ជាតិ
អភិបាលខណ្ឌដង្កោ ឲ្យពលរដ្ឋតាមសណ្តស្ទឹងព្រែកត្នោត ត្រៀមរៀបចំសម្ភារៈ ខណៈកម្ពស់ទឹកហក់ឡើង
18, Nov 2021 , 2:29 pm        
រូបភាព
អភិបាលខណ្ឌដង្កោ ឲ្យពលរដ្ឋតាមសណ្តស្ទឹងព្រែកត្នោត ត្រៀមរៀបចំសម្ភារៈ ខណៈកម្ពស់ទឹកហក់ឡើង
អភិបាលខណ្ឌដង្កោ ឲ្យពលរដ្ឋតាមសណ្តស្ទឹងព្រែកត្នោត ត្រៀមរៀបចំសម្ភារៈ ខណៈកម្ពស់ទឹកហក់ឡើង
ភ្នំពេញ៖ ​លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ប្រាប់ឲ្យពលរដ្ឋរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ត្រៀ​មរៀបចំសម្ភារៈ និងតាមដានស្ថានភាពទឹកជំនន់ជាប្រចាំ ដោយសារទឹកស្ទឹងព្រែកត្នោតបន្តហក់ឡើងជាបន្តបន្ទាប់។

 
លោកស្រី គឹម ញឹម ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃនេះថា ទឹកស្ទឹងព្រែកត្នោតឡើងដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។ ដូច្នេះ ពលរដ្ឋនៅជាប់សណ្ដស្ទឹកព្រែកត្នោត ក្នុងសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ត្រូវត្រៀមរៀបចំទុកដាក់សម្ភារៈ បង្ការការកើតមានទឹកជំនន់។ 
 
អភិបាលខណ្ឌដង្កោថ្លែងយ៉ាងដូច្នេះថា៖ «ទឹកហក់ឡើងជាបន្តបន្ទាប់ ដូច្នេះទើបខ្ញុំប្រកាសឲ្យពលរដ្ឋត្រៀម ទុកដាក់សម្ភារៈ ឲ្យហើយ ពិសេសអ្នកមានផ្ទះជាប់សណ្ដព្រែកត្នោត បង្ការទឹកជំនន់»។ ជាមួយគ្នាដែរ លោកស្រី អំពាវនាវឲ្យពលរដ្ឋតាមដានព័ត៌មានស្ដីពីស្ថានការទឹកជំនន់ពីរដ្ឋបាលខណ្ឌ ក្រសួងធនធាទឹក និងឧតុនិយម រួមស្ថាប័នពាក់ព័ន្ធជាប្រចាំ ដើម្បីត្រៀមខ្លួននិងជៀសផុតគ្រោះថ្នាក់ជាយថាហេតុណាមួយ។ 
 
នៅថ្ងៃទី១៨វិច្ឆិកានេះដែរ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានចុះត្រួតពិនិត្យនិងវាយតម្លៃ ដោយផ្ទាល់នូវស្ថានភាពទឹកហក់ឡើងនៅស្ទឹងព្រែកត្នោតសារជាថ្មី ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃកន្លងមកនេះ។ 
 
ទោះបីសភាពការណ៍មិនទាន់ធ្លាក់ដល់កម្រិតធ្ងន់ធ្ងរយ៉ាងណាក្តី តែរដ្ឋមន្រី្តបានបញ្ជាដល់គ្រប់មុខព្រួញទាំងអស់ បន្តត្រួតពិនិត្យជាប្រចាំតាមគ្រប់គោលដៅ និងប្រើគ្រឿងចក្រដឹកជញ្ជូនដីចាក់បំពេញបន្ថែម ដើម្បីពង្រឹងសារជាថ្មី នៅកន្លែងដែលបាត់បង់ដីដោយសារទឹកជំនន់ នាពេលកន្លងមកផងដែរ។ 
 
ត្រឹមព្រឹកថ្ងៃនេះ ស្ថានភាពទឹកនៅទំនប់៧មករា មានកម្ពស់ ៥,០៥ម៉ែត្រ និងទឹកហូរលើទំនប់បង្ហៀរ ០,២៥ម៉ែត្រ។ ចំណែក ស្ថានភាពនៅប៉ែកខាងក្រោមពុំទាន់មានបញ្ហាប្រឈមនៅឡើយនោះទេ ដោយកម្ពស់ទឹកនៅទាបជាងជំនន់នាពេលកន្លងមក ពោលគឺមានកម្ពស់ ១,១០ម៉ែត្រ ទៅ១,៤០ម៉ែត្រ។ 
 
សូមជម្រាបថា កាលពីចុងខែតុលានេះ ពលរដ្ឋនៅតាមបណ្ដោយស្ទឹងព្រែកត្នោត នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ប្រមាណ២ពាន់គ្រួសារបានរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងម្ដងរួចមកហើយ៕ 

Tag:
 ទឹកជំនន់
  ខណ្ឌដង្កោ
© រក្សាសិទ្ធិដោយ thmeythmey.com