កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ថា មិន​បាច់​រក​លេស​អ្វីឡើយ តែ​ត្រូវ​បន្ត​ក្តីសង្ឃឹម​នាំព័រទុយហ្គាល់​ទៅ​កាន់​កាតា​
16, Nov 2021 , 10:29 pm        
រូបភាព
Cristiano Ronaldo ទទួល​ស្គាល់​ការ​ខកចិត្ត​ក្រោយ​ព័រទុយហ្គាល់​បាត់បង់ឱកាស​ទៅ​កាន់​ World Cup 2022 ដោយស្វ័យ​ប្រវត្តិ បន្ទាប់ពី​ចាញ់ស៊ែប៊ី ២-១ ប៉ុន្តែ​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ នៅតែជឿជាក់​ថា ផ្លូវ​ទៅ​កាន់​កាតា​នៅ​តែ​មានសម្រាប់​ក្រុមជម្រើស​ជាតិ​ខ្លួន។



Renato Sanchez បានរកគ្រាប់បាល់១គ្រាប់ជាគ្រាប់ក្តីសង្ឃឹមនាំក្រុមព័រទុយហ្គាល់ឡើងទៅ World Cup ដោយស្វ័យប្រវត្តិ។ តែក្តីសង្ឃឹមក៏ត្រូវបានរសាត់ឆ្ងាយទៅវិញដោយកីឡាករ Dusan Tadic ស៊ុតគ្រាប់តាមស្មើនិងកីឡាករ Aleksandar Mitrovic តែតមួយគ្រាប់ចុងម៉ោងដែល​នាំក្រុមស៊ែប៊ីដណ្តើមកៅអី World Cup 2022 ពីព័រទុយហ្គាល់។ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Ronaldo បានបង្ហាញភាពសោកស្តាយ ប៉ុន្តែ​ព្យាយាម​បង្ហាញទៅ​ក្រុមអ្នកគាំទ្រឲ្យ​បន្តមានជំនឿ​លើ​ក្រុម​សម្រាប់វិថីទៅកាតា។


 
«បាល់ទាត់បង្ហាញយើងពីពេលវេលាម្តងហើយម្តងទៀត ពេលនេះវាគឺជាផ្លូវមួយដ៏លំបាកបំផុតសម្រាប់យើងក្នុងការសម្រេច បាននូវ លទ្ធផលដែលយើងចង់បានបំផុត [World Cup]។» Ronaldo បានសរសេរបែបនេះលើបណ្តាញសង្គម Instagram របស់ខ្លួន។
 
ជាការលើកទឹកចិត្តដល់ក្រុមក៏ដូចជាអ្នកគាំទ្រក្រុមព័រទុយហ្គាល់ផងនោះ Ronaldo នូវតែមានក្តីរំពឹងថា ក្រុមជម្រើសជាតិខ្លួននឹងមានមុខនៅកាតា។ «លទ្ធផលពីម្សិលមិញពិតជាឈឺចាប់ណាស់ ប៉ុន្តែវាមិនអាចឲ្យយើងចុះចាញ់បានឡើយ។ ការងាររបស់យើងគឺត្រូវតែបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup 2022 យើងមានក្តីសង្ឃឹមខ្ពស់។ យើងដឹងថាពួកយើងត្រូវតែទៅទីនោះឲ្យខានតែបាន គ្មានលេសឡើយ ព័រទុយហ្គាល់កំពុងតែធ្វើដំណើរឆ្ពោះទៅកាតាហើយ»។ នេះជាការលើកឡើងរបស់ Ronaldo។


 
គួរបញ្ជាក់ដែរថាសម្រាប់៩ក្រុមដែលត្រូវលេង play-off មាន មានព័រទុយហ្កាល់ ស៊ុយអែត ហ្វាំងឡង់ វេលស៍ ស្កុតឡែន រុស្ស៊ី ម៉ាសេដ្វានខាងជើង ប៉ូឡូញ និងអ៊ីតាលី។ ចំណែកពូល G ដែលនៅសល់១ចុងក្រោយត្រូវកាត់សេចក្តីលើក្រុមចំនួន៣ ដែលរួមមានហូឡង់ តួកគី និងន័រវែស ដែលប្រដេញពិន្ទុគ្នា៕

Tag:
 Cristiano Ronaldo
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com