអាំង ផ្លែឈើតាមរដូវ ក្នុងខេត្តសៀមរាប៕
 


Tag:
 ThmeyThmey25
  ស្រុកបន្ទាយស្រី
  សម្ភាស
  វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com