កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអាហ្សង់ទីន Scaloni ថា ជាសុបិនដែលឡើងទៅ World Cup ដោយមិនទាន់ចាញ់សោះ
17, Nov 2021 , 10:29 pm        
រូបភាព
លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន អបអរការទទួលបានកៅអីទៅ World Cup នៅកាតា  ខណៈការប្រកួតជម្រុះកន្លងមក អាហ្សង់ទីនមិនទាន់រងបរាជ័យឡើយ។


 
គ្រូបង្វឹកអាហ្សង់ទីន ចាត់ទុកឆ្នាំ២០២១ ជាឆ្នាំដ៏អស្ចារ្យបំផុតដែលអាហ្សង់ទីនបានឈ្នះជើងឯក Copa America ហើយបានឡើងទៅព្រឹត្តិការណ៍ World Cup 2022 នៅកាតាថែមទៀត។ 
ក្រោយទទួលលទ្ធផលស្មើ០-០ ទល់ប្រេស៊ីលពីការប្រកួតថ្ងៃទី ១៧ ខែវិច្ឆិកា អាហ្សង់ទីន បានកក់កៅអីស្វ័យប្រវត្តិទៅកាតានាឆ្នាំ ២០២២ខាងមុខ។ លោក Scaloni គ្រូបង្វឹកអាហ្សង់ទីនវ័យ ៤៣ឆ្នាំសរសើរកូនក្រុមថា នេះជាជោគជ័យធំមួយនិងជាក្តីសុបិនជាយូរមកហើយ។
 
«នេះជាឆ្នាំដ៏អស្ចារ្យមួយសម្រាប់យើង។ យើងបានឈ្នះជើងឯក Copa America ហើយពេលនេះយើងបានឡើងទៅចូលរួមព្រឹត្តិការណ៍ World Cup ដោយ១៣ប្រកួតមិនទាន់ចាញ់នៅឡើយ។ វាជាសុបិនរបស់យើង។ យើងមានមោទនភាពចំពោះរឿងនេះ ព្រោះយើងបានឆ្លងកាត់ការជម្រុះដែលស្វិតស្វាញជាមួយក្រុមដទៃ ប៉ុន្តែយើងទទួលបានកៅអីស្វ័យប្រវត្តិរួចហើយ។» លោក Scaloni និយាយបែបនេះទៅកាន់សន្និសីទព័ត៌មានក្រោយចប់ការប្រកួត។
 
សូមជម្រាបថា ក្រុមចំនួន១៣ មានវត្តមានដោយស្វ័យប្រវត្តិទៅកាតារួមមានម្ចាស់ផ្ទះ ជាមួយ ១០ក្រុមនៅអឺរ៉ុបមានអាល្លឺម៉ង់ បារាំង បែលហ្ស៊ិក ដាណឺម៉ាក ស្វ៊ីស ស៊ែប៊ី អេស្ប៉ាញ ក្រូអាស៊ី អង់គ្លេស និងហូឡង់។ ចំណែកក្រុមដែលមកពី CONMEBOL មាន២ក្រុមគឺ ប្រេស៊ីល និងអាហ្សង់ទីន៕

Tag:
 World Cup 2022
  Lionel Scaloni
© រក្សាសិទ្ធិដោយ thmeythmey.com