អន្តរជាតិ
ក្រុមវេជ្ជបណ្ឌិតខ្មែរអាមេរិកាំងផ្សព្វផ្សាយទប់ទល់ព័ត៌មានបំផ្លើសពីវ៉ាក់សាំងកូវីដ និងជំរុញអ្នកស្ទាក់ស្ទើរទៅចាក់
02, Nov 2021 , 6:29 pm        
រូបភាព
រូបថត​ថត​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ​ពី​​ឃ្លីប​វីដេអូ​ផ្សព្វផ្សាយ​មួយ​ បង្ហាញ​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក។ (ថត​ពី​វីដេអូ សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក)
រូបថត​ថត​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ​ពី​​ឃ្លីប​វីដេអូ​ផ្សព្វផ្សាយ​មួយ​ បង្ហាញ​ក្រុម​វេជ្ជបណ្ឌិត​នៃ​សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក។ (ថត​ពី​វីដេអូ សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក)
ដោយ: VOA
ក្រុមវេជ្ជបណ្ឌិតខ្មែរអាមេរិកាំងបានអំពាវនាវដល់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនិងនៅប្រទេសដទៃទៀតដែលនៅស្ទាក់ស្ទើរឲ្យទៅចាក់វ៉ាក់សាំងកូវីដ១៩ដើម្បីការពារខ្លួនពីវីរុសដ៏ប្រល័យនេះ។

 
ការអំពាវនាវធ្វើឡើងខណៈវីរុសកូរ៉ូណាបានបំប្លែងរូបរាងនិងអាចចម្លងកាន់តែខ្លាំងជាងមុននិងមានព័ត៌មានបំភ្លើសជាច្រើនពីវ៉ាក់សាំង។
 
នៅក្នុងឃ្លីបវីដេអូផ្សព្វផ្សាយដែលផលិតដោយសមាគមសុខាភិបាលខ្មែរនៅអាមេរិកលោកវេជ្ជបណ្ឌិតសុង តាន់ប្រធានសមាគមគ្រូពេទ្យបានរៀបរាប់ថា៖ «នៅពេលដែលយើងគិតថាស្ថានភាពកូវីដបានប្រសើរឡើងវិញហើយជាពិសេសនៅសហរដ្ឋអាមេរិកវីរុសបំប្លែងដែលតាក៏បានបញ្ចេញឥទ្ធិពលវាពាសពេញពិភពលោកទាំងនៅប្រទេសកម្ពុជាយើងផងនៅអាមេរិកនេះផង»។
 
លោកវេជ្ជបណ្ឌិត ចំរើន ហេង វេជ្ជបណ្ឌិតជំងឺទូទៅក្នុងទីក្រុង Stockton (ស្តុកតុន) រដ្ឋ Calinfornia បានថ្លែងក្នុងសារវីដេអូដែរថា៖ «គួរឲ្យសោកស្តាយមែនទែននៅពេលនេះដែលនៅតែមានមនុស្សស្លាប់ដោយសារជំងឺកូវីដនេះដែលអាចការពារបានយ៉ាងងាយស្រួល។ ឥឡូវនេះយើងមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់អាចការពារជីវិតរហូតទៅដល់ជិត១០០ភាគរយអ៊ីចឹងបើសិនជាបងប្អូនអត់ទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដនេះទេសូមអញ្ជើញរួសរាន់ទៅចាក់ដើម្បីថែទាំសុខភាពនិងអាយុជីវិតបងប្អូន។ សូមអរគុណ»។
 
តាមរយៈវីដេអូផ្សព្វផ្សាយក្រុមវេជ្ជបណ្ឌិតដែលមានវេជ្ជបណ្ឌិតផ្នែកជំងឺទូទៅទន្តពេទ្យឱសថការីនិងគ្រូពេទ្យកុមារបានថ្លែងថាពួកអស់លោកលោកស្រីទទួលបានសំណួរជាច្រើនដែលពាក់ព័ន្ធនឹងការ ភាន់ច្រឡំថាអ្នកដែលមានសុខភាពល្អមិន បាច់ចាក់ទេឬថាអ្នកដែលមានជំងឺរ៉ាំរ៉ៃមិនគួរចាក់ទេជាដើម។ អ្នកខ្លះទៀតរហូតដល់ថាអ្នកចាក់ហើយធ្លាក់ខ្លួនឈឺនិងបាត់បង់សមត្ថភាពបន្តពូជជាដើម។
 
លោកស្រីវេជ្ជបណ្ឌិតគ្រីស្ទីណាលីឯកទេសគ្រូពេទ្យប្រចាំគ្រួសារនៅទីក្រុងឡុងប៊ិចបានថ្លែងថា៖ «ខ្ញុំចង់រំលឹកបងប្អូនថាមនុស្សដែលមានជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមជំងឺលើសឈាមជំងឺបេះដូងក៏អាចចាក់វ៉ាក់សាំងកូវីដ១៩នេះបានទាំងអស់គ្នា»។
 
លោកស្រីសាឡន ថុងឱសថការីបានថ្លែងថា៖ «នាងខ្ញុំសូមពន្យល់បងប្អូនថាវ៉ាក់សាំងនេះជាថ្នាំពិតប្រាកដមានប្រសិទ្ធភាពល្អដែលអាចជួយការពារយាយតានិងឪពុកម្តាយរបស់បងប្អូនមិនឲ្យកើតជំងឺកូវីដ។ សូមបងប្អូនឆ្លៀតឱកាសយកគាត់ទៅចាក់វ៉ាក់សាំងបង្ការនេះផងដើម្បីសុខភាពឪពុកម្តាយនិងយាយតាយើង»។
សមាគមសុខាភិបាលខ្មែរនៅអាមេរិកមានមូលដ្ឋានក្នុងទីក្រុង Los Angeles រដ្ឋCalifornia។ វេជ្ជបណ្ឌិតនៃសមាគមនេះបានធ្វើដំណើរទៅព្យាបាលពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃជារៀងរាល់ឆ្នាំអស់រយៈពេលជាង១០ឆ្នាំកន្លងមកតែបានផ្អាកដំណើរក្នុងឆ្នាំ២០២១ដោយសារការរាតត្បាតជំងឺកូវីដ១៩។ ទីក្រុងLos Angeles ដែលគ្របដណ្តប់លើក្រុងឡុងប៊ិចមានពលរដ្ឋខ្មែររស់នៅច្រើនជាងគេបំផុតក្នុងសហរដ្ឋអាមេរិកគឺរហូតដល់ជាង៤ម៉ឺននាក់នៅត្រឹមឆ្នាំ២០១៩។ នេះបើតាមស្ថិតិរបស់វិទ្យាស្ថានស្រាវជ្រាវ Pew។
 
លោកវេជ្ជបណ្ឌិត សុង តាន់ បានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសកាលពីថ្ងៃព្រហស្បតិ៍ថាស្ថានភាពឆ្លងជំងឺកូវីដ១៩នៅទីក្រុង Los Angeles បានថយចុះ។ លោកបានពន្យល់ថាការណ៍នេះដោយសារតែពលរដ្ឋបានចាក់វ៉ាក់សាំងបានច្រើននិងអ្នកខ្លះទៀតបានឆ្លងជំងឺនិងបានបង្កើតប្រព័ន្ធការពារដោយខ្លួនឯង។
 
លោកវេជ្ជបណ្ឌិតសុង តាន់បានបន្ថែមថា៖ «អ្នកដែលឈឺធ្ងន់ឥឡូវនៅមន្ទីរពេទ្យក្នុងចំណោមនោះ៩៩,៩៩%គឺអ្នកអត់ព្រមចាក់ថ្នាំ»។
 
 
តាមស្ថិតិរបស់សាកលវិទ្យាល័យសុខាភិបាលJohns Hopkinsឲ្យដឹងថាត្រឹមថ្ងៃសុក្រថារដ្ឋCaliforniaមានចំនួនអ្នកឆ្លងជាង៤,៩លាននាក់និងស្លាប់ជិត៧២ ០០០នាក់ក្នុងនោះទីក្រុងLos Angeles មានអ្នកស្លាប់ច្រើនជាងគេបំផុតគឺ២៦ ៦០៤នាក់។
 
លោកវេជ្ជបណ្ឌិតសុង តាន់បានបញ្ជាក់ថា៖ «នៅក្នុងសហគមន៍គឺទូទៅតំណាងសហគមន៍យើងក៏ដូចគេដែរគឺថាមានអ្នកខ្លះមិនព្រមចាក់ក៏ប៉ុន្តែខ្ញុំថាមិនជាច្រើនទេគឺចំនួន១០ឬ២០ភាគរយ។ នៅសហគមន៍ខ្លះទៀតនៅកន្លែងផ្សេងទៀតប្រហែល៣០%។ ដូច្នេះយើងតិចជាងគេបន្តិចបន្តួច»។
 
លោកវេជ្ជបណ្ឌិតសុង តាន់បានស្នើដល់ពលរដ្ឋឲ្យប្រយ័ត្នប្រយែងនឹងព័ត៌មានបំភាន់នានាដែលមានផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតព្រោះសូម្បីតែនៅសហរដ្ឋអាមេរិកក៏មានក្រុមអ្នកដែលប្រឆាំងនឹងការចាក់វ៉ាក់សាំងបានធ្វើការឃោសនាបំភាន់ផងដែរ។
 
ចាប់តាំងពីផ្សាយនៅចុងខែសីហាមកវីដេអូអប់រំរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិកមានអ្នកចូលទស្សនាជិត៤ម៉ឺននាក់នៅតាមទំព័រហ្វេសប៊ុក។
 
លោកវេជ្ជបណ្ឌិតសុង តាន់បញ្ជាក់ថាការផ្សព្វផ្សាយនេះបានជួយផ្លាស់ប្តូរការសម្រេចចិត្តរបស់ពលរដ្ឋនៅប្រទេសកម្ពុជាផងដែរ៖ «អ្នកនៅស្រុកខ្មែរខ្លះបានផ្ញើសារមកយើងថាពីមុនមកខ្ញុំខ្លាចខ្ញុំមានជំងឺទឹកនោមផ្អែម។ ខ្ញុំអត់ហ៊ានទៅចាក់ហើយក្រោយពីគាត់បានឮសារអីចឹងទៅគាត់មិនរារែកអ្វីទេ។ គាត់ទៅចាក់។ ដូច្នេះមានប្រសិទ្ធភាពទៅដល់គាត់។ អ្នកខ្លះគាត់មិនទាន់សម្រេចថាត្រូវចាក់ឬមិនចាក់ប៉ុន្តែបានយោបល់អីចឹងទៅជួយជំរុញគាត់ឲ្យទៅចាក់»។
 
សហរដ្ឋអាមេរិកប្រើប្រាស់វ៉ាក់សាំង Pfizer, Moderna និងJohnson & Johnson។ អង្គការសុខភាពពិភពលោកបានអនុម័តឲ្យប្រើវ៉ាក់សាំងសរុបទាំងអស់ចំនួន៩ដែលក្នុងនោះមានវ៉ាក់សាំងចិនSinovac និង Sinopharm ផងដែរដែលកំពុងប្រើប្រាស់យ៉ាងទូលំទូលាយក្នុងប្រទេសកម្ពុជា។
 
រដ្ឋាភិបាលកម្ពុជាបានប្រកាសនៅថ្ងៃចន្ទនេះថាការចាក់វ៉ាក់សាំងលើគោលដៅ១០លាននាក់បានសម្រេច១០០ភាគរយហើយ។ ក្នុងខណៈពេលដែលសហរដ្ឋអាមេរិកដែលជាប្រទេសផលិតវ៉ាក់សាំងបែរជាមានអត្រាអ្នកចាក់វ៉ាក់សាំងទាបជាងបណ្តាប្រទេសអាស៊ីនិងអឺរ៉ុបមួយចំនួន។ រហូតមកដល់ពេលនេះមានពលរដ្ឋអាមេរិកាំងតែ៦៦,៧%ប៉ុណ្ណោះដែលបានចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស។ នេះបើតាមស្ថិតិរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ។
 
ពលរដ្ឋអាមេរិកាំងដែលមិនព្រមចាក់វ៉ាក់សាំង មានមូលហេតុផ្សេងៗដែលមានរួមទាំងការមិនជឿទុកចិត្តលើប្រសិទ្ធភាពរបស់វ៉ាក់សាំងនិងការប្រកាន់ថាការចាក់ឬមិនចាក់ជាសិទ្ធិផ្ទាល់ខ្លួនដែលពុំមាននរណាអាចបង្ខំបានឡើយ។
 
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិកណែនាំឲ្យអ្នកដែលមានសំណួរអំពីវ៉ាក់សាំងការពារជំងឺកូវីដ១៩ទៅពិភាក្សាជាមួយគ្រូពេទ្យរបស់គេ ដោយប្រាប់ឲ្យគ្រូពេទ្យដឹងអំពីបញ្ហាសុខភាពរបស់ខ្លួន៕

Tag:
 ជាតិ COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com