កីឡាជាតិ
ជាតិ
វិសាខាជួបវិបត្តិកីឡាករ នាការប្រកួតសំខាន់ៗចុងក្រោយ
18, Nov 2021 , 6:59 pm        
រូបភាព
ដោយ៖ គឹម មករា

ក្លិបវិសាខា បានយកឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ៦-០ នៃពានសម្ដេច ហ៊ុន សែន កាលពីថ្ងៃទី១៦ វិច្ឆិកា។ អ្វីដែលគួរចាប់អារម្មណ៍នោះ ក្លិបវិសាខា បានឱ្យអ្នកចាំទី កែវ សុខសិលា លេងតួនាទីខ្សែប្រយុទ្ធ នាចុងម៉ោងនៃការប្រកួត។


 
លោក ហុក សុចិត្រា អគ្គលេខាធិការក្លិបវិសាខា បានបញ្ជាក់ថា មូលហេតុដែលក្លិបសម្រេចឱ្យអ្នកចាំទី កែវ សុខសិលា ប្ដូរចូលជំនួសខ្សែប្រយុទ្ធ កែវ សុខផេង នៅនាទី៨៣ នោះ ដោយសារតែក្លិបជួបបញ្ហាវិបត្តិកីឡាករ ដែលកំពុងរងរបួសញាំញី។ ដោយសារតែកីឡាកររបួសច្រើននេះ ទើបក្លិបសម្រេច​ឱ្យ កែវ សុខសិលា ក្នុងចំណោមអ្នកចាំទី៣រូប ប្ដូរចូលលេងតំបន់ប្រយុទ្ធ ខណៈពានរង្វាន់សម្ដេច ហ៊ុន សែន កំណត់​ឱ្យក្លិបនីមួយៗ ដាក់តែកីឡាករខ្មែរ ចូលលេងប៉ុណ្ណោះ ដោយមិនឱ្យមានកីឡាករបរទេសឡើយ។
 
អគ្គលេខាធិការ ក្លឹបវិសាខារូបនេះ បានប្រាប់សារពត៌មានថ្មីៗ ថា៖ «ជាចាំបាច់ យើងត្រូវតែឱ្យកីឡាករដែលរងរបួសខ្លះសម្រាក ដូច្នេះយើងត្រូវតែមានដំណោះស្រាយ សម្រាប់គាត់ ។ ប៉ុន្តែយើងក៏ត្រូវផ្ដោតទៅលើលទ្ធផលដែរ ពីព្រោះយើងមានការប្រកួតសំខាន់ៗទៀតដែរ» ។
 
កីឡាករក្លិបវិសាខា រងរបួសធ្ងន់ជាច្រើននាក់ ក្នុងការប្រកួតកន្លងមក  រួមមាន ស៊ីន កក្កដា ,រស់ សំអឿន , រ៉ឹង ប៊ុនហៀង និងកីឡាករបរទេសមួយរូប Critian Alex ដែលសុទ្ធតែត្រូវការពេលវេលា សម្រាកព្យាបាលរបួសយូរ។ ក្រៅពីនេះ ក៏មានកីឡាកររបួសស្រាល ដែលត្រូវការឱ្យពួកគេ សម្រាកឱ្យបានគ្រប់គ្រាន់ជាច្រើននាក់ទៀតដែរ។ នេះបើតាមលោក ហុក សុចិត្រា។
 
ចំពោះការដាក់អ្នកចាំទី កែវ សុខសិលា លេងទម្រង់ខ្សែប្រយុទ្ធនេះ ក៏មិនមានបំណង មើលងាយគូប្រកួតដែរ។ យោងតាមហ្វេសបុក Keo Sok Sela បានបង្ហោះថា៖ «មិនមែនពួកខ្ញុំមិនគោរពដៃគូទេ ប៉ុន្តែកាលៈទេសៈតម្រូវឱ្យធ្វើបែបនេះ ព្រោះតែកីឡាករខ្មែរយើងមួយចំនួន គាត់មានបញ្ហារបួស ចឹងហើយសូមបងប្អូនទាំងអស់គ្នាមេត្តាយោគយល់» ។
 
គួរបញ្ជាក់ដែរថា វិសាខា នឹងត្រូវប្រកួតចុងក្រោយជាមួយកងយោធពលខេមរភូមិន្ទ នៃក្របខ័ណ្ឌ Metfone Cambodian League នាថ្ងៃទី១៩ វិច្ឆិកា។ ការប្រកួតពានលីគកំពូលនេះ ទំនងជាមិនសូវមានបញ្ហាខ្លាំងទេ ដោយសារតែមានការអនុញ្ញាឱ្យកីឡាករបរទេសចូលរួមប្រកួត។ 
 
នាថ្ងៃទី២២ ខែវិច្ឆិកា វិសាខា ត្រូវជួបជាមួយ បឹងកេត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ នៃពានរង្វាន់សម្ដេច ហ៊ុន សែន ដែលកំណត់ឱ្យតែកីឡាករខ្មែរ ចូលលេងប៉ុណ្ណោះ៕
 
 

Tag:
 ហុក សុចិត្រា
  កែវ សុខសិលា
 វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com