កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អាហ្រ្វិកខាងត្បូងប្តឹងទៅ FIFA ទាមទារប្រកួតជាមួយហ្កាណាឡើងវិញ
16, Nov 2021 , 2:01 pm        
រូបភាព
អាហ្រ្វិកខាងត្បូងនឹងដាក់ពាក្យបណ្តឹងទៅសហព័ន្ធកីឡាបាល់ទាត់អាហ្រ្វិក (CAF) និងស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិខ្លួនចាញ់ក្រុមហ្កាណា ១-០ ទាំងមិនអស់ចិត្តក្នុងការប្រកួតជម្រុះ World Cup ប្រចាំតំបន់អាហ្វ្រិក។ អាហ្រ្វិកខាងត្បូង ចោទអាជ្ញាកណ្តាល កាត់សេចក្តីលម្អៀង និងទាមទារឱ្យមានការប្រកួតឡើងវិញ។



ហ្កាណា បានយកឈ្នះអាហ្រ្វិកខាងត្បូង ១-០ ក្នុងការប្រកួតចុងក្រោយនៃវគ្គជម្រុះពូល G នៅថ្ងៃទី១៤ ខែវិច្ឆិកា​ តាមរយៈការស៊ុតបាល់ពិន័យប៉េណាល់ទីរបស់ Andre Ayew។ លទ្ធផលនេះបានធ្វើឱ្យហ្កាណាឈរលេខ១ក្នុងពូល បានសិទ្ធិបន្តទៅវគ្គ play-off ដើម្បីប្រជែងកៅអីទៅ World Cup នៅកាតាឆ្នាំ២០២២ ខណៈអាហ្រ្វិកខាងត្បូង ហាលអាវជាមួយក្រុម២ទៀត ដែលរួមមានអេត្យូពី និងស៊ីមបាវេ។
 
តាមពិតទៅ អាហ្រ្វិកខាងត្បូងត្រូវការត្រឹមស្មើប៉ុណ្ណោះក្នុងជំនួបទល់នឹងហ្កាណា ដ្បិតពួកគេមានពិន្ទុនាំមុខដល់ទៅ៣ពិន្ទុរួចហើយ។ យ៉ាងណាក៏ដោយ បរាជ័យនេះមិនបានធ្វើឱ្យអាហ្រ្វិកខាងត្បូងអស់ចិត្តឡើយ ដោយពួកគេចោទអាជ្ញាកណ្តាលសេណេហ្គាល់លោក Maguette Ndiaye ថាកាត់សេចក្តីលម្អៀងទៅរកម្ចាស់ផ្ទះ តាមរយៈការផ្តល់បាល់ពិន័យ១១ម៉ែត្រ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
លោក Tebogo Mothlante នាយកប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់អាហ្រ្វិកខាងត្បូង (SAFA) បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងនឹងសរសេរលិខិតទៅកាន់ CAF និង FIFA ដើម្បីស៊ើបអង្កេតជុំវិញការប្រកួតឡើងវិញ និងដោះស្រាយដោយតម្លាភាព។ SAFA ​បាន​ចុះ​ឈ្មោះ​ជាមួយ​គណៈកម្មការ​ប្រកួត​រួច​ហើយ​ដែល​យើង​នឹង​ធ្វើ​ពាក្យ​បណ្តឹង​ជា​ផ្លូវ​ការ»។ 
 
ពាក្យបណ្តឹង SAFA ជំរុញឱ្យ CAF និង FIFA ផ្តល់ការប្រកួតឡើងវិញរវាងម្ចាស់ផ្ទះហ្កាណា និងអាហ្វ្រិកខាងត្បូង ដោយពួកគេមើលឃើញថាអាជ្ញាកណ្តាល និងជំនួយការអាជ្ញាកណ្តាល កាត់សេចក្តីមិនសមហេតុផល ក្រោយផ្តល់បាល់ពិន័យ១១ម៉ែត្រទៅឱ្យហ្កាណា បន្ទាប់ពីកីឡាករកីឡាករ Daniel Amartey ដួលនៅតំបន់គ្រោះថ្នាក់។
អាហ្រ្វិកខាងត្បូង ចោទអាជ្ញាកណ្តាលកាត់សេចក្តីលោក Ndiaye ថាបាន «ប្លន់» យកការប្រកួតរបស់ពួកគេ៕

Tag:
 World Cup
  FIFA
  CAF
© រក្សាសិទ្ធិដោយ thmeythmey.com