កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាល់ទាត់ស្រ្តីអ៊ីរ៉ង់ រងការចោទថា ដាក់បុរសជាអ្នកចាំទីនាជំនួបទល់ហ្ស៊កដានី
17, Nov 2021 , 3:29 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ស្ត្រីហ្សកដានីចោទប្រកាន់ក្រុមបាល់ទាត់ស្ត្រីអ៊ីរ៉ង់ថា បានដាក់បុរសឱ្យចាំទីអំឡុងការប្រកួតខែតុលាកន្លងទៅ។ ក្រុមជម្រើសជាតិហ្សកដានីក៏ទាមទារឱ្យមានការស៊ើបអង្កេតអំពីការផ្ទៀងផ្ទាត់ភេទឡើងវិញ។


 
Zohreh Koudaei វ័យ៣២ឆ្នាំ បានសង្រ្គោះបាល់ប៉េណាល់ទី២គ្រាប់ជួយក្រុមជម្រើសជាតិនារីអ៊ីរ៉ង់ឈ្នះលទ្ធផល ៤-២ លើក្រុមស្ត្រីហ្សកដានីនាការប្រកួតធ្វើឡើងនៅអ៊ូសបេគីស្ថានកាលពីថ្ងៃទី២៥ តុលាកន្លងទៅ។ ក្រុមជម្រើសជាតិស្រ្តីអ៊ីរ៉ង់បានឈានជើងចូលលេងពានរង្វាន់ Women’s Asian Cup លើកដំបូងរបស់ខ្លួន។
 
ប៉ុន្តែក្រុមហ្ស៊កដានីហាក់មិនអស់ចិត្ត ហើយចោទអ៊ីរ៉ង់ថា ប្រើប្រាស់អ្នកចាំទីជាបុរស។ ព្រះអង្គម្ចាស់ Ali bin al-Hussein ប្រធានសហព័ន្ធបាល់ទាត់របស់ហ្ស៊កដានីបានសរសេរលើបណ្តាញសង្គម Tweet របស់ព្រះអង្គនាថ្ងៃទី៥ ខែវិច្ឆិកាដោយបានស្នើសុំឱ្យមានការត្រួតពិនិត្យផ្ទៀងផ្ទាត់ភេទលើកីឡាការិនី Zohreh Koudaei ពីសំណាក់សហព័ន្ធបាល់ទាត់អាស៊ី (AFC) ។
 
សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់នៅថ្ងៃទី១៤ ខែវិច្ឆិកា បានបដិសេធការចោទប្រកាន់ទាំងស្រុង ហើយថា Koudaei ពិតជាស្ត្រី។ 
 
«Koudaei គឺជាកីឡាការិនីដែលធ្លាប់បានបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ​ក្នុងវគ្គជម្រុះ Women’s Asian Cup កាលពីឆ្នាំ ២០០៨​ និង ២០១០ រួចមកហើយ។ សហព័ន្ធបាល់ទាត់អ៊ីរ៉ង់នឹងសហការផ្តល់រាល់ឯកសារណាដែលពាក់ព័ន្ធលើរឿង Koudaei តាមតែសហព័ន្ធបាល់ទាត់អាស៊ីចង់បាន។» នេះបើតាមការបញ្ជាក់ពីគ្រូបង្វឹកក្រុមស្ត្រីអ៊ីរ៉ង់។
 
ទោះជាយ៉ាងនេះក្តី ព្រះអង្គម្ចាស់ Ali bin al-Hussein នៅតែដាក់ការសង្ស័យ និងទន្ទឹងឱ្យមានការស៊ើបអង្កេតពេញលេញពីភាគីអ៊ីរ៉ង់ក៏ដូចជាសហព័ន្ធបាល់ទាត់អាស៊ីលើរឿងនេះ៕

Tag:
 Iran
  Jordan
© រក្សាសិទ្ធិដោយ thmeythmey.com