ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
យុវជន សុវណ្ណច្ឆ័យ អាចចេញពីពន្ធនាគារក្នុងខែវិច្ឆិកា២០២១ តែត្រូវស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ២ឆ្នាំ
02, Nov 2021 , 1:30 pm        
រូបភាព
យុវជន កាក់ សុវណ្ណច្ឆ័យ និងអ្នកស្រី ព្រុំ ចាន់ថា ជាម្តាយ ថតជាមួយគ្នាកន្លងមក។ រូបពីហ្វេសប៊ុករបស់អ្នកស្រី ព្រុំ ចាន់ថា
យុវជន កាក់ សុវណ្ណច្ឆ័យ និងអ្នកស្រី ព្រុំ ចាន់ថា ជាម្តាយ ថតជាមួយគ្នាកន្លងមក។ រូបពីហ្វេសប៊ុករបស់អ្នកស្រី ព្រុំ ចាន់ថា
ដោយ: ថ្មីៗ
យុវជន កាក់ សុវណ្ណច្ឆ័យ អាយុ១៧ឆ្នាំ ត្រូវតុលាការភ្នំពេញ ប្រកាសសាលក្រមកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយសម្រេចដាក់ពន្ធនាគាររយៈពេល៨ខែ តែត្រូវស្ថិតក្នុងពន្ធនាគារត្រឹម៤ខែ១៥ថ្ងៃ ហើយទោសនៅសល់៣ខែ១៥ថ្ងៃទៀត ត្រូវព្យួរ (មិនស្ថិតក្នុងពន្ធនាគារ)។ យុវជនរូបនេះ ជាប់ចោទពីបទប្រមាថមន្រ្តីរាជការសាធារណៈ និង ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។



ការរងពីបទប្រមាថមន្រ្តីរាជការសាធារណៈ និង បទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម គឺដោយសារយុវជន កាក់ សុវណ្ណច្ឆ័យ និយាយឆ្លើយឆ្លងជាមួយអ្នកផ្សេងទៀត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម ហើយត្រូវសមត្ថកិច្ច ចាប់បានការឆ្លើយឆ្លងនោះ ដោយពិនិត្យឃើញថា សម្តីរបស់សុវណ្ណច្ឆ័យ មានលក្ខលៈប្រមាថមន្រ្តីរាជការសាធារណៈ និងបង្កឲ្យមានភាពវឹកវរដល់សង្គម។ សុវណ្ណច្ឆ័យ ត្រូវចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។ រហូតដល់ថ្ងៃទី៨ ឬទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ រូបគេ នឹងអនុវត្តទោសក្នុងពន្ធនាគារគ្រប់រយៈពេល៤ខែ១៥ថ្ងៃ ហើយនឹងត្រូវដោះលែងឲ្យមានសេរីភាពឡើងវិញ។

យុវជន កាក់ សុវណ្ណច្ឆ័យ គឺជាកូនរបស់លោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញខាងអតីតគណបក្សសង្គ្រោះជាតិ ដែលបច្ចុប្បន្ន ក៏កំពុងជាប់ឃុំក្នុងពន្ធនាគារដែរ។ លោក កាក់ កុម្ភារ ជាប់ពន្ធនាគារតាំងពីអំឡុងខែឧសភា ឆ្នាំ២០២០មក ក្រោមបទរួមគំនិតក្បត់ជាតិ និងបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។

ថ្វីបើយុវជន កាក់ សុវណ្ណច្ឆ័យ ជិតចេញពីពន្ធនាគារក្នុងពេលឆាប់ៗនេះក្តី តែនឹងត្រូវស្ថិតក្នុងការឃ្លាំមើលនិងការត្រួតពិនិត្យពីតុលាការរយៈពេល២ឆ្នាំ ពីព្រោះថា ក្រៅពីការព្យួរទោស៣ខែ១៥ថ្ងៃ (ការព្យួរទោសធម្មតា) រូបគេ ត្រូវបានព្យួរទោសសាកល្បងរយៈពេល២ឆ្នាំថែមទៀត។ ក្នុងអំឡុង២ឆ្នាំនៃការព្យួរទោសសាកល្បងនេះ រូបនេះ ត្រូវស្ថិតក្នុងការត្រួតពិនិត្យ និងការឃ្លាំមើលពីតុលាការ ហើយត្រូវបង្ហាញមុខចំពោះតុលាការ រាល់ពេលដែលត្រូវកោះហៅ។

ឯកអគ្គរដ្ឋទូតអាម៉េរិក សរសេរលើបណ្តាញសង្គមធ្វីតធឺ (Twitter) ថា លោក សោកស្តាយក្រោយទទួលដំណឹងពីការកាត់ទោសដាក់ពន្ធនាគារចំពោះយុវជន កាក់ សុវណ្ណច្ឆ័យ ក្នុងបទចោទ ដែលពាក់ព័ន្ធនឹងនយោបាយ។ ឯកអគ្គរដ្ឋទូតនៃប្រទេសមហាអំណាចរូបនេះ ចោទសួរថា៖«តើការឃុំយុវជន ដែលជាកូនរបស់មន្រ្តីអតីតគណបក្សប្រឆាំងបែបនេះ បង្ហាញពីការគោរពសិទ្ធិមនុស្សឬ?»។

តាមរយៈទំព័រហ្វេសប៊ុក លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ពន្យល់ពីច្បាប់កម្ពុជាថា អនីតិជនអាយុចាប់ពី១៤ឆ្នាំឡើង ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទល្មើសដែលបានប្រព្រឹត្តិ ហើយការផ្តន្ទាទោសត្រូវទទួលបានការអនុគ្រោះមួយចំនួន ដូចជាការបន្ថយទោសមកនៅត្រឹមពាក់កណ្តាល និងការព្យួរទោសជាដើម។

លោក អះអាងថា៖«ការអនុវត្តច្បាប់តាមផ្លូវតុលាការ និងផ្អែកលើនីតិវិធីច្បាប់ជាតិ ដែលមានជាធរមាន មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្ស និងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។ តែផ្ទុយទៅវិញ ការដែលសមត្ថកិច្ចប្រើប្រាស់អំពើហិង្សា និងបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការដោយផ្អែកលើពណ៌សម្បុរនិងពូជសាសន៍ទៅវិញទេ ទើបជាការរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដនិងធ្ងន់ធ្ងរពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍»។

យុវជន កាក់ សុវណ្ណច្ឆ័យ ធ្លាប់ត្រូវចាប់ខ្លួនម្តងរួចមកហើយ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ដោយសារយុវជនរូបនេះ ចូលទៅក្នុងទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ ជាទីតាំង ដែលតុលាការបង្គាប់ឲ្យបិទ។ សមត្ថកិច្ច ឃាត់ខ្លួនយុវជនរូបនេះ ដោយសំអាងថា ខ្លាចបាត់របស់របរ និងសម្ភារផ្សេងៗក្នុងទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ។ កាលនោះ សមត្ថកិច្ច ពុំបានបញ្ជូនយុវជនរូបនេះ ទៅតុលាការដូចលើកនេះឡើយ ដោយបានដោះលែងវិញ បន្ទាប់ពីសួរនាំរួច និងរកឃើញថា មិនមានបាត់សម្ភារអ្វីនៅក្នុងទីស្នាក់ការកណ្តាលអតីតគណបក្សសង្គ្រោះជាតិនោះទេ។

លោក សំ សុគង់ មេធាវីរបស់យុវជន កាក់ សុវណ្ណច្ឆ័យ ប្រាប់សារព័ត៌មានថ្មីៗកន្លងមកថា យុវជន កាក់ សុវណ្ណច្ឆ័យ មានជំងឺអូទីហ្សឹមតាំងពីកំណើតមកម្ល៉េះ ហើយអ្នកជិតខាង សុទ្ធតែបានដឹងថា យុវជនរូបនេះ មានជំងឺអូទីហ្សឹម។

អ្នកស្រី ព្រុំ ចាន់ថា ជាភរិយារបស់លោក កាក់ កុម្ភារ គឺជាស្រ្តីម្នាក់នៃក្រុមស្ត្រីថ្ងៃសុក្រ។ អ្នកស្រី និងក្រុមស្រ្តីថ្ងៃសុក្រ តែងប្រមូលផ្តុំគ្នានៅរៀងរាល់ថ្ងៃសុក្រ ដើម្បីទាមទារឲ្យតុលាការដោះលែងយុវជន កាក់ សុវណ្ណច្ឆ័យ លោក កាក់ កុម្ភារ រួមទាំងសាច់ញាតិរបស់ពួកគាត់ ដែលភាគច្រើនជាអតីតមន្រ្តីគណបក្សសង្គ្រោះជាតិ៕

Tag:
 កាក់ សុវណ្ណច្ឆ័យ
© រក្សាសិទ្ធិដោយ thmeythmey.com