អន្តរជាតិ
លោក ស៊ី៖ បើអំពើពុករលួយបន្តរាលដាល វានឹងឈានដល់ការបំផ្លាញបក្ស និងការដួលរលំរដ្ឋាភិបាល
07, Nov 2021 , 7:29 pm        
រូបភាព
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបថត Xinhua
ប្រធានាធិបតីចិន លោក ស៊ី ជិនភីង។ រូបថត Xinhua
ដោយ: រួបរួម
២០២១ ជាឆ្នាំទី៩នៃយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលលោកប្រធានាធិបតី ស៊ី ជិនភីង បានកំណត់ជាទ្រង់ទ្រាយធំក្នុងប្រវត្តិសាស្ត្រចិន ជាពិសេសការបោសសម្អាតក្នុងចំណោមមន្ត្រីអនុវត្តច្បាប់។

 
«ប្រសិនបើអំពើពុករលួយនៅតែបន្តរាលដាល វានឹងឈានដល់ការបំផ្លាញបក្សមួយ និងការដួលរលំនៃរដ្ឋាភិបាលមួយ»។ នេះជាសារក្រើនរំលឹករបស់មេដឹកនាំចិន លោក ស៊ី ជិនភីង ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Xinhua។
 
របាយការណ៍បានបង្ហាញថា មន្ត្រីជាន់ខ្ពស់ចិនជាង២០នាក់ ដែលកាន់ផ្នែកហិរញ្ញវត្ថុ ដោយអ្នកខ្លះត្រូវបានផ្តន្ទាទោស រីឯខ្លះទៀតស្ថិតក្រោមការស៊ើបអង្កេតនៅឆ្នាំនេះ។ នារយៈពេល៣០ថ្ងៃចុងក្រោយ អតីតមន្ត្រីជាន់ខ្ពស់ម្នាក់ ត្រូវស្ថិតក្រោមការស៊ើបអង្កេត និងម្នាក់ទៀតត្រូវបានកាត់ទោសពីបទប្រព្រឹត្តអំពើពុករលួយផងដែរ។
 
យោងតាម Xinhua នារយៈពេល៩ឆ្នាំចុងក្រោយ មន្ត្រីកម្រិតក្រសួង និងលើនេះ ជាង៤០០នាក់ បានជាប់ទោស និងស្ថិតក្រោមការស៊ើបអង្កេតពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងនោះមានអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយបក្សកុំម្មុយនិស្ដចិន (CPC) និងអតីតអនុប្រធានពីររូបនៃគណៈកម្មាធិការយោធាមជ្ឈិម។
 
កាលពីថ្ងៃទី២៩ ខែមករា តុលាការក្រុងធានជីន បានកាត់ទោសប្រហារជីវិត លោក Lai Xiaomin  អតីតមេក្រុមហ៊ុនរដ្ឋ Huarong ពីបទពុករលួយ ស៊ីសំណូក និងរស់នៅជាមួយប្រពន្ធលួចលាក់បំពានច្បាប់។ ក្នុងសវនាការ លោកត្រូវចោទថា ទទួលសំណូក២៦០លានដុល្លារក្រោមទម្រង់ជាអំពើពុករលួយផ្សេង។ លោកក៏ត្រូវរកឃើញថា មានកំហុសពីបទទ្វេពន្ធភាពដោយរស់នៅជាមួយស្ត្រីម្នាក់ក្រៅចំណងអាពាហ៍ពិពាហ៍ស្របច្បាប់ និងមានកូនមិនស្របច្បាប់ផង។
 
 
សម្រាប់ប្រធានាធិបតីចិន អំពើពុករលួយជាសត្រូវដ៏ធំបំផុតរបស់លោក ហើយរដ្ឋាភិបាលបច្ចប្បន្នកំពុងយកចិត្តទុកដាក់បោសសម្អាតអំពើពុករលួយក្នុងស្ថាប័នសាធារណ ជាពិសេសក្នុងចំណោមកងកម្លាំងប្រដាប់អាវុធចិនគ្រប់ជាន់ថ្នាក់។ 
 
រយៈពេលជាច្រើនទសវត្សមកហើយ អំពើពុករលួយបានចាក់ស្រេះយ៉ាងជ្រៅក្នុងស្ថាប័នកងកម្លាំងរបស់ចិន ហើយមន្ត្រីជាន់ខ្ពស់ជាច្រើននាក់រងការចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងការស៊ីសំណូកសូកប៉ាន់ និងអំពើពុករលួយក្នុងរូបភាពផ្សេងៗគ្នា។ ប៉ុន្តែគេឃើញចំណាត់ការបង្ក្រាបអំពើពុករលួយកើតមានឡើងនៅក្នុងប្រទេសចិនតាំងពីចុងទសវត្សទី៩០មកម្ល៉េះ ដោយគេហាមឃាត់រាល់ក្រុមមន្ត្រីយោធាបើកជំនួញឬក្រុមហ៊ុនធំៗ ដើម្បីបង្ការអំពើពុករលួយ៕

© រក្សាសិទ្ធិដោយ thmeythmey.com