ជាតិ
សេដ្ឋកិច្ច
ADB ផ្ដល់កម្ចី១៨០លានដុល្លារសម្រាប់កែលម្អសេវាកម្មទីក្រុង កំពត បាវិត និងប៉ោយប៉ែត
19, Nov 2021 , 9:29 pm        
រូបភាព
ភ្នំពេញ៖ ធានាគារអភិវឌ្ឍន៍អាស៊ី (ADB)  បានផ្ដល់ប្រាក់កម្ចី ១៨០ លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា លើការកែលម្អសេវាកម្មទីក្រុង ដើម្បីជួយដល់ក្រុងចំនួន ៣ នៅ​កម្ពុជា​ ធ្វើឱ្យប្រសើរនូវហេដ្ឋ រចនាសម្ព័ន្ធទីក្រុង និង បង្កើនលទ្ធភាពប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច។

 
ធានាគារអាស៊ី បានលើកឡើងថា គម្រោងនេះ​ នឹងជួយប្រជាពលរដ្ឋជាង ១៤ ម៉ឺននាក់នៅក្រុងបាវិត​ កំពត និង ប៉ោយប៉ែត ឱ្យទទួលបានសេវាគ្រប់គ្រង ទឹកលូ និង​ សំណល់រឹងបានល្អប្រសើរ។ ជាពិសេស នឹងជួយកាត់បន្ថយទឹកជំនន់​ តាមរយៈការស្ដារនូវប្រព័ន្ធបង្ហូរទឹកភ្លៀង ​ និងប្រព័ន្ធលូបង្ហូរទឹកក្នុងទីក្រុង។ គម្រោងនេះក៏មានគោលបំណង ពង្រឹងសមត្ថភាពរដ្ឋបាល ក្រុងក្នុងការផ្តល់សេវាទីក្រុងផងដែរ។
លោកស្រី Wei Kim Swain អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB បានលើកឡើងថា ពលរដ្ឋកម្ពុជាកាន់តែច្រើន បានផ្លាស់លំនៅឋានមកកាន់ទីក្រុង តែលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មទីក្រុង រួមទាំងបរិស្ថានមិនសូវល្អ ​ ​ដែលធ្វើឱ្យជីវភាពរស់នៅកាន់តែពិបាក និង ប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចទីក្រុង។


 
 អ្នកឯកទេសអភិវឌ្ឍន៍ទីក្រុងរបស់ ADB រូបនេះ បានអះអាងដូច្នេះ៖ «គម្រោងនេះនឹងជួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រង​ទឹកស្អាត អនាម័យ កាកសំណល់ និង លើកកម្ពស់កម្រិតជីវភាពជាពិសេស ក្នុងចំណោមគ្រួសារដែលមានប្រាក់ចំណូលទាប ដែលងាយរងគ្រោះផ្នែកសុខភាព ​ សេដ្ឋកិច្ច និង ផលប៉ះពាល់បរិស្ថានដោយសារអនាម័យមិនល្អ។ វាក៏នឹងជួយអាជ្ញាធរក្រុងទាក់ទាញការវិនិយោគវិស័យឯកជន និងបង្កើតការងារផងដែរ»។ 
 
គម្រោងនេះ នឹងគាំទ្រនៅក្រុងបាវិត និងប៉ោយប៉ែត ដល់ការស្តារប្រឡាយដែលមានស្រាប់ និង សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកសំណល់ បណ្តាញលូបង្ហូរទឹកភ្លៀង និង កន្លែងចាក់សំរាម។ រីឯនៅក្រុងកំពត នឹងពង្រីកបណ្តាញលូទឹកស្អុយ​ និងគាំទ្រផែនការសម្រាប់រដ្ឋបាលខេត្ត ដើម្បីពង្រឹងការផ្តល់សេវាកម្មគ្រប់គ្រាន់។


 
គម្រោងនេះ ក៏នឹងបង្កើតផែនទីបង្ហាញផ្លូវ​ ដើម្បីបង្កើនការប្រមូលចំណូលដោយរដ្ឋបាលក្រុង​ ។ ផែនទីបង្ហាញផ្លូវនេះ នឹងរួមបញ្ចូលកំណែទម្រង់ពន្ធគយដើម្បីចំណាយលើប្រតិបត្តិការ និង ការថែទាំទីក្រុង​ និង ផែនការ រួមទាំងការវាយតម្លៃពីការចូលរូមពីវិស័យ​ឯកជន៕ 

Tag:
 ADB
© រក្សាសិទ្ធិដោយ thmeythmey.com