អន្តរជាតិ
លោក​ Obama​ ថ្លែងថា ​មិនទាន់​មាន​ការ​ប្រឹងប្រែង​គ្រប់គ្រាន់​អំពី​បញ្ហា​អាកាសធាតុ
10, Nov 2021 , 11:29 pm        
រូបភាព
ដោយ: VOA
វ៉ាស៊ីនតោន — អតីត​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ លោក​ Barack Obama​ បាន​ប្រាប់​សន្និសីទ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​ទីក្រុង ​Glasgow ​ប្រទេស​ស្កុតលែន ​កាលពី​ថ្ងៃចន្ទ​ថា​ មេ​ដឹកនាំ​ពិភពលោក​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​នេះ​«មិនទាន់​បាន​ធ្វើការ​គ្រប់គ្រាន់​ទេ»​ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ។​

 
ថ្លែង​ក្នុង​អំឡុង​សប្តាហ៍​ទីពីរ​នៃ​កិច្ច​ពិភាក្សា​អំពី​អាកាសធាតុ​(COP26) ​ លោក​ Obama បាន​និយាយ​ថា​ ប្រទេស​ភាគ​ច្រើន​មិន​បាន​ធ្វើ​តាម​ការ​ប្តេជ្ញាចិត្ត​ដែល​បាន​ធ្វើ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​សន្និសីទ​អំពី​អាកាសធាតុ​នៅ​ទីក្រុង​ប៉ារីស​ឆ្នាំ ​២០១៥​ទេ​ ហើយ​ថា​ ពិភពលោក​នៅ​យឺតយ៉ាវ​ខ្លាំង​ក្នុង​ការ​ទប់​ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។​
 
លោក​បាន​និយាយ​ថា​ រឿង​ដែល​ធ្វើ​ឱ្យ​«ធ្លាក់​ទឹក​ចិត្ត​ជា​ពិសេស»​នោះ​គឺ​មេដឹកនាំ​ប្រទេស​ចិន​ និង​រុស្ស៊ី​ ដែល​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​បង្កើន​កម្តៅ​ផែន​ដ៏​ច្រើន​បំផុត​ បាន​បដិសេធ​មិន​ចូលរួម​ក្នុង​សន្និសីទ​នៅ​ទីក្រុង​Glasgow​ ដោយ​លោក​និយាយ​ថា​ ប្រទេស​ទាំងពីរ​បាន​បង្ហាញ​អ្វី​ដែល​«ហាក់ដូច​ជា​ខ្វះ​ការ​ត្រៀម​ទល់ទល់​គ្រោះថ្នាក់»​ ពី​ការ​ប្រែប្រួល​អាកាស​ធាតុ។​
 
ចិន​គឺ​ជា​ប្រទេស​បញ្ចេញ​កាបូន​ដ៏​ច្រើន​បំផុត​ក្នុង​ពិភពលោក។​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ទៅ​កាន់​សន្និសីទ​កាលពី​សប្តាហ៍​មុន​ ប្រធានាធិបតី​ចិន​លោក​ Xi Jinping ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ផ្សេង​ទៀត​«បង្កើន​កិច្ច​សហ​ប្រតិបត្តិការ»​ និង​ធ្វើ​សកម្មភាព​លើ​បញ្ហា​អាកាសធាតុ។ ​ទោះជាយ៉ាងណា​លោក ​Xi Jinping ​មិន​បាន​ធ្វើ​ការ​សន្យា​ថ្មី​ទេ។​
 
លោក Obama ​បាន​និយាយ​ថា ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន ​ដូចជា​សហ​រដ្ឋ​អាមេរិក​ និង​ប្រទេស​នៅ​អឺរ៉ុប​ ចាំបាច់​ត្រូវតែ​ដឹកនាំ​គេ​លើ​បញ្ហា​នេះ ​ ហើយ​ប្រទេស​ចិន​រុស្ស៊ី ​និង​ឥណ្ឌា​ក៏​គួរ​ធ្វើ​ដូច​គ្នា​ដែរ។ លោក​បាន​ថ្លែង​ថា៖ ​«យើង​មិន​អាច​ទុក​ចិត្ត​អ្នក​មិន​ចូល​រួម​នោះ​ទេ»។
 
លោក​ក៏បាន​អះអាង​ដែរ​ថា​ ជា​ការ​ចាំបាច់​ណាស់​ស្តាប់​មតិ​អ្នក​ដែល​ជំទាស់​នឹង​វិធានការ​រហ័ស​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ។​
 
លោក​ Obama បាន​ថ្លែង​ថា៖«យើង​ពិតជា​ត្រូវ​ស្តាប់​មតិ​ជំទាស់​របស់​ពួកគេ​ និង​យល់​ពី​ភាព​ស្ទាក់ស្ទើរ​របស់​ពលរដ្ឋ​សាមញ្ញ​មួយ​ចំនួន​ដែល​ថា​ ប្រទេស​របស់​ពួកគេ​កែប្រែ​លឿន​ពេក​អំពី​ការ​ប្រែប្រួល​អាកាសធាតុ។ ​យើង​ត្រូវ​យល់​អំពី​ពួកគេ​ ហើយ​ធ្វើ​ការជាមួយ​ពួកគេ​ដើម្បី​កុំ​ឱ្យ​វិធានការ​ធ្ងន់ធ្ងរ​អំពី​ការ​ប្រែប្រួល​អាកាសធាតុ​ប៉ះពាល់​ពួកគេ»។
 
លោក​បាន​បន្ថែម​ថា «យើង​ត្រូវ​បញ្ចុះ​បញ្ចូល​អ្នក​ដែល​បើក​ឡាន​ទៅ​ធ្វើការ​នៅ​រោងចក្រ​រាល់ថ្ងៃ ​ដែល​មិន​អាច​ទិញ​រថយន្ត​ Tesla ​ហើយ​ប្រហែល​មិន​អាច​បង់​ថ្លៃជួល​ផ្ទះ ​ឬ​ចិញ្ចឹម​គ្រួសារបាន​ ប្រសិន​បើ​សាំង​ឡើង​ថ្លៃ»។​
 
សហរដ្ឋ​អាមេរិក​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​បំផ្លាញ​ស្រទាប់​អូហ្សូន​របស់​ផែនដី​ច្រើន​ទី២​បន្ទាប់​ពី​ប្រទេស​ចិន។​ សកម្មជន​ការពារ​អាកាសធាតុ​ជាង​១សែន​នាក់​មកពី​ជុំវិញ​ពិភពលោក​បាន​ដើរ​តាម​ផ្លូវ​នៃ​ទីក្រុង ​Glasgow​ កាលពី​ថ្ងៃសៅរ៍​បង្ហាញ​ការខកចិត្ត​ចំពោះ​លទ្ធផល​នៅ​ឯ​កិច្ច​ពិភាក្សា​ស្តីពី​អាកាសធាតុ ​(COP26)​រហូតដល់​ពេល​នេះ៕​
 
(ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន​The Associated Press Reuters និង Agence France-Presse)

© រក្សាសិទ្ធិដោយ thmeythmey.com