ជាតិ
សេដ្ឋកិច្ច
តម្លៃកសិផលស្វាយទាប ខណៈជីឡើងថ្លៃ ធ្វើឱ្យកសិករប្រឈមមុខខាតច្រើន
04, Nov 2021 , 8:59 am        
រូបភាព
រូបភាពផ្ដល់ឱ្យដោយលោក សួន ថៃ កសិករនៅស្រុកទឹកឈូ ខេត្តកំពត
រូបភាពផ្ដល់ឱ្យដោយលោក សួន ថៃ កសិករនៅស្រុកទឹកឈូ ខេត្តកំពត
ដោយ៖ វ៉ា សុភានុត

ប្រជាកសិករកាត់បន្ថយការប្រមូលផលស្វាយ ដោយសារតែជីនិងថ្នាំកសិកម្មឡើងថ្លៃ ហើយតម្លៃទីផ្សារចុះថោក ខណៈអ្នកជំនាញផ្ដល់អនុសាសន៍ ឱ្យកែច្នៃតាមតម្រូវការទីផ្សារ។



លោក សួន ថៃ កសិករដាំស្វាយនៅ ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ក្នុងឆ្នាំ២០២១នេះ លោកសម្រេចចិត្តបន្ថយការប្រមូលផលស្វាយខុសរដូវ ពីចំនួន២ពាន់ដើម មកត្រឹម១ពាន់ដើមវិញ ដោយសារជីកសិកម្ម បានឡើងថ្លៃពាក់កណ្ដាល ខណៈទីផ្សារស្វាយ រយៈពេល២ឆ្នាំចុងក្រោយនេះ មានតម្លៃកាន់តែទាប។ 
កសិករវ័យ ៣២ឆ្នាំរូបនេះ បានឱ្យដឹងទៀតថា ក្នុងខែតុលា ឆ្នាំ២០២១នេះ ជីកសិកម្មបានឡើងថ្លៃពី១០ម៉ឺនរៀល ទៅ១៥ម៉ឺនរៀល ក្នុងមួយបាវ ខណៈតម្លៃទីផ្សារស្វាយចុះមកត្រឹមតែ ៣០០រៀល ក្នុងមួយគីឡូក្រាម។
  

រូបភាពផ្ដល់ឱ្យដោយលោក សួន ថៃ កសិករនៅស្រុកទឹកឈូ ខេត្តកំពត

បុរសរៀនជំនាញកសិកម្មរូប បន្ថែមថា ចំការស្វាយរបស់លោក មានចំនួនជាង២ពាន់ដើម លើផ្ទៃដីប្រមាណជិត១០ហិកតា ដែលអាចឱ្យលោករកប្រាក់ចំណេញបានខ្ទង់ពី ១ម៉ឺនទៅ ២ម៉ឺនដុល្លាក្នុងមួយឆ្នាំ។ តែយ៉ាងណាលោកថា ឆ្នាំនេះ ប្រាក់ចំណេញតិចតួចបំផុត។
 
លោក ថៃ និយាយថា៖«វាប៉ះពាល់ប្រាក់ចំណូលពីការលក់របស់យើងវាបានតិច ការចំណាយដើមទុនយើងធ្វើរាល់ថ្ងៃកើនឡើង។ ទីផ្សារថោកពេក ស្វាយឥលូវមួយគីឡូ ៣០០រៀល ទៅ ៤០០រៀល វាទប់នឹងចំណាយអត់ជាប់ ហើយជី [និង]ថ្នាំគីមី វាឡើងថ្លៃទៀត»។  
 
កសិករដាំស្វាយមួយរូបទៀត នៅស្រុកកងមាស ខេត្តកំពង់ចាម លោក ឆេង ហ៊ី បានលើកឡើងថា កសិករជាច្រើន អាចនឹងបោះបង់មុខរបរមួយនេះ ប្រសិនបើតម្លៃទីផ្សារនៅតែទាបដូច្នេះ។ លោក ឆេង ហ៊ី និយាយថា៖ «យើងវាពិបាកណាស់កាលណា បើសិនជាវា[ជីកសិកម្ម ]ឡើងចឹងៗទៅ។ យើងរកស៊ីអត់បានទេ។ យើងអ្នកធ្វើ[ដាំ]ស្វាយ កសិករយើងធ្វើគ្រប់គ្នា វាអត់បានស៊ី អ៊ីចឹងគេអត់អាចធ្វើបានទេ។ ឆ្នាំក្រោយគេផ្អាកខ្លះហើយ គ្រាន់តែឆ្នាំនឹងគេផ្អាកច្រើន ល្មមតែឆ្នាំក្រោយតម្លៃប៉ុណ្ណឹងទៀត ប្រហែលគ្មានអ្នកណាធ្វើទេមើលទៅ»។
 

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

កាលពីខែតុលាកន្លងមក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរលើបណ្ដាញសង្គមហ្វេសបុកផ្ទាល់ខ្លួនថា បច្ចុប្បន្ននេះ ថ្នាំកសិកម្ម និងជីកសិកម្មឡើងថ្លៃ ដោយសារបញ្ហាជំងឺកូវីដ-១៩ នាំឱ្យប្រទេសផលិត កង្វះវត្ថុធាតុដើម កាត់បន្ថយកម្លាំងពលកម្ម និងការចំណាយពេលច្រើនក្នុងការដឹកជញ្ជូន ទើបមិនមានលទ្ធភាពផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការឡើយ។
 
ងាកមកបញ្ហាទីផ្សារវិញ រដ្ឋមន្រ្តីកសិកម្មរូបនេះ បានបន្ថែមថា ដ្បិតតែកម្ពុជា និងចិន មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលអនុញ្ញាតឱ្យកម្ពុជា អាចនាំផលិតផលកសិកម្មជាច្រើនមុខចូលទីផ្សារប្រទេសចិន ដោយមិនជាប់ពន្ធគយក្តី។ ប៉ុន្តែទំនិញទាំងនោះ ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវស្តង់ដារ អនាម័យ និងភូតគាមអនាម័យ រួមទាំងសុវត្ថិភាពចំណីអាហារ ដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរបស់ប្រទេសចិន ។
  

លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

ជុំវិញបញ្ហានេះលោកបណ្ឌិត គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា មូលហេតុនាំឱ្យទីផ្សារកសិផលធ្លាក់ថ្លៃនេះ ព្រោះកម្ពុជាពឹងផ្អែកតែលើទីផ្សារប្រទេសជិតខាង ខណៈទិន្នផលស្វាយកម្ពុជា ពុំមានស្តង់ដារដែលអាចនាំចេញទៅកាន់ប្រទេសផ្សេងឡើយ។
 
អ្នកវិភាគសេដ្ឋកិច្ចរូបនេះ ផ្ដល់អនុសាសន៍ឱ្យកសិករដាំស្វាយទាំងនោះ ត្រូវច្នៃកសិផលខ្លួនឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារនាបច្ចុប្បន្ននេះ។ «ដំណោះស្រាយនៅក្នុងស្រុក គឺការកែច្នៃកសិផលទាំងអស់នេះ នៅពេលប្រទេសជិតខាង ឈប់ទិញពីយើង»។ នេះបើតាមអ្នកវិភាគសេដ្ឋកិច្ច៕

 

© រក្សាសិទ្ធិដោយ thmeythmey.com