ជាតិ
អាជ្ញាធរទប់​ច្រាំងនៅ​​ទីតាំងវត្តក្តុល ដើម្បីរារាំង​​ការគំរាមកំហែងពីទឹក​ស្ទឹងព្រែកត្នោត
19, Nov 2021 , 4:06 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ដី​ច្រាំងព្រែកត្នោតប្រហែល១៥ម៉ែត្រនៅទីតាំងវត្តក្តុល​ សង្កាត់សាក់សំពៅ​ ដែលបាក់នៅថ្ងៃទី១៨ ខែវិច្ឆិកា ត្រូវបានទប់ និងរៀបចំការពារ ដើម្បីកុំឱ្យប៉ះពាល់ដល់តំបន់ ឬទីតាំងផ្សេង។ លោក ចាន់ យុត្ថា ថាអាជ្ញាធរប្រឹងទប់ទាំងយប់ ក្នុងគោលបំណងបញ្ឈប់កុំឱ្យដីបាក់បន្ត និងគ្រប់គ្រងស្ថានភាពការគំរាមកំហែងនានា ពីទឹកស្ទឹងព្រែកត្នោត។

 
លោក​ ចាន់ យុត្ថា ​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បានដឹងថា នៅយប់ថ្ងៃទី១៨ ខែវិច្ឆិកា ថា មានករណីបាក់ច្រាំងស្ទឹងព្រែកត្នោត​នៅទីតាំងវត្តក្តុល​ សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ដែលបានប៉ះពាល់ផ្លូវបេតុង​ ខាងក្នុង​ប្រវែង១៥ម៉ែត្រ។ ក្រុមការងាររបស់មន្ទីរធនធានទឹក ​និងឧតុនិយម រួមជាមួយក្រសួងសាធារណៈការនិងដឹកជញ្ជូន បានអន្តរាគមន៍ទប់ជាបណ្ដោះអាសន្នសិន ដើម្បីកុំឱ្យដីបាក់ជាបន្ត និងជាវិធីសាស្រ្តបញ្ចៀសមិនឱ្យមានបញ្ហាហៀរទៅតំបន់ ឬសង្កាត់ផ្សេងៗទៀត។ 

 រូបភាពដោយ ក្រសួងធនធានទឹក និងឧតុនិយម

« ពួកយើងមានកម្លាំងត្រៀម ដែលនៅឈរជើងនៅទីនោះជាស្រេច ដើម្បីប្រតិបត្តិការ​ក្នុងករណីចាំបាច់។ ជាក់ស្ដែងពេលបាក់ច្រាំងយប់មិញ ក្រុមការងារធ្វើការទាំងយប់ ការពារកុំនិងទប់វាកុំឱ្យដីបាក់ត ព្រោះបើកាលណាការពារយឹតពេល វាអាចនឹងប៉ះពាល់ដល់ទាំងតាំង ឬសង្កាត់ផ្សេងទៀត»។ នេះជាការពន្យល់របស់​លោក ចាន់ យុត្ថា។

 រូបភាពដោយ ក្រសួងធនធានទឹក និងឧតុនិយម

ជាមួយគ្នានេះ លោកបានបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតមានកម្ពស់ ៨ម៉ែត្រមិនទាន់ឈានដល់ដំណាក់ការប្រកាសអាសន្នទេ។ ប៉ុន្តែប្រជាពលរដ្ឋដែលនៅតាមទីតាំង ក្នុងសង្កាត់ទាំងប្រាំបួនរួមមាន សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់កំពឹស និងសង្កាត់គងនយ ត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលវេលា ទោះបីជាទឹកមិនទាន់ដល់ថ្នាក់ប្រកាសអាសន្នក៏ដោយ។ 

 រូបភាពដោយ ក្រសួងធនធានទឹក និងឧតុនិយម

«ពេលនេះ យើងព្យាយាមធ្វើយ៉ាងណាគ្រប់គ្រងវា ដើម្បីរក្សាស្ថានភាពទឹកនៅក្នុងស្ទឹងនេះឱ្យបាន។ ជាពិសេសការពង្រឹងសណ្ដរនៅតាមស្ទឹង។ តែយប់មិញមិនមានភ្លៀងទេ ដូច្នេះស្ថានភាពអាចនឹងធូរស្រាលទៅវិញ យ៉ាងហោចណាស់យើងត្រូវការពេល៣៦ឬ ៤៨ម៉ោងទៀតដែរ។ ដូចខ្ញុំបញ្ជាក់ពីមុនអ៊ីចឹង វាមិនមានការគំរាមកំហែងខ្លាំងដូចជាកាលពីមុនដែលមានកម្ពស់ទឹករហូតដល់ទៅ៩.៥៥សង់ទីម៉ែត្រទេ ដោយពេលនេះទឹកទើបមានកម្ពស់៨ម៉ែត្រប៉ុណ្ណោះ»។ នេះជាការបញ្ជាក់របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹកខាងលើ។
 
លោកបានបញ្ជាក់បន្ថែមថា ក្រុមការងាររបស់ក្រសួងធនធានទឹក និងក្រសួងសាធារណៈការកំពុងប្រចាំ ការនៅតាមទីតាំងគោលដៅ ដើម្បីសម្រួលដល់ស្ថានភាពជាក់ស្ដែង ដោយមិនមានការធ្វេសប្រហែសឡើយ៕ 
 

Tag:
 ស្ទឹងព្រែកត្នោត
  ប៉ះពាល់
  ជំនន់
  អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com