ជាតិ
ការស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប នឹងបញ្ចប់នៅចុងខែធ្នូ ២០២១
14, Nov 2021 , 2:01 pm        
រូបភាព
លោក ស៊ុន​ ចាន់ថុល ចុះត្រួតពីនិត្យការសាងសង់ផ្លូវក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ស៊ុន​ ចាន់ថុល ចុះត្រួតពីនិត្យការសាងសង់ផ្លូវក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន
បើតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធចំនួន៣៨ខ្សែ និងស្តារ-កែលម្អដងស្ទឹងសៀមរាប ខេត្តសៀមរាប  ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៣០វិច្ឆិកា ឆ្នាំ២០២០ នឹងបញ្ចប់ការសាងសងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ។


គម្រោងស្ថាបនានេះ នឹងរួមចំណែកយ៉ាងធំក្នុងការសម្រួលចរាចរណ៍ លើកកម្ពស់សោភ័ណភាពទីក្រុង ទាក់ទាញទេសចរ និងវិនិយោគិន រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ក្រៅពីនេះ ក៏ធានាជំរុញអភិវឌ្ឈក្រុងសៀមរាប ដែលជាតំបន់បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរពិភពលោក ឲ្យក្លាយជាតំបន់ស្នូលនៃប៉ូលអភិវឌ្ឈន៍ជាតិ។ 


 លោក ស៊ុន​ ចាន់ថុល ចុះត្រួតពីនិត្យការសាងសង់ផ្លូវក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន

គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ការស្ថាបនាផ្លូវ៣៨ខ្សែ ដែលមានប្រវែងសរុប ជាង១០០គីឡូម៉ែត្រ សម្រេចបាន ៨៩ភាគរយ រួមមាន ការស្ថាបនាផ្លូវ, ការដំឡើងបរិក្ខាផ្លូវថ្នល់, ការសាងសង់ប្រព័ន្ធទឹកកខ្វក់ និងលូទឹកភ្លៀង។ ក្នុងនោះក៏មានបំពាក់កាមេរ៉ាសុវត្ថិភាព បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ បរិក្ខាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើ។ 
  

ផ្លួវកង់ក្នុងក្រុងសៀមរាប កំពុងស្ថាបនា។រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន 

ទន្ទឹមនឹងនេះ ការស្តារ និងកែលម្អដងស្ទឹងសៀមរាបទាំងសងខាង ចាប់ពីស្ពានរ៉ោករ៉ាកដល់អាងត្រី ដែលមានប្រវែងសរុបជិត១គីឡូម៉ែត្រ សម្រេចបាន ៦៦ភាគរយ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១។ ក្នុងការងារនោះរួមមាន ការរៀបចំហេដ្ឋារចនាតាមដងស្ទឹង ការស្តារ និងកែសម្រួលជម្រាលស្ទឹង ការស្តារភក់ពីបាតស្ទឹង ការទប់ដីមិនបាក់ច្រោះតាមដងស្ទឹង ការសម្អាតនិងពង្រាបដី ការងារបង្វែរលូទឹកកខ្វក់ ការគាស់ដាំកូនឈើឡើងវិញ ការរៀបចំតារាងកីឡាប៉េតង់ និងការរៀបចំខឿនអង្គុយកម្សាន្ត។ ចំពោះការសម្របសម្រួលដោះស្រាយសំណង់បណ្តោះអាសន្នចេញពីដងស្ទឹង សម្រេចបាន១០០ភាគរយ។ 
 


លោក ស៊ុន​ ចាន់ថុល ចុះត្រួតពីនិត្យការសាងសង់ផ្លូវក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន

ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប កំពុងកែប្រែមុខមាត់ថ្មី ក្រោយមានការស្ថាបនាផ្លូវ ថ្នល់ ជាច្រើនខ្សែ រួមទាំងផ្លូវកង់ផងដែរ។ ជាពិសេសសួនមុខអង្គរវត្ត  ដែលមានស្មៅបែតង ផ្កាចម្រុះពណ៌ ដើមឈើខ្ពស់ៗ រួមជាមួយផ្លូវកៅស៊ូថ្មី កំពុងជាទីលំហែពេញនិយមសម្រាប់អ្នកសៀមរាបរាល់ព្រឹក-ល្ងាច រួមទាំងបានទាក់ភ្នែកទេសចរគ្រប់ទិសទីឲ្យមកកម្សាន្តផងដែរ។ សៀមរាបមានសម្រស់ស្រស់ត្រកាលជាងមុន ក្រោយលាក់ខ្លួនជាច្រើនខែ៕   
 

ការសាងសង់ផ្លូវក្រុងសៀមរាប ខេត្តសៀមរាប ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាពពី ក្រសួងសាធារណការ និងដឹកជញ្ជូន


Tag:
 ហេដ្ឋារចនាសម្ព័ន្ធ
  ក្រុងសៀមរាប
  ខេត្តសៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com