អន្តរជាតិ
បណ្ដា​មេដឹកនាំ​នៃ​ប្រទេស​បាត់បង់​ព្រៃឈើ​នៅ​អាស៊ី​មួយ​ចំនួន មិន​បាន​ចូលរួម​ក្នុង​សេចក្ដី​ប្រកាស COP26
18, Nov 2021 , 1:59 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ដោយ: VOA
ទីក្រុងបាងកក — បណ្ដា​ប្រទេស​អាស៊ី​មួយ​ចំនួន​ដែល​រួម​ចំណែក​ដល់​ការ​បាត់បង់​ព្រៃ​ត្រូពិក​ដ៏​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​នៅ​លើ​ពិភពលោក​ មិន​បាន​ចូលរួម​ជាមួយ​នឹង​កិច្ចព្រៀមព្រៀង​សាកល​ថ្មី​មួយ​ដែល​មាន​គោល​បំណង​រារាំង​ការ​បាត់បង់​ព្រៃឈើ​នៅ​ត្រឹម​ចុង​ទសវត្សរ៍​នេះ​ទេ។ សម្រាប់​ប្រទេស​ខ្លះ​ក្នុង​ចំណោម​នោះ​ដែល​បាន​ចូលរួម​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ថ្មី​នេះ​រួច​ហើយ ក៏​គេ​នៅតែ​មាន​មន្ទិល​សង្ស័យ​នៅឡើយ​ចំពោះ​ការ​ប្ដេជ្ញាចិត្ត​របស់​ប្រទេស​ទាំង​នោះ។

 
ប្រទេស​ជាង ១២០ នៅ​លើ​ពិភពលោក​ បាន​ចូលរួម​នៅ​ក្នុង​សេចក្ដី​ប្រកាស​ទីក្រុង Glasgow របស់​មេដឹកនាំ​នានា​ស្ដីពី​ព្រៃឈើ​ និង​ការ​ប្រើប្រាស់​ដីធ្លី (Glasgow Leaders' Declaration on Forests and Land Use) កាលពី​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា ​កន្លង​ទៅ​នេះ នៅ​ឯ​សន្និសីទ​អង្គការ​សហប្រជាជាតិ​លើក​ទី ២៦ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ (COP26) ក្នុង​ប្រទេស​ស្កុតលែន។
 
កិច្ចព្រមព្រៀង​ដែល​មិន​តម្រូវ​តាម​ផ្លូវ​ច្បាប់​នេះ​ តម្រូវ​ឱ្យ​មេដឹកនាំ​ទាំង​នោះ «ធ្វើការ​រួម​គ្នា​ដើម្បី​រារាំង​ និង​ស្ដារ​ឡើង​វិញ​នូវ​ការ​បាត់បង់​ព្រៃឈើ​និង​ការ​សឹក​រិចរឹល​ដី» នៅ​ត្រឹម​ឆ្នាំ ២០៣០ ខាង​មុខ។ ការ​បាត់បង់​ព្រៃឈើ​ និង​ការ​សឹក​រិចរឹល​ដី ​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​ឡើង​កម្ដៅ​ផែនដី។
 
កិច្ចព្រមព្រៀង​នេះ ​មាន​បំណង​ផ្ដល់​ថវិកា​ប្រមាណ ១៩ ពាន់​លាន​ដុល្លារ​អាមេរិក​ដល់​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន​ដើម្បី​គាំទ្រ​ដល់​កិច្ចការ​ណា​ដែល​ជួយ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ឱ្យ​បន្ត​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នេះ។
 
ជារួម តំបន់​អាស៊ី​អាគ្នេយ៍​មាន​ព្រៃ​ត្រូពិក​ជិត ១៥% នៃ​ព្រៃ​ត្រូពិក​ទាំង​អស់​នៅ​លើ​ពិភពលោក។ សកម្មជន​អាកាសធាតុ​គិត​ថា ព្រៃ​ត្រូពិក​នេះ​ អាច​ជួយ​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​ផែនដី​បាន​យ៉ាង​ច្រើន។
 
ប៉ុន្តែ ប្រទេស​ភាគ​ច្រើន​នៅ​ក្នុង​តំបន់​នេះ​ មិន​ទាន់​បាន​ចូលរួម​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​នៅ​ឡើយ​ទេ ដែល​ក្នុង​នោះ​មាន​ដូចជា​ប្រទេស​ឡាវ និង​ប្រទេស​ម៉ាឡេស៊ី​ជាដើម។ ប្រទេស​ទាំង​ពីរ​នេះ ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ចំនួន ១០ ដែល​គេ​ចាត់​ថ្នាក់​ថា​ ជា​ប្រទេស​ដែល​មាន​ការ​បាត់បង់​ព្រៃ​ត្រូពិក​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​កាលពី​ឆ្នាំ​មុន។ នេះ​ បើ​យោង​តាម​វិទ្យាស្ថាន​ធនធាន​ពិភពលោក (World Resources Institute) ដែល​ជា​អង្គការ​ស្រាវជ្រាវ​មួយ​របស់​សហរដ្ឋ​អាមេរិក។
 
ប្រទេស​កម្ពុជា ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ១១ នៅ​ក្នុង​បញ្ជី​ប្រទេស​ដែល​មាន​ការ​បាត់បង់​ព្រៃ​ត្រូពិក​ច្រើន​ជាង​គេ​ខាង​លើ ក៏​មិន​ទាន់​បាន​ចូលរួម​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ​នៅ​ឡើយ​ទេ។
ម៉ាឡេស៊ី​ផ្ដល់​សញ្ញា​ចូលរួម
 
បន្ទាប់ពី​មាន​ការ​រិះគន់​ពី​គណបក្ស​ប្រឆាំង​និង​អង្គការ​សិទ្ធិ​នានា​លើ​ការ​មិន​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត​របស់​ប្រទេស​ម៉ាឡេស៊ី​រួច​មក រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​ថា ខ្លួន​នឹង​ចូលរួម​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ នៅ​ពេល​ណា​នោះ​ទេ។
 
បន្ទាប់ពី​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​គ្មាន​ការ​ចូលរួម​ពី​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ តំណាងរាស្ត្រ​ម៉ាឡេស៊ី​លោក Charles Santiago បាន​សរសេរ​នៅ​លើ Twitter ដោយ​ហៅ​ការ​មិន​ចូលរួម​របស់​ម៉ាឡេស៊ី​នេះ​ថា​ ជា​«សោកនាដកម្ម»។
 
លោក Santiago បាន​ប្រាប់ VOA ថា វា​ជា​រឿង​ល្អ​ដែល​ឥឡូវ​នេះ​រដ្ឋាភិបាល​ម៉ាឡេស៊ី ​បាន​សន្យា​ចូលរួម​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ។ លោក​បាន​រិះគន់​ថា ការ​បាត់បង់​ព្រៃឈើ​ដែល​កើនឡើង​ជា​បន្ត​របស់​ប្រទេស​ម៉ាឡេស៊ី ​គឺជា​មូលហេតុ​ដែល​ជំរុញ​ឱ្យ​មាន​ការ​ខូចខាត​កាន់តែ​ខ្លាំង​ពី​គ្រោះ​ទឹកជំនន់ និង​ជា​មូលហេតុ​ដែល​បាន​បំផ្លិចបំផ្លាញ​ជម្រក​សត្វព្រៃ​ដែល​ងាយ​នឹង​ផុតពូជ​នានា។
 
ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី​ គឺជា​ប្រទេស​ផលិត​ប្រេង​ដូង​ច្រើន​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក។ ដំណាំ​ដូង​ប្រេង​ដែល​ជា​ដំណាំ​អាជីវកម្ម​ត្រូវ​បាន​ដាំដុះ​នៅលើ​ដី​ទំហំ​ធំៗ​ជា​ច្រើន ដែល​ជា​រឿយៗ​នៅ​លើ​ដី​ដែល​ទើប​នឹង​ឈូសឆាយ​ព្រៃ​ហើយ​ថ្មីៗ និង​លើ​ដី​រុក្ខជាតិ​ពុកផុយ ដែល​ជា​កន្លែង​ស្រូប​កាបូន​ដ៏​ច្រើន​មួយ​ទៀត។
 
ទិន្នន័យ​របស់​វិទ្យាស្ថាន​ធនធាន​ពិភពលោក​បាន​បង្ហាញ​ថា ប្រទេស​ទាំង​ពីរ​នេះ​រួម​បញ្ចូល​គ្នា​បាន​បាត់បង់​ព្រៃឈើ​លើ​ផ្ទៃដី​ចំនួន ៣៤៣.០០០ ហិកតា នៅ​ឆ្នាំ ២០២០ ដែល​មាន​ទំហំ​ធំ​ជាង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​ចំនួន​ជាង​ពីរ​ដង។
 
លោក Santiago បាន​និយាយ​ថា ផល​ប្រយោជន៍​ផ្នែក​អាជីវកម្ម​ដ៏​ខ្លាំងក្លា​របស់​ប្រទេស​ម៉ាឡេស៊ី​ស្ទើរតែ​រារាំង​ប្រទេស​នេះ​មិន​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ឆ្នាំ ២០៣០ របស់​សេចក្ដី​ប្រកាស​នៃ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ប្រទេស​ស្កុតលែន​កាលពី​ពេល​ថ្មីៗ​នេះ ប្រសិនបើ​សន្មត​ថា​ ប្រទេស​ម៉ាឡេស៊ី​មិន​ចូលរួម​នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ។
 
ប៉ុន្តែ លោក​បាន​អះអាង​ថា ប្រទេស​ម៉ាឡេស៊ី​ គួរតែ​ចូលរួម​ដើម្បី​ឱ្យ​ប្រទេស​នេះ​មាន​គោលដៅ​ដើម្បី​ប៉ង​សម្រេច​ឱ្យ​បាន និង​ដើម្បី​អាច​ប្រើប្រាស់​ហិរញ្ញប្បទាន​អន្តរជាតិ​បាន។
 
លោក​និយាយ​ដូច្នេះ​ថា៖ «ក្នុង​នាម​ជា​ប្រទេស​មួយ យើង​ត្រូវតែ​ធ្វើ​ការ​សម្រេចចិត្ត...​ថាតើ​យើង​គួរតែ​បន្ត​ធ្វើ​អ្វី​ដែល​យើង​កំពុង​ធ្វើ​សព្វថ្ងៃ ឬ​ក៏​យើង​ចាំបាច់​ត្រូវតែ​គ្រប់គ្រង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ឱ្យ​បាន ជាពិសេស​ទាក់ទិន​នឹង​ការ​បង្កើត​កសិដ្ឋាន​ដំណាំ​ដូង​ប្រេង»។
 
ឥណ្ឌូណេស៊ី​បង្ហាញ​ការ​រារែក
 
អង្គការ​បរិស្ថាន​នានា​ព្រួយបារម្ភ​ថា ផល​ប្រយោជន៍​ផ្នែក​អាជីវកម្ម​នៅ​ទីបំផុត​អាច​បំផ្លាញ​ដល់​កិច្ចព្រមព្រៀង​ខាង​លើ សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី។
 
ប្រទេស​ឥណ្ឌូណេស៊ី​ ក៏​ស្ថិត​ក្នុង​ចំណោម​ប្រទេស​កំពូល​ទាំង ១០ ក្នុង​បញ្ជី​ប្រទេស​បាត់បង់​ព្រៃ​ត្រូពិក​ច្រើន​ជាង​គេ​របស់​វិទ្យាស្ថាន​ធនធាន​ពិភពលោក​ផងដែរ ហើយ​ប្រទេស​នេះ ​បាន​ឈូសឆាយ​ព្រៃ​ត្រូពិក​ចម្បង​កាលពី​ឆ្នាំ ២០២០ ច្រើន​ជាង​ប្រទេស​កម្ពុជា ឡាវ និង​ម៉ាឡេស៊ី​បញ្ចូល​គ្នា​ទៅ​ទៀត។
 
ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo ដែល​គេ​និយម​ហៅ​ថា Jokowi បាន​បញ្ចូល​ប្រទេស​ឥណ្ឌូណេស៊ី​ទៅ​ក្នុង​សេចក្ដី​ប្រកាស​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ខាង​លើ​កាលពី​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា។
 
ប៉ុន្តែ មួយ​ថ្ងៃ​ក្រោយ​មក រដ្ឋមន្ត្រី​បរិស្ថាន​ប្រទេស​ឥណ្ឌូណេស៊ី​អ្នកស្រី Siti Nurbaya Bakar បាន​ហៅ​ការ​ប្ដេជ្ញាចិត្ត​លុប​បំបាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ត្រឹម​ឆ្នាំ ២០៣០ នេះ​ថា «មិន​សមរម្យ​និង​មិន​យុត្តិធម៌»។ ការ​លើកឡើង​ដូច​នេះ​ បាន​បង្ក​ឱ្យ​មាន​មន្ទិល​សង្ស័យ​អំពី​គោល​បំណង​របស់​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ក្នុង​ការ​គោរព​តាម​កិច្ចព្រមព្រៀង​នេះ។
 
អ្នកស្រី​បាន​បញ្ជាក់​នៅ​លើ Facebook ដូច្នេះ​ថា៖ «ការ​បង្ខំ​ប្រទេស​ឥណ្ឌូណេស៊ី​ឱ្យ​លុប​បំបាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ត្រឹម​ឆ្នាំ ២០៣០ គឺពិតជា​មិន​សមរម្យ​និង​មិន​យុត្តិធម៌​នោះ​ទេ»។
អ្នកស្រី​បាន​បន្ថែម​ថា៖ «ការ​អភិវឌ្ឍ​ដ៏​ធំធេង​នៅ​ក្នុង​សម័យ​របស់​លោក​ប្រធានាធិបតី Jokowi នឹង​មិន​អាច​បញ្ឈប់​ដោយ​សំអាង​លើ​ហេតុផល​នៃ​ការ​បញ្ចេញ​សារធាតុ​កាបូន ឬ​ក៏​ហេតុផល​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ឡើយ»។
 
នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​បន្ទាប់ អង្គការ​បរិស្ថាន Greenpeace បាន​ហៅ​ការ​លើកឡើង​របស់​រដ្ឋមន្ត្រី​បរិស្ថាន​ឥណ្ឌូណេស៊ី​រូប​នេះ​ថា ​បាន​ធ្វើ​ឱ្យ​មាន​«ការ​ខកចិត្ត​យ៉ាង​ខ្លាំង»។
លោក Kiki Taufik ប្រធាន​យុទ្ធនាការ​ព្រៃឈើ​ឥណ្ឌូណេស៊ី​នៃ​អង្គការ Greenpeace នេះ បាន​និយាយ​ថា៖ «សម្រាប់​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​រដ្ឋមន្ត្រី​បរិស្ថាន​ដែល​គាំទ្រ​ការ​អភិវឌ្ឍ​ទ្រង់ទ្រាយ​ធំ​តាម​រយៈ​ការ​បំផ្លិចបំផ្លាញ​បរិស្ថាន​ គឺជា​រឿង​ដ៏​គួរ​ឱ្យ​សោកស្ដាយ។ ជាជាង​ការ​ធានា​ការពារ​ភព​ផែនដី​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ប្រទេស​ឥណ្ឌូណេស៊ី​បែរ​ជា​ធ្វើ​រឿង​ផ្ទុយ​បញ្ច្រាស​ពី​នេះ​ទៅវិញ»។
 
ទោះជា​យ៉ាងណា​ក៏ដោយ កាលពី​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា អ្នក​នាំពាក្យ​របស់​លោក​រដ្ឋមន្ត្រី Boris Johnson នៃ​ចក្រភព​អង់គ្លេស បាន​ប្រាប់​សារព័ត៌មាន The Guardian ថា គោល​បំណង​របស់​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ក្នុង​ការ​ស្ដារ​ឡើង​វិញ​នូវ​ការ​បាត់បង់​ព្រៃឈើ​នៅ​ត្រឹម​ឆ្នាំ ២០៣០ ដោយ​ការ​ដាំ​ដើមឈើ​ថ្មី​ឡើង​វិញ​ក្នុង​បរិមាណ​ស្មើ​នឹង​ ឬ​ក៏​ច្រើន​ជាង​ព្រៃឈើ​ដែល​បាន​បាត់បង់​ប្រចាំ​ឆ្នាំ គឺជា​អ្វី​ដែល​ស្រប​ទៅ​នឹង​គោល​បំណង​របស់​កិច្ចព្រមព្រៀង​ខាង​លើ។
 
លោក Mahendra Siregar អនុ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី បាន​ពន្យល់​អំពី​គោល​បំណង​នៃ​ការ​ស្ដារ​ឡើង​វិញ​នូវ​ការ​បាត់បង់​ព្រៃឈើ​របស់​ប្រទេស​ឥណ្ឌូណេស៊ី​នេះ​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា។
 
សារ​ចម្រុះ
 
លោក Arief Wijaya អ្នក​គ្រប់គ្រង​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​ធនធាន​ពិភពលោក​ប្រចាំ​ប្រទេស​ឥណ្ឌូណេស៊ី បាន​ប្រាប់ VOA ថា សារ​ទៅ​វិញ​ទៅ​មក​នេះ ​បាន​បង្កើត​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​អំពី​គោល​បំណង​ពិត​ប្រាកដ​ដែល​សេចក្ដី​ប្រកាស​នៃ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ចង់​ឱ្យ​ប្រទេស​ដែល​ចូលរួម​តាំងចិត្ត​ធ្វើ។
 
លោក​បាន​និយាយ​ថា យុទ្ធសាស្ត្រ​អាកាសធាតុ​រយៈពេល​វែង ដែល​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ដាក់​ជូន​អង្គការ​សហប្រជាជាតិ​កាលពី​ខែ​កក្កដា មិន​មែន​តម្រូវ​ឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី​តាំងចិត្ត​ស្ដារ​ព្រៃឈើ​ឡើង​វិញ​នោះ​ទេ ប៉ុន្តែ​តម្រូវ​ឱ្យ​ប្រទេស​នេះ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ពី​ព្រៃឈើ​ និង​ពី​ការ​ប្រើប្រាស់​ដីធ្លី​ទៅ​ក្នុង​បរិយាកាស​មាន​តុល្យភាព​នៅ​ត្រឹម​ឆ្នាំ ២០៣០។
លោក​បាន​បន្ត​ថា ករណី​នេះ ​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី​ឈូសឆាយ​ព្រៃឈើ​និង​ដី​រុក្ខជាតិ​ពុកផុយ​ច្រើន​ជាង​ការ​ស្ដារ​ឡើងវិញ​នៅ​ត្រឹម​ចុង​ទស្សវត្សរ៍​នេះ ដរាបណា​អ្វី​ដែល​ឥណ្ឌូណេស៊ី​ស្ដារ​ឡើង​វិញ​យ៉ាង​ហោច​ណាស់​អាច​ស្រូប​យក​សារធាតុ​កាបូន​បាន​ច្រើន​ដូច​សារធាតុ​កាបូន​ដែល​ខ្លួន​បាន​បញ្ចេញ។
 
លោក Arief បាន​បញ្ជាក់​ថា ​ចំណុច​នេះ​ គឺ​តម្រូវ​ឱ្យ​ប្រទេស​ឥណ្ឌូណេស៊ី​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​នូវ​អត្រា​បាត់បង់​ព្រៃឈើ​របស់​ខ្លួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ និង​យ៉ាង​ហោចណាស់​តម្រង់​ទិស​ឥណ្ឌូណេស៊ី​ទៅ​រក​«ទិសដៅ​នៃ​ការ​ប្ដេជ្ញា​របស់​សន្និសីទ​អង្គការ​សហប្រជាជាតិ​លើក​ទី ២៦ ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ» និង​ធ្វើ​ឱ្យ​ឥណ្ឌូណេស៊ី​ស្ថិត​នៅ​លើ «គន្លង​ឆ្ពោះ​ទៅរក​ការ​លុប​បំបាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ»។
 
នៅ​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ បាន​កាត់​បន្ថយ​អត្រា​បាត់បង់​ព្រៃឈើ​ប្រចាំ​ឆ្នាំ​របស់​ពួកគេ។
 
ករណី​នេះ​ គឺ​វា​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍។ អត្រា​បាត់បង់​ព្រៃឈើ​របស់​ប្រទេស​កម្ពុជា​ នៅ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​មិន​សូវ​មាន​ការ​ប្រែប្រួល​ខ្លាំង​នៅ​ក្នុង​ឆ្នាំ ២០២០ បន្ទាប់ពី​អត្រា​នេះ​ បាន​កើនឡើង​កាលពី​ឆ្នាំ ២០១៩។ អត្រា​បាត់បង់​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​ឡាវ ​បាន​កើនឡើង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ និង​មាន​កម្រិត​ខ្ពស់​បំផុត​នៅ​ក្នុង​ឆ្នាំ ២០២០ តាំងពី​ពេល​ដែល​វិទ្យាស្ថាន​ធនធាន​ពិភពលោក​ បាន​ចាប់ផ្ដើម​តាមដាន​កាលពី​ឆ្នាំ ២០០១ មក។
 
ដោយ​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ព្រៃ​ត្រូពិក​ជា​រួម​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ​គឺជា​ធនធាន​កាបូន​ដ៏​ធំ​បំផុត​មួយ លោក Arief បាន​បញ្ជាក់​ថា ប្រទេស​នីមួយៗ​សុទ្ធតែ​រួម​ចំណែក​នៅ​ក្នុង​រឿង​នេះ។
 
លោក​បាន​លើកឡើង​ដូច្នេះ​ថា៖ «ប្រសិនបើ​យើង​ជឿ​ថា តំបន់​អាស៊ី​អាគ្នេយ៍...គឺ​ពិតជា​ក្រវាត់​ព្រៃ​ត្រូពិក​ប្រាកដ​មែន ហើយ​វា​មាន​សារៈសំខាន់​សម្រាប់​អាកាសធាតុ​និង​សីតុណ្ហភាព​សាកលលោក ក៏​ដូចជា​មាន​សារៈសំខាន់​ផ្សេងៗ​ទៀត នោះ​ប្រទេស​នីមួយៗ​គួរតែ​ប្ដេជ្ញាចិត្ត ​និង​ចូលរួម​នៅ​ក្នុង​ការ​កាត់​បន្ថយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​នៅ​ក្នុង​ការ​គ្រប់គ្រង​ព្រៃឈើ​របស់​ខ្លួន​ប្រកប​ដោយ​ចីរភាព»៕
 
ប្រែ​សម្រួល​ដោយ​លោក កោះ សុគន្ធី
 
 

© រក្សាសិទ្ធិដោយ thmeythmey.com