កីឡាអន្តរជាតិ
អន្តរជាតិ
Norwich បណ្តេញគ្រូ ទោះបីបានដឹកនាំក្រុមស្គាល់ឈ្នះលើកដំបូងក្នុងរដូវកាល
07, Nov 2021 , 10:38 am        
រូបភាព
លោក Farke នាពេលអបអរជ័យជម្នះជាមួយក្រុមអ្នកគាំទ្រ។ រូបថត Norwich
លោក Farke នាពេលអបអរជ័យជម្នះជាមួយក្រុមអ្នកគាំទ្រ។ រូបថត Norwich
ក្លិប Norwich City បានប្រកាសពីការបណ្តេញលោក Daniel Farke ចេញពីតំណែង នាប៉ុន្មានម៉ោងក្រោយពេលដែលគ្រូបង្វឹករូបនេះ ដឹកនាំក្រុមឲ្យស្គាល់ជ័យជម្នះលើកដំបូងបំផុតក្នុង Premier League នារដូវកាលនេះ។



ក្រុមចាបលឿង បានទទួលជ័យជម្នះ ២-១ នៅទឹកដី Brentford ប៉ុន្តែបន្តឈរនៅបាតតារាងដោយមានត្រឹម៥ពិន្ទុពី១១ប្រកួត។

លោក Farke បាននាំក្រុមឡើងពីក្របខណ្ឌ Championship ចំនួន២លើក បើគិតចាប់តាំងពីឆ្នាំ២០១៧មក។ ទាក់ទងនឹងការបណ្តេញគ្រូបង្វឹកអាល្លឺម៉ង់ វ័យ៤៥ឆ្នាំ លោក Stuart Webber នាយកកីឡារបស់ Norwich បានបញ្ជាក់ថា វាជាពេលវេលាដែលត្រូវផ្លាស់ប្តូរដើម្បីស្វែងរកឱកាសរក្សាខ្លួនក្នុងក្របខណ្ឌ Premier League។

ក្នុងបទសម្ភាសជាមួយ BBC Sport នាការប្រកួតចុងក្រោយ លោក Farke មិនបានទទួលព័ត៌មានទាល់តែសោះទាក់ទងនឹងការបញ្ចប់តំណែងរបស់ខ្លួន ដោយលោកតាំងចិត្តនៅក្រុមឲ្យឈរជាប់ក្នុងក្របខណ្ឌកំពូល។

ក្រុមការងាររបស់លោក Farke រួមមាន លោក Eddie Riemer, Chris Domogalla និង Christopher John ក៏ត្រូវចាកចេញពីក្លិបផងដែរ ខណៈក្លិបអះអាងថា សមាភាពដឹកនាំថ្មីនឹងត្រូវប្រកាសក្នុងរយៈពេលដ៏ខ្លី៕


© រក្សាសិទ្ធិដោយ thmeythmey.com