កីឡាអន្តរជាតិ
អន្តរជាតិ
Ferdinand ថា Solskjaer គួរតែដល់ពេលសុំក្លិបចាកចេញដោយខ្លួនឯង
09, Nov 2021 , 3:56 pm        
រូបភាព
អ្នកចាត់ការក្លិប Manchester United លោក Ole Gunnar Solskjaer គួរតែលើកដៃខ្លួនឯងចុចប៊ូតុងសុំចាកចេញពីទឹកដី Old Trafford ជាជាងត្រូវបានក្លិបបណ្តេញចេញ។ នេះជាសម្តី Rio Ferdinand អតីតខ្សែការពារក្រុមបិសាចក្រហម Manchester United។



លោក Solskjaer ដែលកំពុងដឹកនាំក្រុមបិសាចក្រហម​ក្នុងរដូវកាលថ្មីនេះ ទទួលរងសម្ពាធកាន់តែធ្ងន់ធ្ងរក្រោយពីក្លិបបន្តចាញ់ម្តងហើយម្តងទៀត។ កាលពីប្រកួតលីគកំពូលអង់គ្លេសសប្តាហ៍ទី១១ បិសាចក្រហមបានចាញ់ក្រុមមេឃខៀវ Manchester City ២-០ ក្នុងទឹកដី Old Trafford ក្រោយទើបចាញ់ក្រោមថ្វីជើង Liverpool ៥-០។
ចាប់តាំងពី​ ២០១៩ ដែលចូលមកដឹកនាំក្រុមបិសាចក្រហម លោក Solskjaer មិនទាន់បានជួយឲ្យក្រុមឈ្នះពានរង្វាន់ណាមួយនៅឡើយ។ អតីតខ្សែការពារដ៏ខ្លាំង Rio Ferdinand យល់ថា Solskjaer គួរស្វែងរកផ្លូវចាកចេញហើយ។
 
«ដំបូងឡើយ Ole ចូលមកដឹកនាំ ហើយបានផ្តល់ក្តីសង្ឃឹមដល់យើង។ Ole ចូលមកដើម្បីជួយយើងឈ្នះពានក្នុងលីគជាថ្មី ប៉ុន្តែនៅពេលនេះសមត្ថភាពប្រជែងពាននៅទីណា។ ខ្ញុំអង្គុយមើលរបៀបដែលក្រុមលេងគឺគ្មានតិចនិចអ្វីសោះ ខ្ញុំមិនរំពឹងទេថាក្រុមអាចឈ្នះពានលីគនោះ។» នេះជាសម្តីរបស់អតីតខ្សែការពារ Ferdinand ដែលធ្លាប់ជួយ Man UTD ឈ្នះពាន Premier League ៦ដង និង UCL ម្តង និយាយក្នុងកម្មវិធី Vibe With Five។
 
គួរបញ្ជាក់ដែរថា ៦ប្រកួតចុងក្រោយរបស់ក្រុមបិសាចក្រហម Man Utd  ទទួលលទ្ធផលចាញ់៣ ឈ្នះ២ និងស្មើ១ ឈរនៅចំណាត់ថ្នាក់លេខ៦ ក្នុងតារាង Premier League មាន១៧ពិន្ទុ ខណៈ Chelsea ដែលឈរកំពូលតារាងហើយនាំមុខបិសាចក្រហម៩ពិន្ទុ៕

Tag:
 Rio Ferdinand
  Manchester United)
© រក្សាសិទ្ធិដោយ thmeythmey.com