កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់មេដាយមាសអូឡាំពិក Jepchirchir ឈ្នះការរត់ប្រណាំងម៉ារ៉ាតុននៅទីក្រុង New York
09, Nov 2021 , 8:29 am        
រូបភាព
កីឡាការិនី Peres Jepchirchir សញ្ជាតិកេនយ៉ាបានឈ្នះការរត់ប្រណាំងម៉ារ៉ាតុន ដែលប្រព្រឹត្តិនៅទីក្នុង New York លើកទី៥០ កាលពីថ្ងៃទី៧ ខែវិច្ឆិកា។ ការរត់ប្រណាំងផ្នែកបុរសកីឡាករ Albert Korir ក៏បានឈ្នះការប្រកួតរត់ប្រណាំងម៉ារ៉ាតុន New York នេះដូចគ្នា។



Jepchirchir គឺជាកីឡាការិនីកេនយ៉ាដំបូង ដែលបានឈ្នះមេដាយមាសអូឡាំពិក និងឈ្នះការរត់ប្រណាំងម៉ារ៉ាតុន ក្នុងឆ្នាំតែមួយ។ កីឡាការិនីរូបនេះ បានរត់មកដល់ទីមុនកីឡាការិនីដទៃទៀត ក្នុងថេរវេលា ២ម៉ោង ២២នាទីនិង៣៩វិនាទី ចំណែកកីឡាការិនី Viola Cheptoo និងកីឡាការិនីអេត្យូពី Ababel Yeshaneh មកដល់ទីក្នុងចំណាត់ថ្នាក់លេខ២ និងលេខ៣ ជាបន្តបន្ទាប់។
 
ជាមួយនឹងជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើល Jepchirchir បាននិយាយថា« បន្ទាប់ពីខ្ញុំឈ្នះមេដាយមាសអូឡាំពិកសម្រាប់ការរត់ប្រណាំងនេះ ខ្ញុំមិនគិតថាខ្ញុំនឹងឈ្នះម្តងទៀតនោះទេ។ខ្ញុំបានបញ្ចប់ការហ្វឹកហាត់យ៉ាងជោគជ័យ ខ្ញុំបានព្យាយាមធ្វើវាដោយហ្មតចត់ ខ្ញុំបានត្រៀមរួចរាល់មុនការប្រកួត ខ្ញុំពិតជាសប្បាយចិត្តសម្រាប់ជ័យជម្នះនេះ»។
 
ចំណែកកីឡាករ Albert Korir ដែលជាកីឡាករឈ្នះការប្រកួតរត់ផ្នែកបុរស បានរត់ដល់ទីព្រ័ត្រ ដោយប្រើរយៈពេល ២ម៉ោង ៨នាទីនិង២២វិនាទី ខណៈដែលកីឡាករសញ្ជាតិម៉ារ៉ុក Mohamed El Aaraby បានបញ្ចប់ចំណាត់លេខ ២ ដោយមកដល់ទីក្រោយរយៈពេល ៤៤វិនាទី។ ចំណែក កីឡាករអ៊ីតាលី Eyob Faniel មកដល់ទីលេខ៣៕

Tag:
 Peres Jepchirchir
  New York Marathon
© រក្សាសិទ្ធិដោយ thmeythmey.com