ជាតិ
ទួលព័ន្ធតាឡី បឹងស្នេហ៍៖ ជាទីជម្រកដ៏សុខសាន្តរបស់សត្វស្លាប និងជាទិសដៅទេសចរណ៍សម្រាប់ការទស្សនាសត្វស្លាប ដែលនៅមិនឆ្ងាយពីរាជភ្នំពេញ
04, Nov 2021 , 6:59 pm        
រូបភាព
ក្រុមល្បាត បានលើកបង្ហាញកូនបក្សី នៅក្នុងតំបន់ទួលព័ន្ធតាឡីបឹងស្នេហ៍។ ​
ក្រុមល្បាត បានលើកបង្ហាញកូនបក្សី នៅក្នុងតំបន់ទួលព័ន្ធតាឡីបឹងស្នេហ៍។ ​
ដោយ៖ ឈុត ឈាណា
 
ព្រៃវែង៖ ហ្វូងបក្សីបក្សាជាច្រើនប្រភេទ រាប់ម៉ឺនក្បាល បានបង្ហាញវត្តមាននៅក្នុង «តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍» ស្ថិតនៅក្នុងភូមិ ទ័ពស្តេច កំពង់ស្លែង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្រៅពីជាទីជម្រកដ៏សុខសាន្តរបស់ហ្វូងបក្សាបក្សីទាំងនោះ តំបន់នេះ ក៏ជាទិសដៅទេសចរណ៍ សម្រាប់ការទស្សនាសត្វស្លាបដ៏សំខាន់មួយផងដែរ។ ស្ថិតនៅលើដីជ្រោយទំហំផ្ទៃដី ៨៦ហិកតា ដែលមានទឹកព័ន្ធជុំវិញស្ទើរ ៧០ភាគរយ នៃផ្ទៃដីសរុប ៣៥៥៧ ហិកតា «តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍» នេះ មានចម្ងាយពីរាជធានីភ្នំពេញ ប្រហែល ៨០គីឡូម៉ែត្រ ឬ២០គីឡូម៉ែត្រ ពីស្ពានត្សឹបាសា «ស្ពានអ្នកលឿង» ប៉ុណ្ណោះ។

 
លោក នួន សារ៉េត អនុប្រធាន តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ បានឱ្យដឹងថា តំបន់នេះ បានបង្កើតឡើងដោយសហគមន៍មូលដ្ឋាន កាលពីឆ្នាំ ២០០៦។ «ការបង្កើតំបន់អភិរក្សនេះ គឺដើម្បីការពារព្រៃលិចទឹកសម្រាប់ជាទីជម្រកត្រីពង-កូន និងហ្វូងបក្សាបក្សីជាច្រើនប្រភេទទៀតរស់នៅ។ តំបន់នេះ មានឈ្មោះដើម តំបន់អភិរក្សទួលអ្នកតា ព័ន្ធតាឡី ដោយមានការទទួលស្គាល់ពីអាជ្ញាធរ ឃុំ និងស្រុក»។ នេះជាការបញ្ចាក់របស់លោក នួន សារ៉េត។ 
 

 
លោកប្រាក់ ផល្លី សមាជិកសហគមន៍ តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ ២០១៥-១៦ ហ្វូងបក្សាបក្សីភាគច្រើន មកទីនេះតែក្នុងរដូវវស្សាប៉ុណ្ណោះ ដើម្បីចំណីតាមរបៀបបក្សីរដូវកាល។ លោក ផល្លី បញ្ជាក់បន្ថែមថា៖ «កាលពីមុន ហ្វូងបក្សីមកពីគ្រប់ទិសទី និងស្នាក់ទីនេះបណ្តោះអាសន្នដើម្បីរកចំណី។ ពួកវាមិនរស់នៅជាអចិន្រ្តៃយ៍ទេ។ រដូវប្រាំងចូលមកដល់ ពួកវាវិលត្រឡប់ទៅទីជម្រកដើមតាមតំបន់នានាវិញ។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ ២០១៩មក ពួកវាក៏ចាប់ផ្តើមតាំងទីជម្រករស់នៅជាអចិន្រ្តៃយ៍ និងបង្កកំណើតនៅទីនេះតែម្តង»។ ការណ៍នេះ លោកផល្លី បានអះអាងដោយមានមោទកភាពថា គឺដោយសារតែមានការយល់ដឹងពីកិច្ចការការពារ និងអភិរក្សសត្វស្លាប ពីសំណាក់ប្រជាសហគមន៍ ជាពិសេសប្រជាជនក្នុងខេត្តព្រៃវែង និងទាំងប្រទេស ទើបពួកហ្វូងបក្សីទាំងអស់នោះ អាចរស់នៅ និងរកចំណីដោយបានដោយសុខសាន្ត។
 
លោក ហេង សាំងហ៊ី អនុប្រធានមន្ទីរបរិស្ថានខេត្តព្រៃវែង បាននិយាយថា ទោះបីជាវិបត្តិនៃការផ្ទុះឡើងជំងឺគ្រុនផ្តាសាយបក្សី ក្នុងអំឡុងខែមីនា និងមេសា ឆ្នាំ២០២១ កន្លងទៅនេះ ដែលបានសម្លាប់បក្សីអស់រាប់ពាន់ក្បាលក្តី ប៉ុន្តែ បច្ចុប្បន្ននេះ ដោយសារមានការចាប់កំណើតថ្មី និងការធ្វើចរាចរផ្លាស់ទីពីតំបន់ផ្សេងមក បានធ្វើឱ្យកំណើនបក្សាបក្សីនៅក្នុងតំបន់នេះ កើនឡើងច្រើន គួរឱ្យចាប់អារម្មណ៍។ លោក សាំងហ៊ី បញ្ជាក់បន្ថែមថា៖ «ជំងឺគ្រុនផ្តាសាយបក្សី បានឆក់យកជីវិតបក្សាបក្សីនៅក្នុងតំបន់នេះ អស់ចំនួនប្រហែល ២.០០០ ក្បាល។ នោះក្នុង បក្សីចង្កៀលខ្យងច្រើនជាងគេ»។ 
 
បក្សីចង្កៀលខ្យង មានវត្តមានរស់នៅក្នុងតំបន់អភិរក្សនេះច្រើនជាងគេ ប្រហែលជាង ១០.០០០ ក្បាល។ បក្សីចង្កៀលខ្យង មានឈ្មោះជាភាសាអងគ្លេស Asian Openbill និងឈ្មោះវិទ្យាសាស្រ្ត (Anastomus oscitans)។ យោងតាមការវាយតម្លៃចុងក្រោយនៅក្នុងបញ្ជីក្រហមរបស់ សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN) ក្នុងឆ្នាំ ២០១៦ ចង្កៀលខ្យង គឺជាប្រភេទបក្សីស្ថិតក្នុងចំណាត់ថ្នាក់ «រងគ្រោះថ្នាក់តិចតួច» វារស់នៅទូទាំងតំបន់អាស៊ីខាងត្បូង មីយ៉ាន់ម៉ា និងបណ្តាលប្រទេសនៅតំបន់អាងទន្លេមេគង្គក្រោម ដូចជា ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ជាដើម។ ក្រៅពីបក្សីចង្កៀលខ្យង នៅក្នុងតំបន់នេះ ក៏មានបក្សីគួរឱ្យកត់សម្គាល់មួយចំនួនផ្សេងទៀតផងដែរ មានដូចជា៖ ត្រដក់តូច Lesser Adjutant (Leptoptilos javanicus) រនាលពណ៌ Painted Stork (Mycteria leucocephala) ទុងប្រផេះ Spot-billed Pelican (Pelecanus philippensis) ស្មោញ Oriental Darter (Anhinga melanogaster) ត្រយងខ្លួនស White-shouldered ibis (Pseudibis davisoni) ។ល។
 

 
យោងតាមអនុក្រឹត្យស្តីពីការបង្កើត «តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍» របស់រដ្ឋាភិបាល ចុះហត្ថលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ តបតាមសំណើររបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រីក្រសួងបរិស្ថាន បានប្តូរឈ្មោះតំបន់នេះពី «តំបន់អភិរក្សទួលអ្នកតា ព័ន្ធតាឡី» ទៅជា «តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍» វិញ។ តំបន់នេះ ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង ក្នុងទំហំផ្ទៃដីសរុប ៣៥៥៧ (បីពាន់ ប្រាំរយ ហាសិបប្រាំពីរ) ហិកតា។
នៅក្នុងអនុក្រឹត្យដដែលនេះ បានបញ្ចាក់ថា ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍ នេះឡើង គឺមានគោលបំណងដើម្បីធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវៈចម្រុះ បរិស្ថាន និងវប្បធម៌។ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ។ បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ី សម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។ បង្កើត និងធានាការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាពឈ្លាសវៃ។ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡី បឹងស្នេហ៍។ សូមចែកចាយអត្ថបទនេះ និងធ្វើការតាមជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីស្វែងយល់បន្ថែមអំពីសត្វស្លាប ដែលមានដើមកំណើតនៅក្នុប្រទេសកម្ពុជា និងទីជម្រកសំខាន់ៗ របស់ពួកវាផងដែរ។
 
សូមចុចលើតំណភ្ជាប់នេះ ដើម្បីទស្សនាវីដេអូ៖
 

Tag:
 USAID / Wonders of the Mekong
© រក្សាសិទ្ធិដោយ thmeythmey.com