អន្តរជាតិ
​អាម៉េរិក​និង​ជប៉ុន​ប្រកាស​ភាព​ជា​ដៃគូ​ថ្មី​ផ្នែក​ពាណិជ្ជកម្ម
19, Nov 2021 , 2:22 pm        
រូបភាព
អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោកស្រី Katherine Tai ចូល​រួម​ក្នុង​ពិធី​មួយ​នៅ​ទីក្រុង​ Pittsburgh កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១។
អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោកស្រី Katherine Tai ចូល​រួម​ក្នុង​ពិធី​មួយ​នៅ​ទីក្រុង​ Pittsburgh កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២១។
ដោយ: VOA
វ៉ាស៊ីនតោន — សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​ជប៉ុន​បាន​ប្រកាស​ភាព​ជាដៃគូ​ពាណិជ្ជកម្ម​ថ្មី​មួយ​កាលពីថ្ងៃពុធ ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​បញ្ហា​ការងារ បរិស្ថាន និង​ពាណិជ្ជកម្ម​ឌីជីថល។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

 
អ្នក​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​លោកស្រី Katherine Tai ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុង​តូក្យូ​ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ថ្មីៗ​របស់​ជប៉ុន បាន​និយាយ​ថា ជំនួប​លើក​ដំបូង​នៃ​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​អំពី​បញ្ហា​ពាណិជ្ជកម្ម​នឹង​ធ្វើ​ឡើង​នៅ​ដើម​ឆ្នាំ ២០២២ ដោយ​មាន​ជំនួប​ជា​ទៀងទាត់​ជា​បន្តបន្ទាប់​ទៀត។
 
លោកស្រី Tai បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បាន​ចេញផ្សាយ​ដោយ​ការិយាល័យ​របស់​លោកស្រី​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖ «ភាពជា​ដៃគូ​នេះ​នឹង​ជំរុញ​ទៅ​មុខ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​ដែល​បាន​ចង្អុល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ដ៏​ខ្លាំងក្លា​របស់​យើង»។
 
រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Yoshimasa Hayashi បាន​ប្រាប់​លោកស្រី Tai នៅឯ​ការ​ចាប់ ផ្តើម​ការ​ពិភាក្សា​គ្នា​ក្នុង​ទីក្រុង​តូក្យូ​ថា គោលបំណង​នៃ​ភាពជា​ដៃគូ​នេះ​គឺ​ដើម្បី​ធ្វើ​ឱ្យ​សម្ព័ន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ជប៉ុន​កាន់តែ​ជ្រាលជ្រៅ​ជាង​មុន និង​ដើម្បី​ពង្រឹង​ការ​សម្រប​សម្រួល​ទ្វេភាគី​ក្នុង​គោល​បំណង​សម្រេច​ឱ្យ​បាន​នូវ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​មួយ​ដែល​មាន​លក្ខណៈ​សេរី​និង​បើក​ចំហ។
 
ក្រសួង​ការបរទេស​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ភាពជា​ដៃគូ​ថ្មី នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង២​ធ្វើ​ការពិភាក្សា​អំពី​របៀបវារៈ កិច្ចសហប្រតិបត្តិការ​សាកល​នៅ​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក​និង​ការចរចា​អំពី​បញ្ហា​ពាណិជ្ជកម្ម​ទ្វេភាគី។
 
សហរដ្ឋ​អាមេរិក​និង​ជប៉ុន មាន​គម្រោង​ចាប់ផ្តើម​ការពិភាក្សា​ថ្មី​ដើម្បី​ដោះស្រាយ​អំពី​ការព្រួយ​កង្វល់​អំពី​ពន្ធគយ​សន្តិសុខ​ជាតិ​របស់​សហរដ្ឋ​អាមេរិក​អំពី​ដែក​ថែប​និង​អាលុយមីញ៉ូម៕
 

© រក្សាសិទ្ធិដោយ thmeythmey.com