ជាតិ
រាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមបើកវគ្គបង្រៀនជំនាញ​ធ្វើម្ហូប និងស្រាក្រឡុក ដល់ពលរដ្ឋខ្មែរ
18, Nov 2021 , 10:29 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុករាជបណ្ឌិត្យសភាកម្ពុជា
រូបថត៖ ហ្វេសប៊ុករាជបណ្ឌិត្យសភាកម្ពុជា
ដោយ:
ភ្នំពេញ៖ រាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាលជំនាញ ម្ហូបអាហារ និងស្រាក្រឡុកដោយផ្ដោតលើគោលការណ៍ចំនួន៤ គឺឆ្ងាញ់ តម្លៃទាប គុណភាព និងស្នាមញញឹម។ ​វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈម្ហូបអាហារ និងភេសជ្ជៈ មានកាហ្វេ និងក្រឡុកស្រា​ ចាប់ពីខែមករា ឆ្នាំ២០២២តទៅ។ បើតាមលោក សុខ ទូច​ ​ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ការបើកវគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីកាត់បន្ថយភាពក្រី​ក្រ។

 
នាថ្ងៃទី១៧វិឆ្ឆិកា​ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា​ បានផ្សព្វផ្សាយពីវគ្គបណ្ដុះបណ្ដាលជំនាញ ម្ហូបអាហារ និងក្រឡុកស្រា ដោយផ្ដោតលើទស្សនវិជ្ជា៤។ ទស្សនទស្សនវិជ្ជាទាំងនោះមាន តម្លៃទាប គឹត្រូវដាំដំណាំ និង ចិញ្ចឹមសត្វក្នុងស្រុក។ ចំណែក ឆ្ងាញ់ មានន័យថាចុងភៅត្រូវមានវិជ្ជាជីវៈ និងជំនាញ ។ គុណភាព គឺសម្ដៅលើ គុណភាពមនុស្ស គុណភាពផលិតផល និង គុណភាពបរិស្ថាន​។ ចំណែក ស្នាមញញឹម គឺមិនមែនតែ ញញឹមលើប្រាសាទបាយ័នប៉ុណ្ណោះ តែស្នាមញញឹមលើម្ហូបអាហារ​។
 
បើតាម លោក សុខ ទូច វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីកសាងជំនាញដល់ប្រជាជនខ្មែរ ដើម្បីរកចំណូលពីភ្ញៀវបរទេស ព្រមទាំងផ្ដល់ជំនាញដល់អ្នកទៅធ្វើការក្រៅប្រទេស ផងដែរ។ លោកសង្កត់ធ្ងន់ថា បើសិនប្រជាពលរដ្ឋខ្មែរ ដែលទៅធ្វើក្រៅប្រទេស ហើយគ្មានជំនាញ ពួកគេមិនអាចធ្វើអ្វីបានក្រៅតែពីប្រើកម្លាំង និងទទួលបានប្រាក់ខែទាបថែមទៀត។
 
ប្រធានរាជបណ្ឌិត្យសភារូបនេះអះអាង ថាការបង្កើតវគ្គបណ្ដុះបណ្ដាលនេះ នឹងជួយកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា។ « អ្នកជំនាញ ត្រូវមានចំណេះរកចំណូល សម្រាប់ចំណាយក្នុងជីវិតគ្រួសារមានភាពរុងរឿង។ ដើម្បីកាត់បន្ថយភាពក្រីក្របានត្រូវមានវិជ្ជាជីវៈ បើគ្មានវិជ្ជាជីវៈគឺយើងមិនអាចឆ្លើយតបនឹងការកាត់បន្ថយភាពក្រីក្រនៅឆ្នាំ២០២៣០បានទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក សុខ ទូច​។
 
សូមជម្រាបដែរថា វគ្គបណ្ដុះបណ្ដាលនេះចែកចេញជា៣ផ្នែក សម្រាប់មេផ្ទះ អាចជ្រើសរើសរៀនម្ហូប២-៣មុខតាមអ្វីដែលខ្លួនចង់ចេះ។ វគ្គ​មធ្យម​ មាន​រយៈ​ពេល​៦​ខែ និង​វគ្គមធ្យម​ឯកទេស​ គឺ​ថ្នាក់​​បរិញ្ញាបត្រ​រង​ មាន​រយៈ​ពេល​២​ឆ្នាំ។ វគ្គបណ្ដុះបណ្ដាលនេះគឺតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាដោយខ្លួនឯង។ លោក សុច ទូច ប្រាប់សារព័ត៌មាន ThmeyThmey កន្លងមកថា​ ការរៀនមិនបង់ថ្លៃធ្វើឱ្យសិស្សមិនខំរៀន ម្យ៉ាងការបើកវគ្គបណ្ដុះបណ្ដាលក៏ត្រូវចំណាយប្រាក់ដែរ៕
 
 

Tag:
 រាជបណ្ឌិត្យសភា
  ម្ហូបអាហារ
 សុខ ទូច
 ស្រាក្រឡុក
 ម្ហូប
 អាហារ
© រក្សាសិទ្ធិដោយ thmeythmey.com