អន្តរជាតិ
សភា​ប៉ាគីស្ថាន អនុម័ត​ច្បាប់​តឹងតែង​ប្រឆាំង​នឹង​ការរំលោភ​សេពសន្ថវៈ
19, Nov 2021 , 8:29 am        
រូបភាព
 អ្នកគាំទ្រ​គណបក្ស​សាសនា និង​នយោបាយ Jamaat-e-Islami កាន់ស្លាក​សញ្ញា​ថ្កោលទោស​ការរំលោភបូក ដែល​បាន​កើតឡើង​នៅ​តាម​ដងផ្លូវ និង​ថ្កោលទោស​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី អំឡុងពេល​បាតុកម្ម​នៅ​ទីក្រុង Karachi ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
អ្នកគាំទ្រ​គណបក្ស​សាសនា និង​នយោបាយ Jamaat-e-Islami កាន់ស្លាក​សញ្ញា​ថ្កោលទោស​ការរំលោភបូក ដែល​បាន​កើតឡើង​នៅ​តាម​ដងផ្លូវ និង​ថ្កោលទោស​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី អំឡុងពេល​បាតុកម្ម​នៅ​ទីក្រុង Karachi ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
ដោយ: VOA
ទីក្រុងអ៊ីស្លាម៉ាបាដ — កាលពី​ថ្ងៃ​ពុធ សមាជិក​សភា​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថ្មី​ប្រឆាំង​នឹង​ការ​រំលោភ​សេពសន្ថវៈ ដែល​នឹង​ជំរុញ​ឱ្យ​មាន​ការ​កាត់ទោស​ឆាប់​រហ័ស​និង​ការ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​គ្រៀវ​ដោយ​ប្រើ​សារធាតុ​គីមី​ផងដែរ ចំពោះ​ជន​ចាប់​រំលោភ។

 
ច្បាប់​នេះ ​គឺជា​ការ​ឆ្លើយតប​ទៅនឹង​ការ​រិះគន់​ជា​សាធារណៈ​ប្រឆាំង​នឹង​ការ​កើនឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នូវ​ហេតុការណ៍​ចាប់​រំលោភ​ស្ត្រី​និង​កុមារ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន និង​ការ​ទាមទារ​កើនឡើង​ឱ្យ​មាន​នូវ​ការ​ទប់ស្កាត់​អំពី​ឧក្រិដ្ឋ​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព។
 
ច្បាប់​នេះ ​តម្រូវ​ឱ្យ​រដ្ឋាភិបាល​បង្កើត​តុលាការ​ពិសេស​នៅ​ទូទាំង​ប្រទេស​ប៉ាគីស្ថាន ដើម្បី​ពន្លឿន​ការ​កាត់ទោស​ជន​សង្ស័យ​ចាប់​រំលោភ និង​ធ្វើការ​សម្រេច​លើ​រឿងក្តី​រំលោភ​ផ្លូវភេទ «ឱ្យ​បាន​លឿន​ក្នុង​រយៈពេល ៤ ខែ»។
 
នៅ​ក្រោម​ច្បាប់​នេះ បញ្ជី​ជន​ចាប់​រំលោភ​ដែល​ជាប់​ទោស​នៅ​ទូទាំង​ប្រទេស​ក៏​នឹង​ត្រូវ​រៀបចំ​រក្សាទុក ផងដែរ ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​ជាតិ​ផ្នែក​ប្រព័ន្ធ​ទិន្នន័យ​និង​ការ​ចុះ​បញ្ជី (National Database and Registration Authority)។
 
អត្តសញ្ញាណ​ជន​រងគ្រោះ​នឹង​ត្រូវបាន​ការពារ ហើយ​ក្រុម​ពិសេស​ប្រឆាំង​នឹង​ការ​ចាប់​រំលោភ​នឹង​ត្រូវ​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ការ​ពិនិត្យ​ផ្នែក​វេជ្ជសាស្ត្រ​ជូន​ជន​រងគ្រោះ​នៅ​ក្នុង​អំឡុងពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក បន្ទាប់ពី​ហេតុការណ៍​ចាប់​រំលោភ​កើតឡើង។
 
អ្នក​ដែល​ត្រូវបាន​រកឃើញ​ថា​មាន​ទោស​ក្នុង​បទ​ឧក្រិដ្ឋ​ចាប់រំលោភ​ជា​ក្រុម​នឹង​ត្រូវ​កាត់ទោស​ប្រហារ​ជីវិត ឬ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ហើយ​សម្រាប់​ជន​ដែល​ប្រព្រឹត្តិ​បទល្មើស​នេះ​ម្តង​ហើយ​ម្តង​ទៀត ជន​នោះ​អាច​ត្រូវ​គ្រៀវ​ដោយ​ប្រើ​សារធាតុ​គីមី។
 
សកម្មជន​សិទ្ធិ​មនុស្ស​នានា​បាន​ស្វាគមន៍​ច្បាប់​ថ្មី​នេះ ក៏ប៉ុន្តែ​បាន​សង្កត់ធ្ងន់​លើ​ភាព​ចាំបាច់​នៃ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ការពារ​សន្តិសុខ​និង​ការ​ផ្តន្ទាទោស ដើម្បី​ធានា​ឱ្យ​មាន​យុត្តិធម៌​សម្រាប់​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​ផ្លូវភេទ​នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com