អន្តរជាតិ
អ្នកវិភាគមើលឃើញថា ប្រធានាធិបតីចិនពង្រឹងអំណាចក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំចិន
14, Nov 2021 , 9:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: VOA
វ៉ាស៊ីនតោន — នៅក្នុងសប្ដាហ៍នេះ សម័យប្រជុំពេញអង្គលើកទី៦នៃគណបក្សកម្មុយនីស្តិចិននឹងរៀបចំកិច្ចប្រជុំសម្ងាត់រយៈពេល ៤ ថ្ងៃ ដែលគេរំពឹងជាទូទៅថា នឹងបើកផ្លូវឲ្យប្រធានាធិបតីចិនលោក Xi Jinpingបន្តកាន់អំណាចអាណត្តិទី ៣ ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។

 
កិច្ចប្រជុំសម្ងាត់ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ៨ ដល់ទី ១១ ខែវិច្ឆិកានេះ បានប្រមូលផ្ដុំថ្នាក់ដឹកនាំបក្សសរុបប្រមាណ ៤០០ នាក់ ដោយរួមមានទាំងមេបញ្ជាការយោធា ថ្នាក់ដឹកនាំផ្នែកហិរញ្ញវត្ថុ និងអ្នកសិក្សាស្រាវជ្រាវកំពូលៗ ជួបជុំគ្នានៅក្នុងសណ្ឋាគារមួយដែលមានការយាមកាមយ៉ាងតឹងរ៉ឹង នៅក្នុងរដ្ឋធានីប៉េកាំង ដើម្បីពិភាក្សាអំពីអនាគតរបស់ប្រទេសចិន។រាល់សកម្មភាពនៃកិច្ចប្រជុំនេះត្រូវបានរក្សាជាការសម្ងាត់កម្រិតខ្ពស់ ដែលបណ្ដាលឲ្យមានការទស្សន៍ទាយផ្សេងៗគ្នាអំពីលទ្ធផលនៃកិច្ចប្រជុំនេះ។
 
នេះជាកិច្ចប្រជុំលើកចុងក្រោយមុនពេលគណបក្សកុម្មុយនីស្តចិនរៀបចំសមាជបក្សឆ្នាំ ២០២២ ដែលជាព្រឹត្តិការណ៍នយោបាយសំខាន់បំផុតរបស់ប្រទេសចិន ហើយធ្វើឡើងនៅរៀងរាល់ ៥ ឆ្នាំម្ដង។ កិច្ចប្រជុំគណបក្សពេញអង្គនេះត្រូវបានរៀបចំឡើងនៅចន្លោះឆ្នាំធ្វើសមាជ ដែលអនុញ្ញាតឲ្យថ្នាក់ដឹកនាំនានាដោះស្រាយបញ្ហាជាក់លាក់មួយចំនួន។
 
សម្រាប់លោក Xi Jinping  «កិច្ចប្រជុំបក្សពេញអង្គនៅឆ្នាំនេះមានសារៈសំខាន់ជាពិសេសណាស់ ដោយសារតែលោករៀបចំលក្ខខណ្ឌសម្រាប់លោកកាន់អំណាចនៅអាណត្តិទី៣ ក្នុងនាមជាប្រធានគណបក្សកុម្មុយនីស្តចិន មេបញ្ជាការយោធា និងប្រមុខរដ្ឋ ដែលនឹងត្រូវបោះឆ្នោតសម្រេចនៅក្នុងសមាជបក្សនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ»។ នេះបើតាមការលើកឡើងរបស់ក្រុមប្រឹក្សាស្ដីពីយុទ្ធសាស្ត្រភូមិសាស្ត្រ (Council on Geostrategy)មានមូលដ្ឋាននៅចក្រភពអង់គ្លេស។
 
កាលពីថ្ងៃចន្ទ លោក Xi Jinping បានបញ្ចេញរបាយការណ៍មួយដោយបង្ហាញពីការបកស្រាយរបស់លោកអំពី«សមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ជាប្រវត្តិសាស្ត្រដែលគណបក្សសម្រេចបានក្នុងកិច្ចខិតខំប្រឹងប្រែងរយៈពេល១០០ ឆ្នាំ»។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់រដ្ឋចិន។  សេចក្ដីពិស្ដារនៃសេចក្ដីសម្រេចរបស់លោកXi Jinpingត្រូវគេរំពឹងថា នឹងត្រូវបោះពុម្ពផ្សាយបន្ទាប់ពីកិច្ចប្រជុំពេញអង្គបក្សនេះត្រូវបានបញ្ចប់។
 
របាយការណ៍របស់លោក Xi Jinping ពេលនេះគឺជាលើកទី ៣ ហើយដែលមេដឹកនាំចិនរូបនេះបានបង្ហាញអ្វីដែលគេហៅថា «សេចក្ដីសម្រេចអំពីប្រវត្តិសាស្ត្រ»។សេចក្ដីសម្រេចនេះត្រូវគេរំពឹងថានឹងបញ្ជាក់ពីការបន្តកាន់តំណែងរបស់លោក Xi Jinping  ហើយវាបង្ហាញពីទស្សនវិជ្ជារបស់លោកពាក់ព័ន្ធនឹងខួបទី១០០ ឆ្នាំនៃគណបក្សកុម្មុយនីស្តចិន និងជំហរដែលបញ្ជាក់ថា  លោកទំនងជាកាន់អំណាចតទៅមុខទៀតអស់មួយជីវិត។
 
សេចក្ដីសម្រេចលើកទី ១ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គបក្សកាលពីឆ្នាំ ១៩៤៥ បានប្រកាសថា លោក ម៉ៅ សេទុងបានបង្កើតឡើងនូវ«ខ្សែបន្ទាត់នយោបាយត្រឹមត្រូវ»មួយដើម្បីដឹកនាំគណបក្សកុម្មុយនីស្តចិន។ ឯកសារនោះបានជួយឲ្យលោក ម៉ៅ សេទុង ពង្រឹងអំណាចដឹកនាំរបស់លោក ដែលធ្វើឲ្យលោកមានអំណាចពេញលេញនៅពេលលោកប្រកាសបង្កើតសាធារណៈរដ្ឋប្រជាមានិតចិននៅឆ្នាំ ១៩៤៩។
 
លោក Deng Xiaoping ដែលបានបន្តអំណាចពីលោក ម៉ៅ សេទុង ក្នុងនាមជាមេដឹកនាំចិននៅឆ្នាំ ១៩៧៨ បានផ្ដួចផ្ដើមធ្វើសេចក្ដីសម្រេចលើកទីពីរ នៅឆ្នាំ ១៩៨១។ សេចក្ដីសម្រេចដែលមានឈ្មោះថា «សេចក្ដីសម្រេចអំពីបញ្ហានយោបាយជាប្រវត្តិសាស្ត្រជាក់លាក់របស់បក្ស» បានប្រកាសទាត់ចោលការធ្វើបដិវត្តន៍វប្បធម៌  ដោយបានចោទប្រកាន់លោក ម៉ៅ សេទុង ថា ជាអ្នកទទួលខុសត្រូវធំបំផុតសម្រាប់ភាពចលាចល ហើយលោកបានសម្រេចរៀបចំឲ្យប្រទេសចិនធ្វើដំណើរឆ្ពោះទៅរកការធ្វើកំណែទម្រង់សេដ្ឋកិច្ច។
 
ទាំងលោកម៉ៅ សេទុង និង លោក Deng Xiaoping សុទ្ធតែបានកាន់អំណាចរហូតដល់លោកទទួលមរណភាព។ សារព័ត៌មាន Nikkei Asia បានចេញផ្សាយបទវិភាគមួយដែលបង្ហាញថា គន្លងរបស់លោក Xi Jinping គឺប្រហាក់ប្រហែលទៅនឹងគន្លងរបស់លោក ម៉ៅ សេទុង ដែរ។  មួយផ្នែកគឺដោយសារយុទ្ធនាការរបស់លោក Xi Jinping ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បានជួយឲ្យលោកបណ្ដេញសត្រូវរបស់លោកចេញម្ដងមួយៗពីក្នុងបក្ស។
 
បទវិភាគរបស់ Nikkei Asia បានបន្តថា «បើនិយាយឲ្យងាយស្ដាប់ ឯកសារថ្មីនេះបញ្ជាក់ពីលទ្ធភាពរបស់លោក Xi Jinping ក្លាយជាមេដឹកនាំអស្ចារ្យទី៣ នៅក្នុងប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនីស្តចិន»។
 
មិនខុសពីលោក ម៉ៅ សេទុង និង លោក Deng Xiaoping ទេ លោក Xi Jinping ត្រូវបានគេចាត់ទុកថាជា «ស្នូល»នៃគណបក្សកុម្មុនីស្តចិន ដូចមានចែងក្នុងសេចក្ដីបញ្ជាក់មួយកាលឆ្នាំ ២០១៦  បន្ទាប់ពីមានកិច្ចប្រជុំបក្សពេញអង្គស្រដៀងគ្នានេះរយៈពេល៤ ថ្ងៃ។
 
លោក Song Yongyi ដែលជាអ្នកប្រវត្តិសាស្ត្រមានឯកទេសខាងការសិក្សាអំពីបដិវត្តន៍វប្បធម៌ចិន បានបញ្ជាក់ថាឯកសារនៃសេចក្ដីសម្រេចនៅឆ្នាំ១៩៤៥ និងឆ្នាំ១៩៨១ ត្រូវបានគេប្រើប្រាស់ដើម្បីឱបក្រសោបអំណាច និងដើម្បីបង្កើតគោលដៅយុទ្ធសាស្ត្រថ្មីសម្រាប់ប្រទេសចិន។
 
លោក Song Yongyi បានប្រាប់វីអូអេភាសាចិនកុកងឺថា៖ «តាមរយៈសេចក្ដីសម្រេចទាំងពីរនោះ  លោក ម៉ៅ សេទុងនិងលោក Deng Xiaoping បានក្លាយជាមេដឹកនាំមានអំណាចដាច់ខាតក្នុងប្រទេសចិន។  សេចក្ដីសម្រេចនៅឆ្នាំ ១៩៤៥ បានដាក់គោលដៅបង្រួបបង្រួមប្រទេសចិនចំណែកសេចក្ដីសម្រេចឆ្នាំ ១៩៨១ បានដឹកនាំប្រទេសចិនចេញពីសេដ្ឋកិច្ចបិទទ្វារឆ្ពោះទៅកាន់សេដ្ឋកិច្ចបើកចំហ និងកែទម្រង់។  ដូច្នេះ យើងអាចមើលឃើញថា ឯកសារទាំងពីរនេះមានសារៈសំខាន់»។
 
លោក  Song Yongyi  ដែលធ្វើការនៅឯសាកលវិទ្យាល័យរដ្ឋ California និងនៅបណ្ណាល័យ Los Angeles បានបន្ថែមថា  តាមរយៈការអនុម័តសេចក្ដីសម្រេចរបស់លោក  គោលដៅរបស់លោក Xi Jinpingគឺដើម្បីលើករូបលោកឲ្យឈានដល់កម្រិតមួយស្មើនឹងលោក ម៉ៅ សេទុង និងលោក តេង ស៊ាវពីង។
 
លោក  Song Yongyi ថ្លែងដូច្នេះថា៖ «ជាយថាហេតុ ខ្ញុំគិតថា  លោក Xi Jinping នឹងក្លាយជាប្រធានាធិបតីចិនអស់មួយជីវិត»។
 
កាលពីឆ្នាំ ២០១៨  សមាជជាតិប្រជាជនចិន បានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយបានដកចេញការកំណត់អាណត្តិប្រធានាធិបតីចិនដែលមានតែពីរអាណត្តិ។បើទោះបីជាលោក Xi Jinping  ពេលនេះអាចកាន់អំណាចស្របច្បាប់នៅអាណត្តិទី៣ក៏ដោយ ក៏អ្នកវិភាគមួយចំនួនលើកឡើងថា ការធ្វើដូច្នេះតម្រូវឲ្យមានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំគណបក្សកុម្មុយនីស្តចិន។
 
អ្នកស្រី Tai Wei Lim អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានអាស៊ីបូព៌ានៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានថ្លែងប្រាប់សារព័ត៌មាន Al-Jazeera ថា៖  «លោក Xi Jinping ត្រូវការភាពស្របច្បាប់ ដែលយល់ព្រមដោយថ្នាក់ដឹកនាំជួរមុខរបស់បក្ស ដើម្បីកាន់អំណាចនៅអាណត្តិបន្ថែមដែលមិនធ្លាប់មានពីមុន  ជាពិសេសនៅពេលលោកមិនបានធ្វើតាមអនុសញ្ញាស្ដីពីការកំណត់អាណត្តិនៅក្រោយសម័យកាលរបស់លោក ម៉ៅ សេទុង។ ខ្ញុំនិយាយថា វាជាអនុសញ្ញា ពីព្រោះវាមិនមែនជាច្បាប់នោះទេ»។
 
ក្រុមអ្នកជំនាញនិយាយថា  គោលដៅជាយុទ្ធសាស្ត្រសម្រាប់ប្រទេសចិន ដែលរួមមានជំហរអំពីកោះតៃវ៉ាន់ផងនោះ  ប្រហែលជានឹងត្រូវប្រកាសឲ្យដឹងនៅក្នុងឯកសារនេះ ។ រដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថា កោះតៃវ៉ាន់ដែលគ្រប់គ្រងអំណាចដាច់ដោយឡែកដោយខ្លួនឯងនោះ គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន៕
ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ និង នាងស្រេង លក្ខិណា
 

© រក្សាសិទ្ធិដោយ thmeythmey.com