អន្តរជាតិ
នាយករដ្ឋមន្ត្រីជប៉ុន ដាក់ចេញនូវផែនការទូលំទូលាយ ក្រោយការឈ្នះឆ្នោតរបស់បក្សលោក
02, Nov 2021 , 11:29 pm        
រូបភាព
លោក Fumio Kishida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​ទីក្រុង​តូក្យូ នៅ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
លោក Fumio Kishida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នៅ​ទីក្រុង​តូក្យូ នៅ​ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។
ដោយ: VOA
នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលបានឈ្នះឆ្នោតដ៏ខ្លាំងគួរឲ្យភ្ញាក់ផ្អើលនោះ បានបង្ហាញសញ្ញាកាលពីថ្ងៃចន្ទថា លោកនឹងបន្តអនុវត្តនូវគោលនយោបាយការពារជាតិ ដោយមិនញញើតប្រទេសចិន ដោះស្រាយការប្រែប្រួលអាកាសធាតុ និងបង្កើនល្បឿនក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

 
គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាគណបក្សអភិរក្សរបស់លោក Kishida បានជម្នះការទស្សន៍ទាយទុកជាមុន ដោយឈ្នះការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យនិងបន្តក្នុងនាមជាគណបក្សតែមួយដែលមានសំឡេងភាគច្រើននៅក្នុងសភាជប៉ុន ដោយបានពង្រឹងនូវអំណាចរបស់ខ្លួនជាមេដឹកនាំក្នុងគណបក្សដែលមិនមានការចុះសម្រុងគ្នា និងបានផ្តល់ឲ្យលោកនូវសំឡេងគាំទ្រខ្លាំងជាងមុននៅក្នុងសភាជប៉ុន ជាមួយនឹងការងើបឡើងវិញពីការរាតត្បាតនៃជំងឺកូវីដ១៩ ដែលរួមមានថវិកាបន្ថែម និងការទទួលបាននូវអទិភាពនោះ។
 
មនុស្សខ្លះ មានក្តីបារម្ភថា លោក Kishida ដែលទើបបានចូលកាន់អំណាចក្នុងរយៈពេលមួយខែនោះ អាចមានវាសនាមិនខុសពីនាយករដ្ឋមន្ត្រីជប៉ុនមួយចំនួនមុនៗនោះឡើយ ដែលឡើងកាន់អំណាចក្នុងរយៈពេលខ្លី ប៉ុន្តែលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃអាទិត្យម្សិលមិញ នឹងអនុញ្ញាតឲ្យរូបលោក អាចសម្រេចនូវគោលនយោបាយមួយចំនួន នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់នៅរដូវក្តៅឆ្នាំក្រោយ។
 
លោកនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទថា «យើងនឹងអនុវត្តគោលនយោបាយនានាក្នុងល្បឿនលឿនដើម្បីឆ្លើយតបទៅនឹងសំឡេងគាំទ្ររបស់ពលរដ្ឋជប៉ុនដែលយើងទទួលបាននៅទូទាំងប្រទេស ដែលចង់បានយ៉ាងខ្លាំងនូវការអនុវត្តគោលនយោបាយ និងស្ថិរភាពនយោបាយនោះ»។
 
គណបក្សប្រជាធិបតេយ្យ បានបញ្ចូលទាំងការប្តេជ្ញាចិត្តរបស់ខ្លួនដែលមិនធ្លាប់មានពីមុនមកនូវការបង្កើនទឹកប្រាក់ចំណាយសម្រាប់វិស័យការពារជាតិចំនួនទ្វេរដង រហូតដល់២% នៃផលិតផលសរុប ក្នុងស្រុក GDP នៅក្នុងគោលនយោបាយរបស់គណបក្សដែលជាសញ្ញាបន្ទាន់មួយ ក្នុងការទិញអាវុធទំនើបៗ ដើម្បីប្រឆាំងនឹងយោធាចិននៅក្នុងតំបន់ជម្លោះសមុទ្រចិនខាងកើតផង៕

© រក្សាសិទ្ធិដោយ thmeythmey.com