ជាតិ
សង្គមជាតិ
ពលរដ្ឋអាហ្វហ្កានីស្ថាន១៥នាក់ បានមកដល់កម្ពុជា
17, Nov 2021 , 10:14 am        
រូបភាព
ជនជាតិអាហ្វហ្កានីស្ថានចំនួន១៥នាក់ ដែលជាបុគ្គលិកអង្គការអន្តរជាតិមួយនៅអាហ្វហ្កានីស្ថានបានមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ។

 
មន្ត្រីដដែលប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«គាត់(ពលរដ្ឋអាហ្វហ្កានីស្ថាន) មកដល់១៥នាក់ហើយ។ គាត់មិនមែនជនភៀសខ្លួនទេ គាត់មកក្នុងនាមអ្នកសុំសំចតស្រុកយើង ធ្វើបែបបទដើម្បីគាត់ចេញទៅអាម៉េរិកទេ។ គាត់(ពលរដ្ឋអាហ្វហ្កានីស្ថាន) នឹងមកប្រហែល៣០០នាក់»។
 
​ពលរដ្ឋអាហ្វហ្កានីស្ថានទាំងជាង៣០០នាក់នោះ នឹងស្នាក់នៅរយៈពេលប្រមាណ១ឆ្នាំ នៅកម្ពុជា ដើម្បីរៀបចំឯកសារស្នើសុំទៅសហរដ្ឋអាម៉េរិក​ ដែលជាប្រទេសទី៣។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដដែល ដោយលោក បញ្ជាក់បន្ថែមដូច្នេះ៖  «ការស្នាក់នៅក្នុងមួយឆ្នាំ! ក្នុងមួយឆ្នាំហ្នឹងមិនមែនបានទៅទាំងអស់ទេ គឺគាត់ទាក់ទងបណ្តើរៗ អ្នកណាបានមុន ទៅមុនទៅ»។ ​

ចំពោះទីកន្លែងស្នាក់នៅបណ្តោះអាសន្ន នៅរាជធានីភ្នំពេញ ត្រូវបានក្រុមការងាររៀបចំរួចស្រេចហើយ ដើម្បីឱ្យពលរដ្ឋអាហ្វហ្កានីស្ថានទាំងប្រមាណ៣០០នាក់ ដែលនឹងធ្វើដំណើរមកដល់ជាបន្តបន្ទាប់ទៀតនោះ។​
 
ជុំវិញការមកដល់របស់ពលរដ្ឋអាហ្វហ្កានីស្ថាននេះ នៅថ្ងៃទី១៥ ខែវិច្ឆិកា រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន មកស្នាក់នៅបណ្តោះអាសន្ននៅកម្ពុជា។ ក្រុមការងារនេះ មានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន​។  
 
យោងតាមការឯកភាពពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីខែសីហាកកន្លងទៅ ពលរដ្ឋអាហ្វហ្កានី​ស្ថានទាំងនោះ នឹងត្រូវ​ផ្តល់​ទិដ្ឋាការ​នៅពេល​មកដល់កម្ពុជា ហើយ​​ក៏ត្រូវ​ធ្វើតេស្តរ​កកូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​កម្ពុ​ជា​។ ពលរដ្ឋអា​ហ្វ​ហ្កា​នី​ស្ថាន អាច​ប្រើប្រាស់​អត្តសញ្ញាណ​បណ្ណ​សម្គាល់​ខ្លួន សម្រាប់​ធ្វើជា​ឯកសារ​ធ្វើដំណើរ​បាន​៕
 

Tag:
 អាហ្វហ្កានីស្ថាន
 ជនភៀសខ្លួន
 សុខ ផល​
© រក្សាសិទ្ធិដោយ thmeythmey.com