អន្តរជាតិ
លោក ចនសុន មានសុទិដ្ឋិនិយមចំពោះសន្និសីទ COP26 ក្រោយមានកិច្ចព្រមព្រៀងច្រើន
03, Nov 2021 , 2:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នាសន្និសីទ COP26 នៅទីក្រុង Glasgow ។ រូបថត Xinhua
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នាសន្និសីទ COP26 នៅទីក្រុង Glasgow ។ រូបថត Xinhua
ដោយ៖ ឡាយ ស្រីពេជ្រ
 
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន នៅថ្ងៃទី២ ខែវិច្ឆិកា បានបង្ហាញជំហរសុទិដ្ឋនិយមចំពោះសន្និសីទបម្រែបម្រួលអាកាសធាតុនៅទីក្រុង Glasgow បន្ទាប់ពីកិច្ចព្រមព្រៀងមួយចំនួនបានលេចជារូបរាង។ លោក ចនសុន ចាត់ទុកលទ្ធផលនេះ ជាការទទួលបានសមិទ្ធផលខ្លះរបស់មនុស្សជាតិលើប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែលោកព្រមានថា ផ្លូវនៅវែងឆ្ងាយទៀតណាស់ដើម្បីទប់ស្កាត់ឥទ្ធិពលដ៏អាក្រក់នៃកំណើនកម្តៅផែនដី។

 
២ថ្ងៃបន្ទាប់នៃកិច្ចប្រជុំកំពូលស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិលើកទី២៦ (COP26) នៅទីក្រុង Glasgow មេដឹកនាំពិភពលោកបានអនុម័តការសន្យាថ្មីៗស្តីពីការកាប់បំផ្លាញព្រៃឈើ ការបំភាយឧស្ម័នមេតាន និងការផ្ដល់សាច់ប្រាក់សម្រាប់ប្រទេសក្រីក្រដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដីដ៏អាក្រក់បំផុត។ ទាក់ទិននឹងរឿងនេះ នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ដែលជាម្ចាស់ផ្ទះកិច្ចប្រជុំ បញ្ជាក់ថា លោកមានសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្ន។
 
កន្លងមក លោក ចនសុន បានប្រដូចការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុទៅនឹងការប្រកួតកីឡាបាល់ទាត់ ដែលពិភពលោកត្រូវបាននាំមុខ៥-១ ទៅហើយ។ នៅថ្ងៃទី២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះថ្លែងសន្និសីទសារព័ត៌មានថា បើអាចស៊ុតបាន១គ្រាប់ឬ២គ្រាប់ទៀត ស្ថានភាពអាចប្រសើរឡើង។ ត្រង់នេះ ប្រមុខរដ្ឋាភិបាលអង់គ្លេសចង់បានន័យថា បើសិនមានកិច្ចព្រមព្រៀងបន្ថែមទៀត ការទប់ស្កាត់បញ្ហានេះ នឹងល្អតាមនោះដែរ។
 
ខណៈកិច្ចប្រជុំកំពូលមេដឹកនាំបានបញ្ចប់ ការចរចាលើបញ្ហាលម្អិតនានានឹងធ្លាក់មន្រ្តីចរចារបស់ប្រទេសនីមួយៗវិញម្ដង។ លោក ចនសុន ក៏សង្កត់ធ្ងន់ថា ផ្លូវនៅវែងឆ្ងាយទៀតណាស់ដើម្បីទប់ស្កាត់ឥទ្ធិពលដ៏អាក្រក់នៃកំណើនកម្តៅផែនដី។
 
គួរបញ្ជាក់ថា ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាង ១២០នាក់ បានចូលរួមកិច្ចប្រជុំនៅទីក្រុង Glasgow សម្រាប់២ថ្ងៃនៃការចាប់ផ្តើមព្រឹត្តិការណ៍សន្និសីទ COP26 ។ គោលដៅនៃកិច្ចប្រជុំកំពូល COP26  គឺកំណត់ការកើនឡើងកម្តៅផែនដីត្រឹម១,៥អង្សាទៅ២ អង្សាទៅតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងឆ្នាំ ២០១៥៕

Tag:
 COP26
  បូរីស ចនសុន
© រក្សាសិទ្ធិដោយ thmeythmey.com