អន្តរជាតិ
ចិនប្រើការទូតអវកាសក្នុងការប្រកួតប្រជែងខាងអវកាសជាមួយអាមេរិក
06, Nov 2021 , 11:29 pm        
រូបភាព
រូបថតពី​អេក្រង់​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​លំហ​អវកាស​ប៉េកាំងនាថ្ងៃទី១៦ ខែតុលា។ រូបថត Xinhua
រូបថតពី​អេក្រង់​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​លំហ​អវកាស​ប៉េកាំងនាថ្ងៃទី១៦ ខែតុលា។ រូបថត Xinhua
ដោយ: VOA
ពួកអ្នកជំនាញនិយាយថា ប្រទេសចិន កំពុងពង្រីកកម្មវិធីអវកាសរបស់ខ្លួនទៅកាន់ប្រទេសឯទៀតៗ ដែលនាំឱ្យសហរដ្ឋអាមេរិកដែលជាគូប្រជែងពិបាកធ្វើដូច ហើយថាវិធានការរបស់ចិននេះ ក៏ចង់ធ្វើឱ្យស.រ.អ. នៅឯកោពីគេនៅលើផែនដីផងដែរ។

 
យានអវកាសដែលជំរុញផែនការអន្តរជាតិរបស់រដ្ឋាភិបាលចិនសម្រាប់ការទូតអវកាសនេះ មានឈ្មោះ Shenzhou-13 ដែលត្រូវបានបាញ់បង្ហោះកាលពីខែតុលាដោយមានអវកាសយាននិកបីនាក់ជិះក្នុងនោះ។
 
យានអវកាសនេះ ជាផ្នែកសំខាន់បំផុតនៃសា្ថនីយ៍អវកាសចិន ហើយនឹងឋិតក្នុងអវកាស ៦ខែ។ ទីភ្នាក់ងារព័ត៌មាន Xinhua របស់រដ្ឋនៃប្រទេសចិនបានឲ្យដឹងថា ការធ្វើដំណើរនេះ ជាការចាប់ផ្តើមការហោះក្នុងអវកាសរយៈពេលយូរបំផុតរបស់ចិន។ ក្រុមអវកាសយានិក នឹងពិនិត្យមើលប្រព័ន្ធទាំងអស់នៃស្ថានីយអវកាស ហើយជួយស្ថាបនាស្ថានីយនេះឱ្យរូចស្រេចបាច់ នៅដំណាច់ឆ្នាំក្រោយ។
 
រូបថត ដែលថតពីអេក្រង់នៅមជ្ឈមណ្ឌលគ្រប់គ្រងលំហអវកាសប៉េកាំងនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បង្ហាញពីអវកាសយានិកចិនបីនាក់ លើកដៃគ្រវី បន្ទាប់ពីចូលទៅក្នុងម៉ូឌុលស្នូលស្ថានីយអវកាស Tianhe។
 
គេហទំព័រព័ត៌មានរបស់កាសែត China Daily ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា ស្ថានីយអវកាសនេះ នឹងក្លាយជា«គម្រោងការមួយសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិខ្លាំងជាងមុន» និង«ស្វាគមន៍»ក្រុមអវកាសយានិកបរទេសផងដែរ។
 
លោក Marco Cáceres ជានាយកផ្នែកសិក្សាអវកាសនៃក្រុមហ៊ុនវិភាគទីផ្សារ Teal Group។ លោកបាននិយាយថា «ខ្ញុំយល់ថា នេះ ជាទំនាក់ទំនងសាធារណៈល្អមួយសម្រាប់ប្រទេសចិន។ លោកអ្នកឃើញថា មានការប្រកួតប្រជែងខាងអវកាសស្រេចហើយរវាងស.រ.អ. និងប្រទេសចិន»។
 
ប្រទេសចិន បានបង្ហោះផ្កាយរណបទីមួយរបស់ខ្លួនកាលពីឆ្នាំ១៩៧០ ហើយបានបញ្ជូនអវកាសយានិកដំបូងរបស់ខ្លួនទៅកាន់អវកាសកាលពីឆ្នាំ២០០៣ ហើយប្រទេសនេះ បានក្លាយទៅជាប្រទេសទីបី បន្ទាប់ពីរុស្សី និងអាមេរិក ដែលបានធ្វើកិច្ចការនេះ។ ក្រុមមន្ត្រីស.រ.អ. ស្ថិតក្នុងចំណោមមនុស្សឯទៀតៗដែលបារម្ភថា ចិន កំពុងស្វះស្វែងប្រើប្រាស់អវកាសសម្រាប់វិស័យយោធា ហើយគេ នឹងត្រូវការការយល់ព្រមពីសភាដើម្បីឱ្យមានកិច្ចសហការក្នុងអវកាសរវាងចិន និងអាមេរិក។
 
កិច្ចសហប្រតិបត្តិការអវកាសរវាងចិននិងប្រទេសក្រៅ
 
ក្រុមអ្នកជំនាញនិយាយថា ការឈោងដៃរបស់ចិនទៅប្រទេសឯទៀតៗ មានលើសពីទំនាក់ទំនងសាធារណៈ។ ចិន បានស្ថាបនាផ្កាយរណបសម្រាប់ពួកប្រទេសកំពុងអភិវឌ្ឍ ហើយបានចែកចាយទិន្នន័យផ្កាយវិទ្យាសាស្ត្រដើម្បីជួយដល់ការងារជួយសង្គ្រោះក្រោយមហន្តរាយធម្មជាតិ។ 
 
អ្នកស្រី Yun Sun សហនាយិកាកម្មវិធីអាស៊ីខាងកើតនៃមជ្ឈមណ្ឌល Stimson ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បាននិយាយថា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ចិន និងប្រេស៊ីល បានអភិវឌ្ឍផ្កាយរណបចាប់សញ្ញាពីចម្ងាយរួមគ្នា ពីព្រោះប្រេស៊ីលចង់ចែកចាយបច្ចេកវិទ្យារបស់ខ្លួនជាមួយចិន។
 
អង្គការ NASA បាននិយាយថា នៅឆ្នាំ ២០០៨ ចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហការអវកាសជាមួយប្រទេសអាហ្សង់ទីន ប្រេស៊ីល កាណាដា បារាំង ម៉ាឡេស៊ី ប៉ាគីស្ថាន អ៊ុយក្រែន និងគណៈកម្មការអឺរ៉ុប។
 
កាលពីឆ្នាំទៅមិញ ប៉ាគីស្ថានដែលជាសម្ព័ន្ធមិត្តរបស់ចិន បានក្លាយជាដៃគូយោធាទីមួយដែលអាចប្រើផ្កាយរណបស្ទង់ទិស និងទីតាំង BeiDou របស់រដ្ឋាភិបាលក្រុងប៉េកាំង។
 
រូបឯកសារ៖ រ៉ុក្កែត Long March-3B ដឹកផ្កាយរណប Beidou-3 ដែលជាផ្កាយរណបចុងក្រោយនៃប្រព័ន្ធផ្កាយរណប Beidou Navigation Satellite របស់ប្រទេសចិន ហោះចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Xichang ក្នុងខេត្ត Sichuan ប្រទេសចិន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។
 
អ្នកស្រី Yun Sun បាននិយាយថា ចិនក៏បានផ្តល់ទិន្នន័យពីផ្កាយរណបចាប់សញ្ញាពីចម្ងាយឱ្យជប៉ុន ក្រោយពីមានមហារលកសមុទ្រ Tsunami កាលពីឆ្នាំ ២០១១ ផងដែរ។ ចិន ក៏បានផ្តល់រូបភាពនៃការខូចខាតដោយសារភ្លើងឆេះព្រៃឱ្យអួស្ត្រាលីដែរ។ អ្នកស្រី Yun Sun បានបន្ថែមថា ផ្កាយរណបចិន បានផ្តល់រូបភាពផែនដីដោយមិនគិតថ្លៃដល់ក្រុមប្រទេសកំពុងអភិវឌ្ឍផងដែរ។
 
អ្នកស្រី Sun បានពោលថា «ទិន្នន័យប្រមូលដោយផ្កាយរណបទាំងនេះ មានការនិយមច្រើន ហើយជាទិន្នន័យដែលប្រទេសជាច្រើនត្រូវការ។ ដូច្នេះ សម្រាប់ពួកប្រទេសកំពុងអភិវឌ្ឍដែលគ្មានផ្កាយរណបពាណិជ្ជកម្ម ឬព័ត៌មានចែកចាយដោយពួកប្រទេសលោកខាងលិច ចិនផ្តល់ជម្រើសដ៏មានប្រយោជន៍មួយ»។
 
កាលពីខែកញ្ញា រុស្សី និងចិន បានយល់ស្របគ្នាបើកមូលដ្ឋានស្រាវជ្រាវរួមគ្នាអំពីព្រះច័ន្ទ ដែលធ្វើឱ្យភាគីទាំងពីរនេះ មានឥទ្ធិពលជាងមុន។
 
រូបឯកសារ៖ ភូគព្ភវិទូលោក Li Xianhua ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីបេសកកម្ម Chang'e 5 Moon នៅវិទ្យាស្ថានវិទ្យាសាស្ត្រចិនក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១។
 
លោក Richard Bitzinger ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៅមហាវិទ្យាល័យ S. Rajaratnam ខាងការសិក្សាអន្តរជាតិនៅសិង្ហបុរីដែលបំពេញទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន។ លោកបាននិយាយថា ចិនបានលក់សេវាបង្ហោះផ្កាយរណបឱ្យប្រទេសក្រៅដែរ។ លោកបានថ្លែងថា គេអាចជឿទុកចិត្តចិនបាន បើកចំហចំពោះការចែកចាយបច្ចេកវិទ្យា ហើយ«យកសោហ៊ុយតិចជាងពួកគូប្រជែង»។
 
លោក Bitzinger បានពោលថា ក្រុមប្រទេសដៃគូ អាចយល់ឃើញថា ការរុករករួមគ្នាក្នុងអវកាស អាចជា«ជំហានសមហេតុផលបន្ទាប់»។
 
លោក Bitzinger បាននិយាយថា «ខ្ញុំយល់ថា អ្វីដែលចិនព្យាយាមនិយាយ គឺថា «យើង ជាអ្នកផ្តល់សេវាក្នុងតម្លៃទាប់។ យើង ជាដៃគូដែលមិនសាកសួរច្រើនទេ។ ហើយមិនដូចស.រ.អ.ទេ យើង រីករាយក្នុងការចាត់ទុកលោកអ្នកស្មើនឹងខ្លួនយើង»។ សម្រាប់ប្រទេសជាច្រើន ទាំងនេះមិនមែនជាផលមិនល្អខាងនយោបាយ ឬខាងយុទ្ធសាស្ត្រក្នុងការទាក់ទងជាមួយចិនក្នុងវិស័យទាំងនេះទេ»។
 
កាសែត China Daily បានផ្សាយកាលពីថ្ងៃទី១៦តុលាថា កិច្ចសហការបានចាប់ផ្តើមហើយរវាងចិន និង«ប្រទេសខ្លះទៀត»សម្រាប់ជ្រើសរើស និងហ្វឹកហ្វឺនក្រុមអវកាសយានិក។ សារព័ត៌មាននេះ បាននិយាយថា ទីភ្នាក់ងារអវកាសចិន ធ្វើការជាមួយការិយាល័យអ.ស.ប.ខាងកិច្ចការក្រៅអវកាសដើម្បីអញ្ជើញសមាជិកខ្លះរបស់អ.ស.ប.ឱ្យធ្វើការពិសោធន៍វិទ្យាសាស្ត្រនៅក្នុងស្ថានីយ៍អវកាស Tianhe។
 
នៅក្នុងរូបភាពដែលចេញផ្សាយដោយការិយាល័យវិស្វកម្មអវកាសចិន Manned Space Engineering កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ បង្ហាញពីអវកាសយានិកជនជាតិចិនលោក Tang Hongbo នៃបេសកកម្ម Shenzhou-12 ធ្វើការនៅខាងក្នុងម៉ូឌុលស្នូល Tianhe នៃស្ថានីយអវកាសចិន។
 
លោក Cáceres បាននិយាយថា ស្ថានីយ៍អវកាសចិន ទំនងជានឹងធ្វើ«ការពិសោធន៍រាប់ពាន់» នៅដែនទំនាញផែនដីទាប ហើយនឹងអាចទទួលបណ្តាប្រទេសដែលមិនអាចទៅដល់ស្ថានីយអវកាសអន្តរជាតិបាន។
 
លោក Alexander Vuving ជាសាស្ត្រាចារ្យនៅមជ្ឈមណ្ឌលអាស៊ី-ប៉ាស៊ីហ្វិក  Daniel K. Inouye ខាងការសិក្សាអំពីសន្តិសុខនៅរដ្ឋ Hawaii។ លោកបាននិយាយថា «នៅពេលចិន អញ្ជើញប្រទេសឯទៀតៗឱ្យទៅស្ថានីយអវកាសខ្លួន ចិននឹងក្លាយជាមេដឹកនាំ។ ដូច្នេះ ការណ៍នេះបង្ហាញថា ចិនអាចប្រកួតប្រជែងជាមួយស.រ.អ. រុស្សី និងសហភាពអឺរ៉ុបបាន ដែលប្រទេសទាំងនេះ សុទ្ធតែជាប្រទេសមានឧស្សាហកម្មជឿនលឿនបំផុត»។
 
ឱកាសចិនក្នុងការឈ្នះសហរដ្ឋអាមេរិក
 
លោក Cáceres បាននិយាយថា កម្មវិធីអវកាសស.រ.អ. «មិនសូវសកម្ម»ដូចចិនទេក្នុងការជួយក្រុមប្រទេសក្រីក្រ ហើយអសកម្មភាពរបស់អាមេរិក អាច«នាំឱ្យមានផលមិនល្អ» ពីព្រោះចិន ប្រើប្រាស់តំបន់ក្រៅអវកាសជាមួយរដ្ឋាភិបាលឯទៀតៗ។
 
លោក Bitzinger បាននិយាយថា ក្រុមប្រទេសកំពុងអភិវឌ្ឍ ចង់ឱ្យមានការបង្ហោះក្នុងតម្លៃថោកបំផុត។ ទោះជាប្រទេសទាំងនោះ ចូលចិត្តផលិតផលអាមេរិកាំងក៏ដោយ ក៏ពួកគេទំនងមានប្រាក់កាសសម្រាប់ទិញតែផលិតផលចិនប៉ុណ្ណោះ។ នេះមានន័យថា ស.រ.អ. អាច«ចាញ់ប្រៀប»។
 
ច្បាប់ស.រ.អ.មួយកាលពីឆ្នាំ២០១១ រារាំងអង្គការ NASA មិនឱ្យប្រើថវិកាខ្លួនសម្រាប់ទាក់ទងជាមួយរដ្ឋាភិបាលចិន និងអង្គការពាក់ព័ន្ធរដ្ឋាភិបាលចិនទេ បើគ្មានការយល់ព្រមពីសភា និងការិយាល័យ FBI។ លោក Cáceres បានពោលថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានជំនឿថា រដ្ឋាភិបាលក្រុងប៉េកាំង«គឃ្លើនណាស់ក្នុងអវកាស»។
 
មុខនាទីរបស់រដ្ឋាភិបាលអាមេរិកក្នុងស្ថានីយ៍អវកាសអន្តរជាតិ បានដាក់កម្មវិធីអវកាសខ្លួនដែលមានអាយុ៦០ឆ្នាំមកហើយ ឱ្យមានទំនាក់ទំនងជាមួយបណ្តាទីភ្នាក់ងាររុស្សី អឺរ៉ុប ជប៉ុន និងកាណាដា។ នៅឆ្នាំ២០១៣ រដ្ឋាភិបាលអាមេរិក បានដកបច្ចេកវិទ្យាផ្កាយរណបចេញពីបញ្ជីនៃបណ្តាវត្ថុគ្រប់គ្រងការដឹកជញ្ជូន ដើម្បីជួយក្រុមអ្នកផលិតឱ្យប្រកួតប្រជែងនៅក្រៅប្រទេស។ លោក Vuving បាននិយាយថា នៅពេលនេះ ស.រ.អ. ផ្តល់អាទិភាពដល់ការប្រកួតប្រជែងក្នុងអវកាសតិចជាងកាលពីសម័យសង្គ្រាមត្រជាក់។
 
អង្គការ NASA មិនបានឆ្លើយនឹងសំណើសុំអត្ថាធិប្បាយទេ៕
 
ប្រែសម្រួលដោយលោក ឈឹម សុមេធ

© រក្សាសិទ្ធិដោយ thmeythmey.com