កីឡាអន្តរជាតិ
អន្តរជាតិ
Bernardo Silva គ្មានឈ្មោះក្នុងក្រុមព័រទុយហ្គាល់ នាជំនួបអៀរឡង់ឡើយ
11, Nov 2021 , 10:29 pm        
រូបភាព
ខ្សែបម្រើ Bernardo Silva នឹងគ្មានវត្តមានជួយក្រុមជម្រើសជាតិព័រទុយហ្គាល់ឡើយ ។ លោក  Fernando Santos គ្រូព័រទុយហ្គាល់ បាននិយាយថា កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានរងរបួសសាច់ដុំពេលកំពុងហ្វឹកហាត់មុនជំនួបជាមួយម្ចាស់ផ្ទះអៀរឡង់នៃការប្រកួតជម្រុះ World Cup 2022 នាម៉ោង២៖៤៥នាទី ឈានចូលថ្ងៃទី១២ វិច្ឆិកា (ម៉ោងកម្ពុជា)។



ខ្សែបម្រើក្លិប Manchester City បានធ្វើការងារធ្ងន់កាលពីជំនួប Manchester Derby ជាមួយបិសាចក្រហម Manchester United ហើយជួយក្រុមមេឃខៀវយកឈ្នះដោយលទ្ធផល ២-០។ នៅថ្ងៃបន្ទាប់រូបគេក៏មិនបានបង្ហាញខ្លួននៅកន្លែងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិឡើយ។
  


ទាក់ទងនឹង Bernardo លោក Santos សង្ឃឹមថារូបគេនឹងអាចចូលលេងវិញបានពេលប្រកួតទល់ស៊ែប៊ី។«ខ្ញុំមិនបានរាប់បញ្ចូលគាត់ឡើយ។ គាត់មានបញ្ហារបួសសាច់ដុំ។ ខ្ញុំមិនគិតថាគាត់អាចលេងបានក្នុងកាលៈទេសៈនេះឡើយ យើងសង្ឃឹមគាត់បានលេងវិញនៅការប្រកួតបន្ទាប់ជាមួយស៊ែប៊ី។» 
 
លោក Santos ប្រាប់ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតទៀតថា Silva មានសភាពហត់នឿយ​ខ្លាំង ព្រោះមានការប្រកួតច្រើន ទើបគេមិនអាចមកហ្វឹកហាត់បាន។ ទោះជាយ៉ាងណា លោក Santos  រំពឹងរូបគេនឹងបានជាពីរបួសឆាប់ៗ។
  


ព័រទុយហ្កាល់ ត្រូវការពិន្ទុខ្លាំងពីការប្រកួតក្នុងទីក្រុង Dublin ជាមួយម្ចាស់ផ្ទះអៀរឡង់នាយប់នេះ។ ក្នុងពូល A ព័រទុយហ្គាល់កំពុងឈរលេខ២ មាន១៦ពិន្ទុ ក្រោមស៊ែប៊ី ១ពិន្ទុដែលមាន ១៧ពិន្ទុឈរលេខ១៕

Tag:
 Bernardo Silva
  Portugal
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com