អន្តរជាតិ
កម្ពុជាត្រូវការគ្រូជំនាញអប់រំពិសេសបន្ថែម ដើម្បីជួយម្តាយឪពុកដែលមានកូនអូទីហ្សឹម
06, Nov 2021 , 9:59 pm        
រូបភាព
កញ្ញា សុខ សុគន្ធមាលា គ្រូបង្រៀនកម្មវិធីអប់រំពិសេស នៅសាលាអប់រំខេភីស៊ីអេស និងជាអ្នកចងក្រងផលិត សៀវភៅជំនួយសម្រាប់ឪពុកម្តាយកុមារអូទីហ្សឹម។ រូបថត ហ៊ាន សុជាតា វីអូអេ
កញ្ញា សុខ សុគន្ធមាលា គ្រូបង្រៀនកម្មវិធីអប់រំពិសេស នៅសាលាអប់រំខេភីស៊ីអេស និងជាអ្នកចងក្រងផលិត សៀវភៅជំនួយសម្រាប់ឪពុកម្តាយកុមារអូទីហ្សឹម។ រូបថត ហ៊ាន សុជាតា វីអូអេ
ដោយ: VOA
ភ្នំពេញ — នៅគ្រាមួយលោក ទេព ច័ន្ទសុធា វ័យ ៣៧ឆ្នាំ អង្គុយសង្កេតមើលកូនប្រុស អាយុ ១១ឆ្នាំ  កំពុងធ្វើម្ហូបលោក សុធា បារម្ភខ្លាំងនៅក្នុងចិត្ត។ លោកបារម្ភខ្លាចកូនរបស់លោកមុតដៃ ដោយសារកុមាររូបនេះកំពុងប្រើកាំបិតចិញ្ច្រាំខ្ទឹម ដើម្បីរៀបចំចៀនពងទាឲ្យលោកបរិភោគ។

 
ក៏ប៉ុន្តែលោក សុធា រក្សាអារម្មណ៍នឹងនរ ហើយបន្តអង្កេតសកម្មភាពកូនខ្លួនដោយប្រុងប្រយ័ត្ន។ លោកបណ្តោយឲ្យកូនរបស់លោក រៀនធ្វើអ្វីដោយឯករាជ្យខ្លួនឯងនិងតាមចំណង់ចំណូលចិត្ត។
 
កូនរបស់លោកសុធាដែលគឺ សុធា វីរៈបុត្រ ត្រូវបានគ្រូពេទ្យជំនាញធ្វើការវិនិច្ឆ័យឃើញថាមានសញ្ញាណនៃអូទីហ្សឹម កាលពីឆ្នាំ ២០១៤ នៅពេលកុមារារូបនេះមានអាយុជិត ៤ឆ្នាំ ទៅហើយ។
 
«ពេលហ្នឹងវាពិបាកទទួលយកណាស់[ពីព្រោះ] យើងអត់ជឿ។ ហេតុអី?»
 
លោក សុធា បន្តទៀតថា៖ «បុត្រ គាត់ជាក្មេងលូតលាស់លឿនមែនទែន តាមខ្ញុំចាំ នៅចន្លោះពី ១ខែ ទៅ ១ឆ្នាំកន្លះ គឺការលូតលាស់គាត់ល្អខ្លាំងមែនទែន។ [...] Behaviour [អាកប្បកិរិយា] គាត់ គាត់ចេះឈរ ចេះអីរហ័សមែនទែន។ មួយឆ្នាំកន្លះឡើងទៅ ក៏យើងអត់អាច detect [កត់សម្គាល់] បានដែរ ព្រោះកូនវាតូចប៉ុណ្ណឹង យើងអត់ទាន់ចាប់អារម្មណ៍ពីការនិយាយការអីទេ»។
 
អូទីហ្សឹម ឬជាភាសាបច្ចេកទេសហៅថា Autism Spectrum Disorder (ASD) ត្រូវបានចាត់ជាប្រភេទវិបល្លាសផ្នែកប្រព័ន្ធប្រសាទ ដែលធ្វើឲ្យកុមារប្រឈមវិបត្តិលូតលាស់ផ្នែកទំនាក់ទំនងក្នុងសង្គម ការប្រាស្រ័យទាក់ទង និងការគ្រប់គ្រងលើអាកប្បកិរិយារបស់ខ្លួន។ នេះបើយោងតាមនិយមន័យផ្លូវការរបស់អង្គការសុខភាពពិភពលោក (WHO) និងស្ថាប័នស្រាវជ្រាវវេជ្ជសាស្រ្តផ្សេងៗទៀត។
 
អង្គការសុខភាពពិភពលោកបង្ហាញទៀតថា នៅក្នុងសាកលលោក យ៉ាងហោចមានមនុស្សម្នាក់នៅក្នុងចំណោម ១៦០នាក់ មានអូទីហ្សឹម។ រីឯនៅកម្ពុជាវិញ មនុស្សយ៉ាងហោចណាស់ ២ម៉ឺននាក់ មានអូទីហ្សឹម នៅទូទាំងប្រទេស។ នេះបើតាមការឲ្យដឹងរបស់ប្រធានបណ្តាញអូទីហ្សឹមកម្ពុជាលោក ចាន់ សារិន។
 
អូទីហ្សឹមមានច្រើនប្រភេទ និងកម្រិតហើយរោគសញ្ញាដែលអាចឲ្យអ្នកជំនាញវិនិច្ឆ័យដឹងបាន មិនមែនស្ថិតលើសារពាង្គកាយ មើលឃើញពីខាងក្រៅ ឬការពិនិត្យឈាមការពិនិត្យសំណាកនោះទេ។
 
អ្នកជំនាញកំណត់អំពីអូទីហ្សឹមនេះនៅលើបុគ្គលណាម្នាក់បាន តាមរយៈការវិនិច្ឆ័យលើការវិវវត្តអាកប្បករិយា ទំនាក់ទំនងសង្គម និងការប្រាស្រ័យទាក់ទងការប្រើប្រាស់ភាសារបស់បុគ្គលនោះ នៅក្នុងមួយរយៈពេលណាមួយ ជាពិសេសនៅក្នុងវ័យកុមារ។ អង្គការសុខភាពពិភពលោកបង្ហាញថា ជាទូទៅការវិនិច្ឆ័យដឹងអំពីអូទីហ្សឹមលើបុគ្គលណាមួយ តែងតែធ្វើឡើងយឺតពេល។
រូបឯកសារ៖ កុមារអូទីហ្សឹមម្នាក់កំពុងរៀនជាមួយគ្រូបង្រៀនជំនាញកម្មវិធីអប់រំពិសេស នៅសាលារៀនមួយក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០០៨។

កត់សម្គាល់អាការៈកុមារអូទូហ្សឹម
 
ដូចជាឪពុកម្តាយដទៃទៀតនៅកម្ពុជាដែរដំបូងឡើយ លោក ទេព ច័ន្ទសុធានិង ភរិយាមិនអាចកត់សម្គាល់ថា កូនរបស់ពួកគេមានអូទីហ្សឹមនោះទេ។ ពួកគេគ្រាន់តែកត់សម្គាល់ថារ បៀបលេង និងសិក្សារបស់ វីរៈបុត្រ មិនដូចកុមារទូទៅ។
 
លោក សុធា និយាយថា៖ «បីឆ្នាំខ្ញុំដាក់ចូលសាលាធម្មតា។ តែដោយសារយើងមើល level នៃintegration របស់គាត់មិនអាចចូលជាមួយ normal kid ហ្នឹងបាន។ វាអត់ដូចគ្នា។ គាត់ចូលចិត្តលេងម្នាក់ឯង។ បើគាត់ excited សប្បាយគឺសប្បាយអស់ពីចិត្ត។ ប៉ុន្តែនៅ បីឆ្នាំជាងខ្ញុំចាប់ផ្តើមច្បាស់មែនទែនគឺ socialization របស់គាត់។ គាត់អត់ចូលរួមទេក្នុងការលេងជាមួយមិត្តភក្តិដទៃ។ ខ្ញុំលឺ feedback ពីគ្រូមកថា គាត់អត់ចូលរួមជាមួយក្មេងដទៃទេ។ គាត់លេងម្នាក់ឯង។ ហើយវាកាន់តែច្បាស់ឲ្យយើងត្រូវចាប់អារម្មណ៍ខ្លាំង»។
 
មុនពេលដែលលោក សុធា សម្រេចចិត្តនាំកូនរបស់លោកទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញដើម្បីធ្វើតេស្តវិនិច្ឆ័យអំពីអូទីហ្សឹម លោកបានសង្ស័យចំណុចខ្លះ កាលពីពេលកូនរបស់លោកមានអាយុ ២ឆ្នាំ។ លោក សុធា បានរៀបរាប់ថា វីរៈបុត្រ មានអាការៈដូចជាខ្លាចសំឡេងលាន់ឮខ្លាំង ឧទាហរណ៍សំឡេងបាញ់កាំជ្រួចជាដើម។ ក្រោយមកទៀត លោកបានសម្គាល់ឃើញថា វីរៈបុត្រ  មានអាកប្បកិរិយានិងធ្វើសកម្មភាពដដែលៗ។
 
លោកសុធា បានពន្យល់ថា៖ «ឧទាហរណ៍ ក្មេងផ្សេងៗគេលេងមានបែបបទ បើគេលេងធ្វើនំគេធ្វើនំ។ តែបុត្រគាត់ focus លើតែមួយចំណុចនៃរបស់ហ្នឹង។ ឧទាហរណ៍ ទិញកង់ទិញអី គាត់ផ្ងារមក វិលតែកង់។ គាត់ focus លើតែកង់ វា spinning [វិល] ឲ្យតែមានអីដែល spin [វិល] បានគឺចូលចិត្តចូលចិត្ត spin [បង្វិល] ។ វិលៗៗ កង់អ៊ីចឹងគាត់ផ្តួលបង្វិលតែកង់ទេ»។
 
អស់រយៈពេលជាង ៧ឆ្នាំហើយ តាំងពីពេលដែលលោក ទេព ច័ន្ទសុធា បាននាំកូនរបស់លោកគឺ  សុធា វីរៈបុត្រ ចាកចេញពីខេត្តតាកែវមករស់នៅក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណងចម្បងមួយគឺផ្តល់ឱកាសឲ្យ វីរៈបុត្រ ទទួលបានការអប់រំនិងការគាំទ្រពីអ្នកជំនាញ ក្នុងដំណាក់កាលនៃការលូតលាស់និងអភិវឌ្ឍរបស់គេ។ 
 
លោក សុធា ដែលធ្លាប់ជាបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលមួយ ហើយក្រោយមកជាបុគ្គលិកក្រុមហ៊ុនឯកជនមួយ បានចាប់ផ្តើមស្រាវជ្រាវបន្ថែមតាមប្រព័ន្ធអ៊ិនធឺណិត និងប្រមូលគំនិតយោបល់ពីមិត្តភក្តិរបស់លោក។ មួយរយៈពេលក្រោយមក លោក សុធា ថា លោកបានស្វែងយល់ដឹងកាន់តែច្រើនអំពីការវិវត្តរបស់កុមារអូទីហ្សឹម។
 
សម្រាប់ឪពុកម្តាយដែលមានកូនមានអូទីហ្សឹម ដូចជាលោក ទេព ច័ន្ទសុធា ដំណាក់កាលដ៏ពិបាកតែសំខាន់ គឺការទទួលស្គាល់ ហើយក្រោយមក គឺការស្វែងរកដំណោះស្រាយ។
 
លោក សុធា ថា បញ្ហាប្រឈមចម្បងៗរបស់ឪពុកម្តាយ រួមមានការស្វះស្វែងរកសាលារៀនដែលមានកម្មវិធីសិក្សាអប់រំពិសេសដល់កុមារអូទីហ្សឹម ការអប់រំផ្លូវចិត្តរបស់ឪពុកម្តាយក្នុងពេលប្រឈមនឹងការរើសអើងលើកូនរបស់ពួកគេ ព្រមទាំងការបែងចែកតួនាទីនិងពេលវេលា ការចំណាយថវិកាដ៏ច្រើន  ប្រសិនបើពួកគេព្យាយាមស្វែងរកគ្រឹះស្ថានអប់រំដែលមានគុណភាពអប់រំល្អ។
 
លោក សុធា និយាយថា៖ «កាលពី ២០១៤ មក បើនិយាយពីចំណាយថ្លៃអប់រំរបស់គាត់ វាប្រហែល  ៣០% នៃចំណូលខ្ញុំ»។
 
ក៏ប៉ុន្តែនៅកម្ពុជា មិនមែនកុមារអូទីហ្សឹមទាំងអស់អាចមានលទ្ធភាពទទួលបានការគាំទ្រ ដូចកូនរបស់លោក សុធា នោះទេ។
 
លោក ចាន់ សារិន ប្រធានបណ្តាញអូទីហ្សឹមកម្ពុជា ប្រាប់វីអូអេថា នៅកម្ពុជាមានកុមារអូទីហ្សឹមយ៉ាងហោចណាស់ជាង ២ម៉ឺននាក់។ នេះជាតួលេខប៉ាន់ប្រមាណពីការស្ទង់មតិមួយដែលលោក ចាន់  សារិន បានចងក្រងពីអង្គការពាក់ព័ន្ធបានធ្វើនៅឆ្នាំ ២០១៩។ ការស្ទង់មតិនោះបង្ហាញថា យ៉ាងហោចណាស់ ៧០% ឬ ៨០% នៃកុមារដែលមានសញ្ញាណនៃអូទីហ្សឹម គឺជាក្មេងប្រុស។
 
អ្នកជំនាញអាចវាយតម្លៃ ឬធ្វើរោគវិនិច្ឆ័យអូទីហ្សឹម នៅពេលកុមារមានវ័យប្រមាណ ៣ឆ្នាំ ឬក្រោមនេះ ដើម្បីផ្ទៀងផ្ទាត់ការលូតលាស់ជាក់ស្តែងរបស់កុមារ ទៅតាមការកំណត់ស្តង់ដាលូតលាស់ ឬអាចដឹងថាកុមារមានអូទីហ្សឹមកម្រិតណា ឬខ្សោយផ្នែកណាខ្លះ ដែលត្រូវការជំនួយពិសេស។
 

កុមារអូទីហ្សឹមម្នាក់កំពុងរៀនជាមួយគ្រូបង្រៀនជំនាញកម្មវិធីអប់រំពិសេស នៅសាលារៀនមួយក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០០៨។

ក្នុងរយៈពេលកុមារមានអាយុក្រោម ៣ឆ្នាំ អ្នកជំនាញអាចមានលទ្ធភាពខ្ពស់និងគ្រប់គ្រាន់ក្នុងការជួយឪពុកម្តាយឬអាណាព្យាបាល ឲ្យត្រៀមខ្លួនរួចរាល់ក្នុងការគាំទ្រ និងអប់រំកូនៗ នៅក្នុងដំណាក់កាលដែលសមត្ថភាពផ្នែកខួរក្បាលរបស់កូនៗពួកគេចាប់ផ្តើមអភិវឌ្ឍទៅមុខ ពិសេសផ្នែកទំនាក់ទំនងក្នុងសង្គម ការប្រាស្រ័យទាក់ទង និងការវិវត្តអាកប្បកិរិយា និងភាសាជាដើម។
 
នេះជាការលើកឡើងរបស់កញ្ញា សុខ សុគន្ធមាលា វ័យ ២៤ឆ្នាំ ជាគ្រូបង្រៀនផ្នែកកម្មវិធីអប់រំពិសេសនៅសាលាអប់រំ ខេភីសុីអេស។ កញ្ញា សុគន្ធមាលា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកចិត្តវិទ្យា កាលពីឆ្នាំ ២០១៩។
 
កញ្ញា សុគន្ធមាលា ថ្លែងថា៖ «យើងដឹងកាន់តែឆាប់កាន់តែល្អ យើងមានឱកាសច្រើនក្នុងការជួយគាត់។ ចឹងបានន័យថា បើឪពុកម្តាយគាត់សង្ស័យ ខ្ញុំអត់ចង់ឲ្យគាត់ពន្យារទេ កុំឲ្យគាត់ចាំមើលសិន។ ព្រោះអីបើសិនជាកុមារកាន់តែធំ យើងត្រូវចំណាយពេលជួយគាត់យូរទៀត។
 
មាលា បន្ថែមថា៖ «នៅពេលយើងបានព័ត៌មានទាំងអស់ហ្នឹងហើយ យើងជាគ្រូៗត្រូវត្រៀមរៀបផែនការជាមួយគាត់ បានន័យថា ចំណុចណាដែលយើងត្រូវជួយគាត់ដំបូងគេ»។
 
កម្មវិធីអប់រំពិសេសដល់កុមារអូទីហ្សឹម ត្រូវបានបែងចែកជា ២ វិធីសាស្ត្រ។ ទី ១ គឺការរៀបចំដាក់កុមារដែលមានអូទីហ្សឹមកម្រិតប្រហាក់ប្រហែលគ្នានៅជាបណ្តុំ សម្រាប់ការបង្រៀនជាក្រុម ដើម្បីបណ្តុះបណ្តាលជំនាញទំនាក់ទំនងក្នុងសង្គម ដែលជាឧបសគ្គចម្បងរបស់កុមារអូទីហ្សឹម។
 
ទី២ គឺការកំណត់ម៉ោងដាច់ដោយឡែកសម្រាប់ការបង្រៀនមួយទល់នឹងមួយរវាងគ្រូជំនាញផ្នែកអប់រំពិសេស និងកុមារអូទីហ្សឹម ដោយផ្តោតសំខាន់លើតម្រូវការពិសេសរបស់កុមាររៀងៗខ្លួន ហើយសង្កេតមើលការលូតលាស់របស់កុមារនោះ ជាអាទ៍មានការលូតលាស់យឺតផ្នែកនិយាយ សរសេរ អាន ឬការអប់រំអាកប្បកិរិយាជាដើម។
 
កង្វះស្ថាប័នអប់រំបណ្តុះបណ្តាលអ្នកជំនាញ និងគ្រូបង្រៀន
 
នៅកម្ពុជាការយល់ដឹងជាទូទៅអំពីអូទីហ្សឹម នៅក្នុងចំណោមប្រជាជនមានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមលោក ចាន់ សារិន ប្រធានបណ្តាញអូទីហ្សឹមកម្ពុជា និងជានាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដែលផ្តោតសំខាន់លើការអប់រំដល់កុមារអូទីហ្សឹម និងពិការសតិបញ្ញា។
 
ក៏ប៉ុន្តែឱកាសទទួលបានការអប់រំពិសេសរបស់កុមារអូទីហ្សឹមនៅមានកម្រិតនៅឡើយ ដោយសារកម្ពុជានៅខ្វះសាលារៀនពិសេស និងធនធានបណ្តុះបណ្តាលយ៉ាងខ្លាំងសម្រាប់កុមារអូទីហ្សឹម។
 
លោក ចាន់ សារិន ឲ្យដឹងទៀតថា ទោះបីជាកុមារអូទីហ្សឹមនៅកម្ពុជា មានចំនួនតិចនៅឡើយ បើធៀបនឹងកុមារទូទៅ (៣៣% នៃចំនួនពលរដ្ឋកម្ពុជាជាង ១៦លាននាក់ មានអាយុក្រោម ១៥ឆ្នាំ)កម្ពុជាត្រូវការគ្រូជំនាញអប់រំពិសេសបន្ថែមទៀត ដើម្បីធានាថា កុមារអូទីហ្សឹមមានលទ្ធភាពទទួលបានការអប់រំដែលត្រូវនឹងតម្រូវការលូតលាស់ប្រព័ន្ធប្រសាទរបស់ពួកគេ។
 
នាយកសាលារូបនេះឲ្យដឹងថា បច្ចុប្បន្នវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅមានផ្តល់កម្មវិធីអប់រំពិសេសត្រឹមកម្រិតមត្តេយ្យ និងបឋមសិក្សាប៉ុណ្ណោះ។ ហើយសាលារៀននេះមានលទ្ធភាពទទួលសិស្សបានត្រឹមជាង ២០០ នាក់ ក្នុងមួយឆ្នាំតែប៉ុណ្ណោះ។ នៅកម្ពុជា កុមារអូទីហ្សឹមនិងកុមារដែលមានពិការភាពផ្នែកសតិបញ្ញាមានចំនួនតិចជាង ១០នាក់ប៉ុណ្ណោះ ដែលកំពុងរៀនថ្នាក់អនុវិទ្យាល័យ។ វិទ្យាល័យនេះទើបតែត្រូវបានដាក់បញ្ចូលឲ្យក្លាយជាសាលាអូទីហ្សឹមថ្នាក់ជាតិមុនគេបង្អស់នៅកម្ពុជា នាដើមឆ្នាំ ២០២១ នេះ។
 
លោក ចាន់ សារិនថា៖ «បញ្ហាអូទីហ្សឹមគឺត្រូវការជួយឲ្យទាន់ពេលវេលា អ៊ីចឹងហើយបានជាមានការយល់ដឹងច្រើន ក៏ឪពុកម្តាយចាប់ផ្តើមចុះឈ្មោះ ហើយមកទល់ពេលនេះ យើងចុះឈ្មោះអត់បានគ្រប់គ្នាទេ។ នាពេលនេះ យើងមានកុមារអូទីហ្សឹមរហូតដល់ជិត ២០០ នាក់រង់ចាំ ហើយមានកុមារពិការសតិបញ្ញារហូតដល់ ៦០០ ជាង ដែលកំពុងរង់ចាំ»។
 
បើតាមលោក ចាន់ សារិន មូលហេតុដែលរដ្ឋាភិបាលសម្រេចបង្កើតសាលាអូទីហ្សឹមថ្នាក់ជាតិនេះ គឺដោយសារកម្ពុជាបានចូលរួមជាភាគីអនុសញ្ញាថ្នាក់ជាតិស្តីពីសិទ្ធជនពិការ និងគោលនយោបាយអប់រំបរិយាប័នឆ្នាំ ២០១៨ ដែលរាប់បញ្ចូលទាំងសេចក្តីត្រូវការរបស់ជនមានពិការភាពផ្នែកសតិបញ្ញា និងជនដែលមានអូទីហ្សឹម។
 
លោក ចាន់ សារិន បន្តថា៖ «ហើយកន្លងទៅពេលកុមារ យើងចប់ថ្នាក់បឋមតទៅអនុវិទ្យាល័យយើងរុញទៅសាលារដ្ឋ។ ប៉ុន្តែបរាជ័យ ដោយសារតែនៅសាលារដ្ឋគ្រូលោកអត់ទាន់ មានបទពិសោធន៍ គ្រប់គ្រាន់[ក្នុងការបង្រៀនកុមារអូទីហ្សឹម] ព្រោះលោកអត់ទាន់មានការបណ្តុះបណ្តាលពីខាងខ្ញុំ។ អ៊ីចឹងពេលកុមារទៅដល់ហ្នឹង គឺមានការឈប់រៀនសូត្រដោយសារគាត់រៀនអត់ចេះ។ អ៊ីចឹងបច្ចុប្បន្នយើងប្រឹងបុកខ្លាំងលើថ្នាក់មត្តេយ្យ ព្រោះការមានអន្តរាគមឲ្យទាន់ពេលគឺសំខាន់មែនទែន»។
 
លោក សារិន រំពឹងថាការបង្កើតសាលាអូទីហ្សឹមថ្នាក់ជាតិនេះ គឺជាជំហានវិជ្ជមានទៅកាន់ការគាំទ្រនិងអប់រំដល់កុមារអូទីហ្សឹមនៅកម្ពុជាដើម្បីឲ្យពួកគេអាចមានអាជីពកសាងសមត្ថភាព និងអភិវឌ្ឍទេព្យកោសលនាពេលអនាគត។
 
រីឯកញ្ញា សុខ សុគន្ធមាលាគ្រូបង្រៀនផ្នែកកម្មវិធីអប់រំពិសេស បានចងក្រងផលិតសៀវភៅមួយក្បាល ដែលមានចំណងជើងថា «សៀវភៅជំនួយសម្រាប់ឪពុកម្តាយកុមារអូទីហ្សឹម»។ កញ្ញាបានប្រាប់វីអូអេថា ការចងក្រងសៀវភៅនេះកើតឡើង ដោយសារនាងយល់ថាកម្ពុជាមិនទាន់មានឯកសារគ្រប់គ្រាន់នៅឡើយ នៅពេលដែលខ្លួនរៀនពាក់ព័ន្ធនឹងអូទីហ្សឹម។
 
កញ្ញា សុគន្ធមាលា លើកឡើងថាគ្រូអប់រំកុមារអូទីហ្សឹមតម្រូវឲ្យមានការអត់ធ្មត់ខ្ពស់ចេះបត់បែន និងសម្របខ្លួនក្នុងការជ្រើសរើសវិធីសាស្ត្រថ្មីៗ ដើម្បីបង្រៀនកុមារម្នាក់ទៅតាមភាពជាក់ស្តែង។ បន្ថែមលើនេះ ទំនាក់ទំនង ការសហការ និងភាពសុីសង្វាក់គ្នារវាងគ្រូនិងអាណាព្យាបាលកុមារពិតជាសំខាន់ក្នុងការបំពេញបន្ថែមគ្នា ដើម្បីជួយអភិវឌ្ឍនិងផ្តល់ការលូតលាស់ ដល់កុមារអូទីហ្សឹម ក្នុងការស្វែងរកទេព្យកោសល្យពិសេស ឬអាជីព នៅពេលពួកគេធំដឹងក្តី។
 
ខុសពីឪពុកម្តាយដទៃដែលគ្មានកូនមានអូទីហ្សឹម ឬពិការភាពផ្នែកសតិបញ្ញា ដែលរំពឹង «ទទួលបានការសងគុណពីកូន» នោះ លោក ទេព ច័ន្ទសុធា ថា លោកមិនអាច ហើយនឹងមិនរំពឹងអ្វីទាល់តែសោះពីកូនរបស់លោក ក្រៅពីធ្វើយ៉ាងណាឲ្យកូនរបស់លោកអាចរស់នៅចិញ្ចឹមជីវិតបានដោយឯករាជ្យ ហើយអាចចូលរួមនៅក្នុងសង្គម។
 
ហើយទោះបីកូនរបស់លោកកាន់កាំបិតមិនទាន់នឹង ឬហាន់បន្លែយឺតក្តី លោក សុធា សង្ឃឹមថា ដោយទទួលបានការគាំទ្រនិងការអប់រំត្រឹមត្រូវ កូនប្រុសរបស់លោកដែលមានអូទីហ្សឹម នឹងអាចចាប់យកការចម្អិនម្ហូបដែលខ្លួនចូលចិត្ត ធ្វើជាជំនាញជីវិតនាថ្ងៃខាងមុខ៕
 
ប្រភព:khmer.voanews.com
 
អ្នកនិពន្ធ:ហ៊ាន សុជាតា, ខាន់ សុគុំមនោ

© រក្សាសិទ្ធិដោយ thmeythmey.com