កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិបនៅ Premier League នាំគ្នាជំទាស់លើផែនការ World Cup ២ឆ្នាំម្តង
12, Nov 2021 , 10:29 pm        
រូបភាព
ក្លិបទាំងអស់នៅក្របខណ្ឌ Premier League បានជំទាស់ជាឯកច្ឆ័ន្ទលើការបង្កើតការប្រកួត World Cup ២ឆ្នាំម្តង រួមទាំងការកែប្រែពេលវេលាសម្រាកអន្តរជាតិ ចាប់ពីឆ្នាំ ២០២៤។ នេះបើតាមប្រធានគ្រប់គ្រងលីគ Richard Masters និយាយថ្ងៃទី១១ ខែវិច្ឆិកា។



ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកកំពុងតែពិចារណាលើគម្រោងកែប្រែរៀបចំព្រឹត្តិការណ៍ World Cup ពី៤ឆ្នាំទៅរយៈពេល២ឆ្នាំម្តង ព្រមទាំងកែប្រតិទិននៃការប្រកួតអន្តរជាតិផ្សេង ចាប់ពីឆ្នាំ២០២៤ តទៅ។
 
ឆ្លើយតបទៅនឹងគម្រោងព្រឹត្តិការណ៍ World Cup ២ឆ្នាំម្តងបែបនេះ លោក Richard Masters បានច្រានចោលទាំងស្រុង ព្រោះវាបង្កើនផលប៉ះពាល់យ៉ាងខ្លាំងដល់កីឡាករ។«កិច្ចប្រជុំមួយដែលមានក្លិបទាំងអស់នៅ Premier league ចូលរួមបានប្តេជ្ញាការពារយ៉ាងតឹងរឹងទៅនឹងការកែប្រែព្រឹត្តិការណ៍ World Cup ៤ឆ្នាំម្តងមកនៅ២ឆ្នាំ។ ព្រមទាំងមិនយល់ស្របលើការកែប្រែពេលវេលាសម្រាក់នៃការប្រកួតអន្តរជាតិចាប់ពីឆ្នាំ២០២៤ តទៅដែរ។ ការផ្លាស់ប្តូរបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់កីឡាករយ៉ាងខ្លាំងក្លាបំផុត»។ លោក Masters បានលើកឡើង។
 
គួរបញ្ជាក់ដែរថា ផែនការរបស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA មួយនេះ ក៏ត្រូវបានច្រានចោលដោយមន្រ្តីជាសមាជិតជាន់ខ្ពស់មួយចំនួនរបស់ខ្លួន ក៏ដូចជាគណគ្រប់គ្រងស្ថាប័នបាល់ទាត់អ៊ឺរ៉ុប UEFA ផងដែរ៕

Tag:
 Premier League
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com