អន្តរជាតិ
UN ​ថា​ ចំនួន​មនុស្ស​ប្រឈម​នឹង​ការ​ស្រេក​ឃ្លាន​កើន​ឡើង​ខ្លាំង​ក្នុង​ខែ​វិច្ឆិកា
09, Nov 2021 , 11:29 pm        
រូបភាព
កុមារដែលខ្វះអាហារូបត្ថម្ភនៅមន្ទីរពេទ្យ Al Sabeen ក្រុង Sanaa ប្រទេសយ៉េមែន កាលពីឆ្នាំ២០២០។ រូបថត Xinhua
កុមារដែលខ្វះអាហារូបត្ថម្ភនៅមន្ទីរពេទ្យ Al Sabeen ក្រុង Sanaa ប្រទេសយ៉េមែន កាលពីឆ្នាំ២០២០។ រូបថត Xinhua
ដោយ: VOA
រ៉ូម — ទី​ភ្នាក់ងារ​ស្បៀង​អាហារ​អង្គការ​សហ​ប្រជាជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ថា​ ចំនួន​មនុស្ស​ដែល​កំពុង​ប្រឈម​នឹង​ភាព​ស្រេក​ឃ្លាន​កំពុង​កើន​ឡើង​ខ្លាំង​រហូត​ដល់​៤៥​លាន​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន​៤៣ ស្រប​ពេល​ដែល​ស្ថាន​ភាព​គ្រោះ​ទុរ្ភិក្ស​ដ៏​ធ្ងន់ធ្ងរ​កំពុង​កើត​មាន​ច្រើន​នៅ​ជុំវិញ​ពិភព​លោក។​ នេះបើ​តាម​ទីភ្នាក់​ងារ​ព័ត៌មាន​ AFP។

 
ចំនួន​មនុស្ស​ដែល​ប្រឈម​នឹង​គ្រោះ​ទុរ្ភិក្ស ​ហក់​ឡើង​លើស​ពី​៤២​លាន​នាក់​កាល​ពី​ដើម​ឆ្នាំ​នេះ​គឺ​ដោយ​សារ​ការ​វាយ​តម្លៃ​អំពី​សន្តិសុខ​ស្បៀង​អាហារដែល​រក​ឃើញ​ថា ​ មនុស្ស​ប្រមាណ​៣​លាន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ កំពុង​ប្រឈម​នឹង​ភាព​ស្រេក​ឃ្លាន។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ (WFP)។​
នាយក​ប្រតិបត្តិ​នៃ​អង្គការ​ស្បៀង​អាហារ​ពិភព​លោក លោក​ David Beasley ​ត្រូវ​បាន​គេ​ស្រង់​សម្តី​ថា​ «មនុស្ស​រាប់​លាន​នាក់​មាន​ស្ថានភាព​ដ៏​អាក្រក់។​ យើង​ប្រឈម​នឹង​ជម្លោះ ការ​ប្រែ​ប្រួល​អាកាសធាតុ​ និង​ការ​រាត​ត្បាតនៃ​ជំងឺ​កូវីដ១៩ ​ដែល​បង្កើន​ចំនួន​មនុស្ស​ប្រឈម​នឹង​ការ​ស្រេក​ឃ្លាន​ខ្លាំង»។​
 
លោក​បន្ថែម​ថា​ «ហើយ​ទិន្នន័យ​ចុងក្រោយ​បំផុត​នេះ​បាន​បង្ហាញ​ថា​ពេល​នេះ​មាន​មនុស្ស​ជាង​៤៥​លាន​នាក់នៅ​ជុំវិញ​ពិភព​លោក​កាន់​តែ​ជិត​មាន​គ្រោះ​ទុរ្ភិក្ស ។ ​លោក​បាន​លើក​ឡើង​ដូច​នេះ​បន្ទាប់​ពី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាហ្វអាហ្គានីស្ថាន​ ដែល​នៅ​ទី​នោះ​អង្គការ​ស្បៀង​អាហារ​ពិភព​លោក​កំពុង​បង្កើន​ការ​គាំទ្រ​ដល់​មនុស្ស​ប្រមាណ​ជិត​២៣​លាន​នាក់។
លោក​បាន​បន្ថែម​ថា ​«តម្លៃ​ប្រេង​ឥន្ធនៈ​អាហារ​និង​ជីរ​ឡើង​ថ្លៃ​ ហើយ​បញ្ហា​ទាំង​អស់​នេះ​នាំឱ្យ​ទៅ​ជា​វិបត្តិ​ថ្មី ​ដូចវិបត្តិ​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​និង​គ្រោះ​អាសន្ន​ដ៏យូរ​ដូចជា​នៅ​ប្រទេស​យេម៉ែន ​និង​ស៊ីរី»។​
 
អង្គការ​ស្បៀង​អាហារ​ពិភព​លោក​បាន​និយាយ​ថា ​ការ​ចំណាយ​លើ​ការ​ទប់ស្កាត់​ទុរ្ភិក្ស​នៅ​ទូទាំង​ពិភព​លោក​ឥឡូវនេះ​មាន​ចំនួន ​៧​ ពាន់​លាន​ដុល្លារ​គឺ​ឡើង​ពី ​៦,៦​ពាន់លាន​ដុល្លារ​កាល​ពីដើម​ឆ្នាំ​នេះ​ ប៉ុន្តែ​បាន​ព្រមាន​ថា​ លំហូរ​មូលនិធិ​តាម​ទម្លាប់​ត្រូវ​បាន​ពង្រីក​ហួស​ប្រមាណ។ ​គ្រួសារ​ដែល​ប្រឈម​មុខ​នឹង​អសន្តិសុខ​ស្បៀង​ធ្ងន់ធ្ងរ​កំពុង​ត្រូវ​បាន​«បង្ខំឱ្យ​យក​ជម្រើស​ដ៏​អាក្រក់»​ដូច​ជា​រៀបការ​កូន​ពីក្មេង​ ឱ្យ​ពួក​គេ​ឈប់​រៀន ​ឬ​ឱ្យ​ពួកគេ​បរិភោគ​សត្វ​កណ្តូប ​ស្លឹក​ឈើ​ព្រៃ ​ឬ​ដើម​ដំបង​យក្ស។​
 
អង្គការ​នេះ​និយាយ​ថា ​«ទន្ទឹម​នឹង​នោះ ​របាយ​ការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​និយាយ​ពី​ក្រុម​គ្រួសារ​ដែល​គេ​រាយ​ការណ៍​ថា​ត្រូវ​បាន​បង្ខំ​ឱ្យ​លក់​កូន​ដើម្បី​រស់»។​
គ្រោះ​រាំងស្ងួត​ជាច្រើន​នៅក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​រួមផ្សំ​ជាមួយ​នឹង​ការ​ដួល​រលំ​នៃ​សេដ្ឋកិច្ច​បាន​រុញច្រាន​ឱ្យ​គ្រួសារ​នានា​កាន់​តែ​ប្រឈម​នឹង​ទុរ្ភិក្ស​ ខណៈ​មនុស្ស​ប្រមាណ​ ១២,៤​ លាន​នាក់​នៅក្នុង​ប្រទេស​ស៊ីរី​មិន​ដឹង​ថា​ បាន​អាហារ​ពីណា​ហើយ​វា​ជា​ចំនួន​ច្រើន​ជាង​ពេល​មាន​ជម្លោះ​មួយ​ទស​វត្សរ៍។​
 
ទីភ្នាក់ងារ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​រ៉ូម​បាន​និយាយ​ថា​ កំណើន​ភាព​ស្រេក​ឃ្លាន​ធ្ងន់ធ្ងរ​ក៏មាន​នៅ​ក្នុង​ប្រទេស​អេត្យូពី​ ហៃទី ​សូម៉ាលី ​អង់ហ្គោឡា ​កេនយ៉ា ​និង​ប៊ូរុនឌី​ផង​ដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com