FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អាហ្សង់ទីន និងហូឡង់ បានកៅអីទៅកាន់ World Cup នៅកាតា
17, Nov 2021 , 9:39 am        
រូបភាព
គិតត្រឹមថ្ងៃនេះ អាហ្សង់ទីន និងហូឡង់ បានក្លាយជាសមាជិកថ្មីបន្ថែមទៀតដែលទទួលបានកៅអីទៅកាន់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ ដោយគិតទាំងផ្ទះម្ចាស់តាកា ក្រុមសរុបចំនួន១៣ហើយដែលទទួលបានកៅអីសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនាឆ្នាំ២០២២ ខាងមុខ។



នាការប្រកួតវគ្គជម្រុះតំបន់ CONMEBOL អាហ្សង់ទីន បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយប្រេស៊ីល ដែលនាំឲ្យពួកគេមានពិន្ទុគ្រប់គ្រាន់សម្រាប់កីឡាទៅកាន់ World Cup 2022 ជាមួយនឹង២៩ពិន្ទុ ហើយក៏ជាក្រុមទី២ក្នុងតំបន់អាម៉េរិកឡាទីន បន្ទាប់ពីប្រេស៊ីល ផងដែរ។

នៅតំបន់អឺរ៉ុបឯណោះវិញ ហូឡង់ បានក្លាយជាក្រុមទី១០ ដែលទទួលបានកៅអីដោយស្វ័យប្រវត្តិ ក្រោយពួកគេយកឈ្នះន័រវេស ២-០។ Steven Bergwijn និង Memphis Depay ជាអ្នកស៊ុតបាល់បញ្ចូលទីនាំជ័យជម្នះសម្រាប់ក្រុម។

មកដល់ពេលនេះ World Cup 2022 រកឃើញ១៣ក្រុមហើយក្នុងចំណោម៣២ក្រុម។ កាតាជាម្ចាស់ផ្ទះមានកៅអីដោយស្វ័យប្រវត្តិ ១០ក្រុមពីអឺរ៉ុប រួមមាន ម្ចាស់ការពារជើងឯកបារាំង ក្រូអាស៊ី បែលហ្ស៊ិក អាល្លឺម៉ង់ ដាណឺម៉ាក អេស្ប៉ាញ ស៊ែប៊ី អង់គ្លេស ស្វីស និងហូឡង់។ ប្រេស៊ីល និងអាហ្សង់ទីន ជាក្រុមពីរដំបូងនៅអាម៉េរិកឡាទីន ដែលបានកៅអី ខណៈតំបន់ផ្សេងទៀតមិនទាន់រកឃើញបេក្ខភាពផ្លូវការឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com