ជាតិ
កង្វះខាតហិរញ្ញវត្ថុជាឧបសគ្គចម្បងមួយក្នុងការរៀបចំទីក្រុងវ័យឆ្លាត
05, Nov 2021 , 5:22 pm        
រូបភាព
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញចូលរួមក្នុងកិច្ចពិភាក្សាអនឡាញ ស្តីពី ការអភិវឌ្ឍទីក្រុងឆ្លាត  ដែលរៀបចំដោយសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញចូលរួមក្នុងកិច្ចពិភាក្សាអនឡាញ ស្តីពី ការអភិវឌ្ឍទីក្រុងឆ្លាត ដែលរៀបចំដោយសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF
លោក នួន ផារ័ត្ន អភិបាលរងសាលារាជធានីភ្នំពេញបានថ្លែងយ៉ាងនេះនៅក្នុងកិច្ចពិភាក្សាមួយនៃ កិច្ចប្រជុំកំពូលស្ដីពី«ទីក្រុង និងរដ្ឋាភិបាល សម្រាប់ប្រព័ន្ធឌីជីថលមួយ ដែលបម្រើដល់ការអភិវឌ្ឍ និង ភាពធន់នៃទីក្រុង»។ កិច្ចប្រជុំជាអន្តរជាតិនេះត្រូវបានរៀបចំដោយសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) នៅក្នុងទីក្រុង ណាមៀរប្រទេសបែលហ្ស៊ិក ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែវិច្ឆិកានេះ។ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រុងជាច្រើនបានចូលរួមក្នុងកិច្ចប្រជុំដែលត្រូវបានរៀបចំតាមប្រព័ន្ធអនឡាញ។




ប្រព័ន្ធឌីជីថលបានក្លាយជាមូលដ្ឋានគ្រឹះមួយសម្រាប់ការអភិវឌ្ឍទីក្រុងទាំងនៅក្នុងក្របខណ្ឌថ្នាក់ជាតិ និងក្របខណ្ឌមូលដ្ឋាន។ នេះជាការអះអាងរបស់លោក នួន ផារ័ត្ន ដែលជាអភិបាលរង សាលា រាជធានីភ្នំពេញ ខណៈដែលលោកធ្វើបទអន្តរាគមន៍នៅក្នុងកិច្ចពិភាក្សាជាអន្តរជាតិកាលពីយប់ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២១។ នៅក្នុងន័យនេះ ចំពោះលោកអភិបាលរង ដើម្បីអភិវឌ្ឍទីក្រុងឆ្លាតវៃ (smart city) គេត្រូវការ ការចូលរួមជាចាំបាច់ពីភាគីពាក់ព័ន្ធជាច្រើនដូចជាថ្នាក់ដឹកនាំមូលដ្ឋាន ដៃគូអភិវឌ្ឍ វិស័យ ឯកជន រដ្ឋាភិបាល និងប្រជាពលរដ្ឋ។

លោកអភិបាលរងសាលារាជធានីត្រូវការការចូលរួមច្រើនព្រោះលោកយល់ឃើញថា ការដ្ឋាននៃការអភិវឌ្ឍទីក្រុងឆ្លាតវៃកំពុងប្រឈមនឹងឧបសគ្គមួយចំនួនដែរដូចជា៖ ការខ្វះខាតបទពិសោធន៍របស់ ទីក្រុងនានាក្នុងការប្រមូលទិន្នន័យ, ការខ្វះខាតចំណេះដឹងទាក់ទងនឹងនវានុវត្ត៍បច្ចេកវិទ្យាជាដើម។

លោក នួន ផារ័ត្ន បានបន្តបទអន្តរាគមន៍យ៉ាងដូច្នេះថា៖«ការងារមួយចំនួនហួសពីសមត្ថភាពរបស់មន្ត្រីអាជ្ញាធរមូលដ្ឋាន។ អ្វីហើយដែលជាឧបសគ្គធំដែរនោះ គឺកង្វះខាតថវិកាសម្រាប់ ទ្រទ្រង់គម្រោង ប្រព័ន្ធឌីជីថលនេះ។ ចំពោះមុខបញ្ហានេះ ទីក្រុងឆ្លាតវៃនីមួយៗត្រូវការការគាំទ្រពីរដ្ឋាភិបាលទាក់ទងនឹងហិរញ្ញវត្ថុ វិធានចាំបាច់នានា ក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេស និងរបៀបនៃការរៀបចំផែនការពី AIMF។»។ ទោះយ៉ាងណាក៏ដោយ លោក នួន ផារ័ត្ន បញ្ជាក់ថាថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញរបស់កម្ពុជាបានប្រឹងប្រែងប្រើប្រាស់មធ្យោបាយដែលមានស្រាប់។

កិច្ចប្រជុំជាអន្តរជាតិពីក្រុងទីក្រុងណាមៀរនៃប្រទេសប៊ែលហ្ស៊ីក គឺជាកិច្ចការបន្តមួយនៅក្នុងក្របខណ្ឌការងាររបស់សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។

កាលពីចុងឆ្នាំ២០១៩ រាជធានីភ្នំពេញគឺជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី៣៩នៃសមាគម ហើយបានអនុម័តផែនទីចង្អុលផ្លូវមួយទាក់ទងនឹងការអភិវឌ្ឍទីក្រុងឌីជីថល ហើយមហាសន្និបាតនោះ ក៏បានជ្រើសរើសរាជធានីភ្នំពេញជាទីក្រុងសាកល្បងសម្រាប់ការអភិវឌ្ឍគម្រោងក្រុងឆ្លាតវៃផងដែរ។ ហេតុដូច្នេះហើយភ្នំពេញត្រូវបានអញ្ជើញឱ្យចូលរួមក្នុងវេទិកា អន្តរជាតិនេះដើម្បីចែករំលែក បទពិសោធន៍ និងគំនិត។

គួរបញ្ជាក់ផងដែរថា នៅក្នុងក្របខណ្ឌនៃបណ្ដាញនៃទីក្រុងឆ្លាតវៃអាស៊ាន កម្ពុជាបានចុះឈ្មោះក្រុងចំនួន៣រួមមាន ភ្នំពេញ សៀមរាប និងបាត់ដំបង ជាសមាជិកនៃបណ្តាញនេះដែលត្រូវបាន អនុម័តកាលពីឆ្នាំ២០១៨។

លោកអភិបាលរងសាលារាជធានីភ្នំពេញ នួន ផារ័ត្ន ដែលទទួលបន្ទុកគម្រោងទីក្រុងឆ្លាតវៃ ក៏បានបញ្ជាក់ប្រាប់អ្នកចូលរួមក្នុងកិច្ចប្រជុំកំពូលទីក្រុងណាមៀរនោះដែរថា គម្រោងអភិវឌ្ឍទីក្រុងឆ្លាតវៃ របស់អាស៊ាន និងរបស់សមាគម AIMF បានឆ្លើយតបទៅនឹងគំនិតផ្ដួចផ្ដើមរបស់សម្ដេចនាយករដ្ឋមន្ត្រីនៅក្នុងក្របខណ្ឌ នៃគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលរបស់កម្ពុជា (ពីឆ្នាំ ២០២១ដល់ឆ្នាំ២០៣៥) ដែលចាត់ទុកការអភិវឌ្ឍទីក្រុងឆ្លាតវៃ គឺជាអាទិភាពមួយ៕




© រក្សាសិទ្ធិដោយ thmeythmey.com