អន្តរជាតិ
លោក Biden ប្រឈមនឹងការអំពាវនាវឱ្យបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង
11, Nov 2021 , 11:29 pm        
រូបភាព
ដោយ: VOA
រដ្ឋបាលលោកប្រធានាធិបតី Joe Biden កំពុងប្រឈមនឹងការអំពាវនាវឱ្យពិនិត្យឡើងវិញនូវទណ្ឌកម្មដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅក្នុងប្រទេសកូរ៉េខាងជើង ទោះបីជារបបលោក Kim Jong Un មិនព្រមចរចាជាមួយសហរដ្ឋអាមេរិក និងបិទព្រំដែនដ៏តឹងរ៉ឹងទាក់ទងនឹងជំងឺរាតត្បាតក៏ដោយ។

 
សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកលោក Edward Markey និងសមាជិករដ្ឋសភាសហរដ្ឋអាមេរិកលោក Andy Levin នៃគណបក្សប្រជាធិបតេយ្យ បានផ្ញើលិខិតទៅលោក Biden ជំរុញឱ្យរដ្ឋបាលលោកបន្ធូរបន្ថយបទប្បញ្ញត្តិរបស់ក្រសួងហិរញ្ញវត្ថុដែលកំហិតការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសកូរ៉េខាងជើង។
 
លោកសមាជិកសភាទាំងពីររូប បានសរសេរលិខិតចុះថ្ងៃទី ៥ ខែវិច្ឆិកាថា «ស្ថានភាពដ៏អាក្រក់នៅកូរ៉េខាងជើង តម្រូវឱ្យសហរដ្ឋអាមេរិកប្តូរគោលនយោបាយដែលរារាំងមិនឱ្យជំនួយមនុស្សធម៌ឯកជននិងបុគ្គលិកមនុស្សធម៌ឯកជនទៅប្រទេសនោះ» នៅពេលព្រំដែនបើកឡើងវិញ។
 
លោក Markey និងលោក Levin អំពាវនាវឱ្យក្រសួងការបរទេសសហរដ្ឋអាមេរិកពន្លឿនលិខិតឆ្លងដែនដែលមានសុពលភាពពិសេសសម្រាប់បុគ្គលិកមនុស្សធម៌អាមេរិក។ លិខិតនេះ កើតឡើងនៅពេលកូរ៉េខាងជើងបានបដិសេធជាទូទៅនូវការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យបន្តកិច្ចពិភាក្សាដែលបានជាប់គាំងចាប់តាំងពីខែតុលាឆ្នាំ ២០១៩ ហើយប្រទេសនេះ រក្សាការបិទព្រំដែន ខណៈបាញ់សាកល្បងមីស៊ីលជាច្រើនដង។ 
 
ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនកាលពីខែមករា ឆ្នាំ២០២០ ដើម្បីបង្ការវីរុសកូរ៉ូណា។ 
 
ភាពឯកោនេះ គួបផ្សំនឹងគ្រោះមហន្តរាយធម្មជាតិ និងសេដ្ឋកិច្ចផែនការមិនល្អ នាំឱ្យមានការខ្វះខាតស្បៀងអាហារជាទូទៅ។
 
វិបត្តិស្បៀងអាហារ
 
កាលពីខែមុន មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានបញ្ជាឲ្យប្រជាជនសន្សំគ្រាប់អង្ករសូម្បីមួយគ្រាប់។ នេះបើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង។
 
របបនេះ ក៏បានជំរុញឱ្យប្រជាជនបរិភោគសាច់ក្ងានខ្មៅកាលពីខែមុន ដោយផ្សព្វផ្សាយថា វា«ឆ្ងាញ់» និងមាន«អាហារូបត្ថម្ភខ្ពស់»។ នេះបើយោងតាម Rodong Sinmun ដែលជាសារព័ត៌មានរដ្ឋឯកោនេះ។ 
 
នៅពេលវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរ លោក Tomás Ojea Quintana អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិអំពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកូរ៉េខាងជើង បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិចារណាបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងដែលប៉ះពាល់ដល់មនុស្សធម៌៕
 
លោក Quintana បានប្រាប់ VOA ភាសាកូរ៉េនៅដើមខែតុលាថា «កំហិតការនាំចូលឥន្ធនៈ គ្រឿងចក្រ និងគ្រឿងបន្លាស់ ប៉ះពាល់ដោយអចេតនាលើសន្តិសុខថាមពល ការដឹកជញ្ជូនស៊ីវិល កសិកម្ម ការថែទាំសុខភាពអនាម័យ។ បម្រាមនាំចេញអាហារសមុទ្រ និងវាយនភណ្ឌ ប៉ះពាល់ការងារធ្វើ។ ទាំងនេះ ប៉ះពាល់សិទ្ធិផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ជនស៊ីវិល»។
 
ថ្មីៗនេះប្រទេសចិន និងរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប. បានអំពាវនាវឱ្យបញ្ចប់ទណ្ឌកម្មដែលហាមឃាត់ការនាំចេញអាហារសមុទ្រ និងវាយនភណ្ឌ។ នៅក្នុងសេចក្តីព្រាងសេចក្តីសម្រេចផ្សព្វផ្សាយក្នុងក្រុមប្រឹក្សានេះ រដ្ឋាភិបាលក្រុងប៉េកាំង និងទីក្រុងមូស្គូបាននិយាយថា គួរតែបន្ធូរបន្ថយទណ្ឌកម្ម «ក្នុងគោលបំណងលើកកម្ពស់ជីវភាពរស់នៅរបស់ជនស៊ីវិល»។ 
 
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រាប់ VOA ភាសាកូរ៉េនៅថ្ងៃអង្គារថា ខ្លួនសង្ឃឹមថា ប្រទេសកូរ៉េខាងជើង បើកចំហទទួលជំនួយអន្តរជាតិ៕
 
Jiha Ham រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។
 
ប្រភព:khmer.voanews.com
អ្នកនិពន្ធ:Christy Lee, VOA News

© រក្សាសិទ្ធិដោយ thmeythmey.com