កីឡាជាតិ
ជាតិ
វគ្គបណ្តុះបណ្តាលសារព័ត៌មានកីឡាពីគ្រូឧទ្ទេសជប៉ុន ដើម្បីពង្រឹងសមត្ថភាពផ្សព្វផ្សាយស៊ីហ្គេម២០២៣
01, Nov 2021 , 8:32 am        
រូបភាព
មជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ និងក្លិបអ្នកកាសែតកម្ពុជា (CCJ) ដោយមានការគាំទ្រពី គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមកម្ពុជា(CAMSOC)និងគណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា(NOCC) ចាប់ផ្តើមវគ្គបណ្តុះបណ្តាល ផ្នែកសារព័ត៌មានកីឡាដើម្បីជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ គ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនេះ សុទ្ធតែជាអ្នកដែលមានបទពិសោធន៍ជាច្រើនឆ្នាំ លើវិស័យព័ត៌មានកីឡា ក្នុងប្រទេសជប៉ុន។

 
គោលបំណងនៃការរៀបចំវគ្គសិក្សានេះ  គឺដើម្បីលើកកម្ពស់ការយល់អំពីតួនាទីរបស់អ្នកសារព័ត៌មានកីឡា ក្នុងការរាយការណ៍អំពីការប្រកួតកីឡា ឱ្យកាន់តែប្រសើរទ្វេឡើងជាលំដាប់ និងដើម្បីរួមចំណែក ដល់ការលើកកម្ពស់វិស័យកីឡា ដល់កម្រិតសហគមន៍ និងថ្នាក់ជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយកាលពីថ្ងៃទី២៨ ខែតុលា។
 
វគ្គសិក្សា មានពីរវគ្គ ដោយវគ្គទីមួយ ចាប់ផ្តើមសិក្សាពីថ្ងៃទី១ ដល់ទី៤វិច្ឆិកា ក្រោមប្រធានបទ«ការណែនាំអំពីសារព័ត៌មានកីឡា តាមរយៈបទពិសោធន៍ជនជាតិជប៉ុន» រីឯវគ្គទីពីរ ប្រព្រឹត្តទៅពីថ្ងៃទី៦ ដល់ទី៩ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ«ឌីជីថលនៃសារព័ត៌មានកីឡា»។ មន្ត្រីកីឡា អ្នកសារព័ត៌មានកីឡា និងអ្នកធ្វើការពាក់ព័ន្ធផ្នែកផ្សព្វផ្សាយកីឡា ប្រមាណ១០០នាក់ ចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ប៉ុន្តែក្នុងបរិបទកូវីដ-១៩ សិក្ខាកាមប្រមាណ៤០នាក់ មានវត្តមានរៀនផ្ទាល់នៅ NOCC រីឯសិក្ខាកាមផ្សេងទៀត រៀនតាមប្រព័ន្ធ Zoom។
 

 
បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ វគ្គសិក្សានេះ គឺមានសារៈសំខាន់ណាស់ ក្នុងការបន្ថែមនូវតម្លៃអ្នកសារព័ត៌មានអាជីព និងជំរុញជំនាញអ្នកសារព័ត៌មានកីឡា ដើម្បីជួយលើកកម្ពស់វិស័យកីឡា ជាពិសេសគឺគាំទ្រដល់កីឡាជាតិ និងចលនាអូឡាំពិក។ «ក្នុងនាមជាអ្នកសារព័ត៌មានកីឡា ត្រូវមានចំណេះដឹងត្រឹមត្រូវលើជំនាញកីឡា លើទ្រឹស្តីកីឡា ការអនុវត្តកីឡា គោលការណ៍នៃការលេងដោយយុតិ្តធម៌ គោលការណ៍អូឡាំពិក ធម្មនុញ្ញអូឡាំពិក និងបទបញ្ជាកីឡាអន្តរជាតិជាដើម...»។ 
 
មូលនិធិជប៉ុន រំពឹងថាវគ្គសិក្សានេះ នឹងរួមចំណែកក្នុងការបង្កើនមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃសារព័ត៌មានកីឡា ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ សម្រាប់CCJ វគ្គសិក្សានេះ ជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកកាសែតកីឡាកម្ពុជា ក្នុងការរៀនសូត្រពីគ្រូឧទេ្ទសជនជាតិជប៉ុន ដែលមានបទពិសោធន៍។ 


 
ជាមួយគ្នានេះ CAMSOC  សង្ឃឹមថាយ៉ាងមុតមាំថា វគ្គសិក្សាដែលមានរយៈពេល៨ថ្ងៃនេះ នឹងផ្តល់ចំណេះដឹងបន្ថែមដល់អ្នកកាសែតកីឡា និងអ្នកកាសែតអាជីព ហើយចំណេះដឹងនេះនឹងចូលរួមគាំទ្រ ដល់ការផ្សព្វផ្សាយ និងបង្ហាញពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាដែលជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ។
 


គ្រូឧទ្ទេសជនជាតិជប៉ុន នឹងធ្វើបទបង្ហាញតាម Zoom ពីប្រទេសជប៉ុន ដែលក្នុងនោះរួមមាន លោក យ៉ុស៊ិដា សេអ៊ិឈិ ប្រធានទំនាក់ទំនងថ្នាក់តំបន់ក្លិប Kashima Antlers FC, លោក តានិហ្គូឈិ ម៉ាកុតុ ពីសារព័ត៌មានសេដ្ឋកិច្ចជប៉ុន Nikkei Inc, លោក កាស៊ិវ៉ាបារ៉ា តាកាគិ អ្នកថតរូបសារព័ត៌មានប្រចាំ Nikkei Inc និងលោក គិបា ម៉ាសៅ នាយកតំណាងសមាគមបាល់ទាត់ក្នុងក្តីស្រមៃជប៉ុន (JFDA)៕

Tag:
 មូលនិធិជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com