ជាតិ
លោក វ៉ាត់ ចំរើន លើកទឹក​ចិត្តអ្នកកាសែតកីឡាផ្សព្វផ្សាយ​ភាព​វិជ្ជមាននៃកីឡាឲ្យបានច្រើន
01, Nov 2021 , 5:59 pm        
រូបភាព
នាពិធីបើកវគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា (NOCC) និងជាអគ្គលេខាធិការ​គណៈកម្មការ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ (CAMSOC) បានជំរុញឱ្យមានការផ្សព្វផ្សាយពីភាពវិជ្ជមានកីឡា ឱ្យបានច្រើនជាងអវិជ្ជមាន ដើម្បីកុំឱ្យប៉ះពាល់ដល់ចលនាកីឡាជាតិ។

 
លោក វ៉ាត់ ចំរើន បាននិយាយថា ការផ្សព្វផ្សាយបែបអវិជ្ជមាន តាមរយៈព័ត៌មានកីឡានៅតែមានច្រើនខណៈភាពវិជ្ជមានតិចតួចនៅឡើយ។ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម CAMSOC បានថ្លែងក្នុងពិធីបើកវគ្គសិក្សាជំរុញការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ថា៖«ការផ្សព្វផ្សាយព័ត៌មានកីឡាក្នុងប្រទេសកម្ពុជារបស់យើង គឺមានមុខពីរដូចគ្នា គឺទាំងភាពអវិជ្ជមាននិងភាពវិជ្ជមាន ប៉ុន្តែផលវិជ្ជមាននូវមានតិចនៅឡើយ ដោយសារការយល់ដឹងរបស់អ្នកសារព័ត៌មានកីឡាខ្លៈ មិនមានវិជ្ជាជីវៈកីឡានៅឡើយ ក្នុងការបំផុសបំផុលចលនាកីឡាទៅក្នុងសង្គមពេលបច្ចុប្បន្ន»។ 
 


សម្រាប់លោក វ៉ាត់ ចំរើន អ្នកកាសែតត្រូវស្រឡាញ់ និងចូលចិត្តកីឡា ជាពិសេសត្រូវតាំងខ្លួន ដូចជាអាជ្ញាកណ្ដាលក្នុងការផ្សព្វផ្សាយព័ត៌មាន តាមបែប Fair Play នៃកីឡា។
 
លើសពីនេះទៀត លោក វ៉ាត់ ចំរើន ក៏ស្នើឲ្យអ្នកសារព័ត៌មានកីឡាទាំងអស់ ស្វែងយល់អំពីតួនាទី និងភារកិច្ចឲ្យបានត្រឹមត្រូវ តាមបែបជំនាញកីឡា ដើម្បីជាកម្លាំងជំរុញព័ត៌មានពិតៗពីវិស័យកីឡាដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ជាពិសេសការផ្សព្វផ្សាយពីការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣ ខាងមុខ។
 


វគ្គសិក្សា​ស្តីពី «តួនាទី​អ្នក​សារព័ត៌មាន​កីឡា​តាម​រយៈ​បទ​ពិសោធ​ជនជាតិ​ជប៉ុន» នេះ មាន​សិក្ខាកាមចូលរួមជិត១០០នាក់ ទាំង​អ្នកដែល​រៀនតាមប្រព័ន្ធ Zoom និងអ្នកដែល​រៀនផ្ទាល់នៅទីស្នាក់ការ NOCC។  សហការរៀបចំឡើង​ដោយ​មូលនិធិជប៉ុន ​និង​ក្លិប​អ្នក​កាសែត​កម្ពុជា​ និង​គាំទ្រ​ដោយ​ CAMSOC និង NOCC​ វគ្គ​សិក្សា​នេះ​ ចែក​ចេញ​ទី២​វគ្គ​ ដោយ​​វគ្គ​ទី១​ សិក្សា​រយៈពេល​​៤​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី១-៤​ វិច្ឆិកា​ ២០២១​ ចំណែក​វគ្គ​ទី២​ ចាប់​ពី​ថ្ងៃ​ទី៦-៩​ ខែ​ធ្នូ​ ២០២១​។
 


នៅថ្ងៃ​ដំបូង សិក្ខាកាម​បាន​សិក្សា​រៀន​សូត្រពី​បទពិសោធន៍​ការងារ​របស់ លោក យ៉ុស៊ិដា សេអ៊ិឈិ អតីតអ្នកសារព័ត៌មានកីឡានៅសារព័ត៌មាន​ Nikkei Inc ហើយបច្ចុប្បន្នជាមន្ត្រីបម្រើការនៅក្លិបបាល់ទាត់អាជីព Kashima Antlers FC នៃក្របខណ្ឌ J League។ លោកបានធ្វើបទបង្ហាញស្តីពីទ្រឹស្តីទូទៅនៃសារព័ត៌មានកីឡា៕

Tag:
 វ៉ាត់ ចំរើន
  CAMSOC)
© រក្សាសិទ្ធិដោយ thmeythmey.com