ជាតិ
សង្គមជាតិ
បុរសស្លៀកស្បង់ និងពាក់អង្ស័ក រាំបទ Are You Ok ចេញមុខសូមទោស
02, Nov 2021 , 4:07 pm        
រូបភាព
បុរសដែលស្លៀកស្បង់ ពាក្យអង្ស័ក និងនារីម្នាក់ទៀត រាំជាមួយគ្នាក្នុងបទ Are You Ok? បានចេញមុខសូមទោសជាសាធារណៈ
បុរសដែលស្លៀកស្បង់ ពាក្យអង្ស័ក និងនារីម្នាក់ទៀត រាំជាមួយគ្នាក្នុងបទ Are You Ok? បានចេញមុខសូមទោសជាសាធារណៈ
ដោយ: ថ្មីៗ
បុរសម្នាក់ ដែលស្លៀកស្បង់ និងពាក់អង្ស័ក រាំក្នុងបទ Are You Ok? បានចេញមុខសូមទោសជាសាធារណៈ និងសូមឲ្យសាធារណជនអភ័យទោសដល់ខ្លួន។ មិនត្រឹមតែស្លៀកស្បង់ និងពាក់អង្ស័កតាមបែបព្រះសង្ឃពុទ្ធសាសនានៅកម្ពុជានោះទេ បុរសនោះ ថែមទាំងលាបខ្លួនឲ្យខ្មៅ និងតុបតែងមុខមាត់ដូចជាខ្មោចទៀតផង។


 
តាមរយៈវីដេអូឃ្លីបខ្លី ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមតិកតុក (TikTok) បុរសនោះ បាននិយាយថា ខ្លួន តុបតែងខ្លួនដូចខ្មោច តាមខ្សែភាពយន្តមួយរបស់ប្រទេសជិត ហើយក៏បានរាំក្នុង Are You Ok? ជាមួយនឹងការស្លៀកស្បង់ និងពាក់អង្ស័ក ដោយមិននឹកស្មានថា លទ្ធផល បានធ្វើឲ្យមហាជនខឹងសម្បារខ្លាំងដល់ថ្នាក់នេះឡើយ។ 
 
បុរសនោះ រៀបរាប់ដូច្នេះថា៖«អត់មានពាក្យអីទេ មានតែពាក្យសូមទោស ព្រោះអ្វីដែលយើង ធ្វើហើយ វា ទៅបាត់ទៅហើយ។ ទោះខ្ញុំ លុបវីដេអូហើយ តែវា នៅតែស្លាកស្នាម។ បងប្អូន យកទៅបង្ហោះពេញហ្វេសប៊ុអស់ហើយ។ ពួកខ្ញុំ មានតែម្រាមដៃ១០ សូមទោសបងប្អូនទាំងអស់គ្នា សូមឲ្យមានការយោគយល់អធ្យាស្រ័យ ធ្វើម៉េចបើពួកខ្ញុំ ជ្រុលជាខុសឆ្គងហើយ។ ឥឡូវឲ្យពួកខ្ញុំដោះស្រាយរបៀបម៉េចទៀតបងប្អូន?»។ 
 
បុរសនោះ មិនមែនរាំ ក្នុងបទ Are You OK? តែម្នាក់ឯងទេ គឺមាននារីម្នាក់ទៀត បានរាំជាមួយ។ នាង ក៏បានចេញមុខសូមទោសជាមួយបុរសនោះដែរ។ 
 
ស្បង់ គឺជាសំពត់ សម្រាប់ព្រះសង្ឃស្លៀក ដោយការរុំចាប់ពីចង្កេះ ចុះទៅដល់ក្រោមក្បាលជង្គង់។ ចំណែក អង្ស័ក ដែលក្នុងភាសានិយាយ ច្រើនហៅថាហង់សាក់ គឺជាសាច់ក្រណាត់ សម្រាប់ព្រះសង្ឃពាក់ខាងក្នុង។ អង្ស័ក គឺមានដៃតែម្ខាងប៉ុណ្ណោះ ដែលដៃម្ខាងនៃអង្ស័កនោះ គឺពាតលើស្មាខាងឆ្វេង។ ព្រះសង្ឃ ពាក់អង្ស័ក សម្រាប់តែនៅក្នុងកុដិ និងនៅក្នុងវត្តប៉ុណ្ណោះ។ នៅពេលនិមន្តចេញក្រៅវត្ត ព្រះសង្ឃ ត្រូវឃ្លុំចីវរ ដែលគ្របស្មាទាំងសងខាង។ ទោះគង់នៅក្នុងវត្តក៏ដោយ បើមានកម្មវិធី មានប្រជាពុទ្ធបរិស័ទច្រើន ហើយត្រូវនិមន្តចេញពីកុដិ ដែលប្រជាពុទ្ធបរិស័ទ អាចមើលឃើញ ព្រះសង្ឃ ត្រូវគ្រងចីវរ។ ការគ្រងចីវរ គឺចេញស្មាខាងស្តាំ ដែលខុសពីការឃ្លុំ ដែលត្រូវបិទស្មាទាំងសងខាង។ 
 
ពេលវីដេអូរបស់បុរសនារីទាំង២នាក់ខាងលើ ត្រូវបានបង្ហោះលើបណ្តាញសង្គមភ្លាម ប្រតិកម្មពីមហាជន ដោយរួមមានទាំងព្រះសង្ឃផង ក៏ផុសឡើងជាហូរហែ និងទាមទារឲ្យសមត្ថកិច្ច ស្រាវជ្រាវរកពួកគេ យកទៅអនុវត្តតាមច្បាប់។ សម្រាប់មហាជន វីដេអូនោះ គឺពិតជាពិបាកមើល និងទើសភ្នែកខ្លាំងណាស់ ពីព្រោះថា ព្រះសង្ឃ ជាបុគ្គលស្រគត់ស្រគំ និងត្រូវមនុស្សគ្រប់ឋានៈក្នុងសង្គម គោរពថ្វាយបង្គំ តែបែរជាត្រូវគេ តុបតែងកាយតាមព្រះសង្ឃ ហើយរាំញញាក់ញញ័រទៅវិញ។ 

ទោះអ្នកទាំង២ សូមទោសហើយក៏ដោយ តែអ្នកខ្លះ នៅតែមិនទទួលយក ដោយនៅតែចង់ឲ្យមានការអនុវត្តច្បាប់លើពួកគេ ដើម្បីកុំឲ្យទង្វើខុសឆ្គងបែបនេះ កើតឡើង និងបង្កផលប៉ះពាល់ដល់ព្រះពុទ្ធសាសនាបន្តទៀត។ 
 
ព្រះភិក្ខុ ហាក់ សៀងហៃ ដែលល្បីខាងបង្រៀនអក្សរសាស្រ្តខ្មែរ និងភាសាអង់គ្លេសតាមបណ្តាញសង្គម ក៏ជាព្រះសង្ឃ១អង្គ ដែលចេញមកប្រតិកម្មនឹងបុរសនារីទាំង២នាក់ដែរ។ ប៉ុន្តែព្រះអង្គ មិនយកទោសពៃរ៍អ្វីឡើយ បន្ទាប់ពីឃើញពួកគេទាំង២នាក់ សារភាពកំហុស។ 
 
ព្រះអង្គ មានថេរដីកាតាមរយៈសំណេរលើគណនីហ្វេសប៊ុកថា៖«អាត្មាភាព មិនបានយកទោសទណ្ឌអ្វីទេ គឺគ្រាន់តែការពារតម្លៃសាសនារបស់រដ្ឋយើងប៉ុណ្ណោះ។ ម្យ៉ាង ការណ៍នេះ អាចទាក់ទងនឹងផ្លូវច្បាប់ ដូចនេះ អាត្មាភាពមិនមានយោបល់អ្វីទេ តែក៏អាណិតប្អូនៗដែរ បើតាមស្តាប់ គឺភ្លេចស្មារតីមួយពេល។ ដូចនេះ សូមសាធារណជន ពិចារណាលើបញ្ហានេះ បុគ្គលណា ក៏ធ្លាប់ប្រព្រឹត្តខុសដែរ បើដឹងខុសហើយ កែខ្លួនវិញ គឺខ្លួនល្អ»៕ 

Tag:
 សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com