ជាតិ
សេដ្ឋកិច្ច
កម្ពុជា សុំអូស្ត្រាលីឱ្យជួយរៀបចំផែនការមេគ្រប់គ្រងទឹកកខ្វក់ទូទាំងប្រទេស
18, Nov 2021 , 9:59 pm        
រូបភាព
រូបថត៖ក្រសួងសាធារណការ និងដឹកជញ្ជូន
រូបថត៖ក្រសួងសាធារណការ និងដឹកជញ្ជូន
កម្ពុជា បានស្នើសុំឱ្យអូស្ត្រាលី ជួយរៀបចំផែនការសម្រាប់ការគ្រប់គ្រងទឹកកខ្វក់នៅក្នុងខេត្ត ព្រះសីហនុ ក៏ដូចជាផែនការសម្រាប់ការគ្រប់គ្រងទឹកកខ្វក់នៅទូទាំងប្រទេសតែម្តង។ សំណើនេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក ​ Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំ​កម្ពុជា  កាលពីថ្ងៃទី១៧ ខែវិច្ឆិកា។

 
​លោក ស៊ុន ចាន់ថុល បានពន្យល់​បន្ថែមជុំវិញសំណើនេះថា ​កំណើនប្រជាជន និងការ​អភិវឌ្ឍ​សេដ្ឋកិច្ចកាន់តែខ្លាំងរបស់កម្ពុជា បានធ្វើឱ្យទឹកកខ្វក់ត្រូវបានបង្ហូរចេញទៅសមុទ្រដោយផ្ទាល់ ​គ្មានការចម្រោះជាមុន​នោះទេ។ 
បន្ថែមពីលើនេះ ​រដ្ឋមន្ត្រីក្រសួងសាធារណការ បានស្នើ​អូស្ត្រាលី ឱ្យពិនិត្យលទ្ធភាព​គាំទ្រ​​ការបណ្តុះបណ្តាលនៅវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនផងដែរ ដែលវិទ្យាស្ថាននេះ ជាថ្នាលពង្រឹងសមត្ថភាពវិស្វករកម្ពុជា ឱ្យ​អាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការរៀបចំគោលនយោបាយ សម្រាប់ការដឹកជញ្ជូនបៃតង។ ក្រ​សួង នឹងខិតខំពន្លឿននិងលើកទឹកចិត្ត ឱ្យមានការប្រើប្រាស់យានយន្តដើរដោយថា​មពលអគ្គិសនី កាន់តែទូលំទូលាយនៅក្នុងប្រទេស។ នេះជាអះអាងរបស់លោក ស៊ុន ចាន់ថុល។ 


 
​​បើតាមលោក ស៊ុន ចាន់ថុល កម្ពុជាត្រូវការថវិកាប្រមាណ៤៨ពាន់លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោងចំនួន៣៣០ ដែលត្រូវបានកំណត់នៅក្នុងផែនការមេ ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់​ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។
​ជាការឆ្លើយតប លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី បាន​​សន្យាឆ្លើយតប​សំណើទាំងនេះដោយវិជ្ជ​មាន។ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ក៏បានចាប់អារម្មណ៍​លើការអភិវឌ្ឍវិស័យដឹកជញ្ជូនបៃតង ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាផងដែរ៕
 


Tag:
 ទឹកកខ្វក់
 ស៊ុន ចាន់ថុល
  Pablo Kang
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com