អន្តរជាតិ
កង្វល់អំពីអតិផរណា អាចរារាំងរបៀបវារៈគម្រោងចំណាយរបស់លោក Biden
18, Nov 2021 , 8:29 am        
រូបភាព
គណៈកម្មាធិការ​នីតិកម្ម​​របស់​រដ្ឋសភាអាមេរិក ចាប់ផ្តើម​ធ្វើការ​លើ​របៀបវារៈ​ក្នុងស្រុក​ដ៏​ទូលំទូលាយ​របស់​លោក​ប្រធានាធិបតី Joe Biden ដែល​ជា​​ច្បាប់​ចំណាយ​ហៅថា​​ Build Back Better Act
គណៈកម្មាធិការ​នីតិកម្ម​​របស់​រដ្ឋសភាអាមេរិក ចាប់ផ្តើម​ធ្វើការ​លើ​របៀបវារៈ​ក្នុងស្រុក​ដ៏​ទូលំទូលាយ​របស់​លោក​ប្រធានាធិបតី Joe Biden ដែល​ជា​​ច្បាប់​ចំណាយ​ហៅថា​​ Build Back Better Act
ដោយ: VOA
រដ្ឋធានីវ៉ាស៊ីនតោន — កំណើនអតិផរណានៅសហរដ្ឋអាមេរិក ប្រហែលជាកំពុងរារាំងកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាធិបតេយ្យនៅសភាដើម្បីអនុម័តកញ្ចប់ថវិកាចំណាយចុះហត្ថលេខាដោយលោកប្រធានាធិបតី Joe Biden លើបញ្ហាអាកាសធាតុ និងសង្គមមុនដំណាច់ឆ្នាំនេះ។ ទោះបីជាយ៉ាងណា គេមិនច្បាស់ថា តើវិធានការនេះ នឹងបង្កើនតម្លៃទំនិញដែលកំពុងឡើង ឬយ៉ាងណាទេ។

 
សមាជិករដ្ឋសភាគណបក្សប្រជាធិបតេយ្យ កំពុងជំរុញឱ្យមានការបោះឆ្នោតលើច្បាប់ចំណាយហៅថា Build Back Better Act ដើម្បីជំរុញឱ្យមានមានការអនុម័តមុនពេលឈប់សម្រាកបុណ្យរំឭកគុណ Thanksgiving នៅសប្តាហ៍ក្រោយ។ មេដឹកនាំគណបក្សប្រជាធិបតេយ្យសង្ឃឹមថា មានការបោះឆ្នោតលើសេចក្តីស្នើច្បាប់នេះ កាលពីសប្តាហ៍មុន ប៉ុន្តែអ្នកប្រជាធិបតេយ្យកណ្តាលនិយម បានទាមទារឱ្យពន្យារពេលរហូតដល់ការិយាល័យសភាវិភាគថវិកា (CBO) បញ្ចប់ការវិភាគរបស់ខ្លួនអំពីផលប៉ះពាល់របស់ច្បាប់ចំណាយនេះលើថវិកាសហព័ន្ធ។
 
កាលពីថ្ងៃចន្ទការិយាល័យសភាវិភាគថវិកាបាននិយាយថា ការវិភាគរបស់ខ្លួននឹងបញ្ចប់នៅថ្ងៃសុក្រសប្តាហ៍នេះ ដោយបើកផ្លូវសម្រាប់ការបោះឆ្នោត ប្រសិនបើទីភ្នាក់ងារនេះរកឃើញថា កំណើនចំណូលពីគម្រោងចំណាយនេះ អាចទប់ទល់ចំណាយ ដូចដែលអ្នកប្រជាធិបតេយ្យបានសន្យា។
 
កាលពីថ្ងៃចន្ទអំឡុងពិធីចុះហត្ថលេខាលើគម្រោងចំណាយលើហេដ្ឋារចនាសម្ព័ន្ធមានទឹកប្រាក់ចំនួន ១,២ ពាន់ ពាន់លានដុល្លារព្រមព្រៀងដោយគណបក្សទាំងពីរនោះ  លោក Biden បានបង្ហាញក្តីសង្ឃឹមថា ច្បាប់ចំណាយនេះ នឹងត្រូវបានអនុម័ត។
 
នៅក្នុងសុន្ទរកថាថ្លែងនៅលើវាលស្មៅនៅសេតវិមាន លោកប្រធានាធិបតីបាននិយាយថា «ខ្ញុំមានទំនុកចិត្តថា រដ្ឋសភានឹងអនុម័តច្បាប់ចំណាយនេះ ហើយបន្ទាប់មកព្រឹទ្ធសភា នឹងអនុម័តដែរ»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com